website_news:2018110502

សម្តេចក្រឡាហោម ស ខេង អនុញ្ញាតិឲ្យប្រតិភូចិនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

http://cambodiapolice.com/ 6:26 pm 10 ឧសភា 2018

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យប្រតិភូចិន ដែលដឹកនាំដោយ លោកចិន ស៊ីហ្គូ (CHEN SHIQU) អគ្គនាយករង នៃអគ្គនាយកដ្ឋានស៊ើបអង្កេតព្រហ្មទណ្ឌ ក្រសួងសន្តិសុខសាធារណៈ នៃសាធារណៈរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ ។

ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីកិច្ចជំនួបនោះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា នៅក្នុងកិច្ចជំនួប សម្តេចក្រឡាហោម ស ខេង និងភាគីចិនបានយល់ស្របគ្នាក្នុងការឲ្យមានកិច្ចប្រជុំលើកទី២ នៅប្រទេសកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយបន្ថែមសម្រាប់ជូយដល់ស្រ្តីខ្មែរដែលត្រូវបានជួយញដូរ និងរងគ្រោះនៅប្រទេសចិននោះ ។ លោកជំទាវ បានបន្តថា ភាគីចិន លោក ចិន ស៊ីហ្គូ (CHEN SHIQU) បានស្វាគមន៍ជានិច្ចសម្រាប់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការជួយសង្រ្គោះស្ត្រីខ្មែរ ដែលបានចាញ់បោកមេខ្យល់ឲ្យរៀបការជាមួយបុរសចិនដោយខុសច្បាប់ និងស្រ្តីខ្មែរដែលបានរងគ្រោះពីកត្តាផ្សេងៗនៅប្រទេសចិន ។

លោក ចិន ស៊ីហ្គូ (CHEN SHIQU) បានរំពឹងថាឆ្នាំលើកទី២រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីភាពរីកចំរើន នៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងផែនការសកម្មភាពនេះនឹងទទូលបានជោគជ័យក្នុងការរិះរកផែនការបន្ថែមសម្រាប់ជួយស្រ្តីរងគ្រោះទាំងនោះ ។

បើតាម លោកជំទាវ ជូ ប៊ុនអេង បានឲ្យដឹងថា នៅក្នុងកិច្ចជំនួបនោះ សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរអគុណយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលចិន ដែលបានជួយសហការក្នុងការជួយទប់ស្កាត់ និងជួយសង្រ្គោះស្រ្តីខ្មែរដែលរងគ្រោះនៅប្រទេសចិន ។ យ៉ាងណាក៏ដោយ សម្តេច ក៏បានជម្រុញដល់កិច្ចប្រជុំត្រូវតែធ្វើយ៉ាងម៉េចរិះរកមធ្យោបាយយ៉ាងណាទប់ស្កាត់កុំឲ្យមានករណីស្រ្តីខ្មែររៀបអាពាហ៍ពិពាហ៍ជាមួយបុរសចិនដោយខុសច្បាប់ទៀត ហើយគប្បីរិះរកយ៉ាងណាណែនាំដល់ស្រ្តីទាំងនោះកុំឲ្យចាញ់បោកមេខ្យល់ទៀតផងដែរ ៕

website_news/2018110502.txt · Last modified: 2018/05/11 13:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki