website_news:2018110503

សម្តេចក្រឡាហោម ៖ ប្រើគ្រប់មធ្យោបាយ ទប់ស្កាត់កុំឲ្យមាន ស្ត្រីខ្មែរ រៀបការ ជាមួយបុរសចិន ដោយខុសច្បាប់ទៀត

http://www.cen.com.kh/ May 11, 2018

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាលចិន ត្រូវតែធ្វើយ៉ាងណា រិះរកគ្រប់មធ្យោបាយ ទប់ស្កាត់កុំឲ្យមានករណី ស្ត្រីខ្មែរ រៀបអាពាហ៍ពិពាហ៍ ជាមួយបុរសចិន ដោយខុសច្បាប់ទៀត ហើយគប្បីរិះរកយ៉ាងណា ណែនាំដល់ស្ត្រីទាំងនោះ កុំឲ្យចាញ់បោកមេខ្យល់ទៀត។

ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីកិច្ចជំនួបសម្តេចក្រឡាហោម ស ខេង ជាមួយនឹងប្រតិភូចិន លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា នៅក្នុងកិច្ចជំនួប សម្តេចក្រឡាហោម ស ខេង និងភាគីចិន បានយល់ស្របគ្នា ក្នុងការឲ្យមានកិច្ចប្រជុំលើកទី២ នៅប្រទេសកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយបន្ថែម សម្រាប់ជូយដល់ស្ត្រីខ្មែរ ដែលត្រូវបានជួញដូរ និងរងគ្រោះ នៅប្រទេសចិន ដោយការជួញដូរនិងរៀបអាពាហ៍ពិពាហ៍ ដោយខុសច្បាប់ ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យប្រតិភូចិន ដែលដឹកនាំដោយ លោកចិន ស៊ីហ្គូ (CHEN SHIQU) អគ្គនាយករង នៃអគ្គនាយកដ្ឋានស៊ើបអង្កេតព្រហ្មទណ្ឌ ក្រសួងសន្តិសុខសាធារណៈ នៃសាធារណៈរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ ។

លោកស្រីរដ្ឋលេខាធិការ បានបន្តថា លោក ចិន ស៊ីហ្គូ (CHEN SHIQU) បានស្វាគមន៍ជានិច្ច សម្រាប់កិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ក្នុងការជួយសង្គ្រោះស្ត្រីខ្មែរ ដែលបានចាញ់បោកមេខ្យល់ ឲ្យរៀបអាពាហ៍ពិពាហ៍ ជាមួយបុរសចិន ដោយខុសច្បាប់ និងស្ត្រីខ្មែរ ដែលបានរងគ្រោះ ពីកត្តាផ្សេងៗនៅប្រទេសចិន ។

លោក ចិន ស៊ីហ្គូ បានរំពឹងថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ស្តីពីភាពរីកចម្រើន នៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងផែនការសកម្មភាពនេះនឹងទទូលបានជោគជ័យក្នុងការរិះរកផែនការបន្ថែមសម្រាប់ជួយស្ត្រីរងគ្រោះទាំងនោះ ។ លោកស្រី ជូរ ប៊ុនអេង បានឲ្យដឹងថា សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរអគុណយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលចិន ដែលបានជួយសហការក្នុងការជួយទប់ស្កាត់ និងជួយសង្គ្រោះស្ត្រីខ្មែរដែលរងគ្រោះនៅប្រទេសចិន ៕ ដោយ៖បញ្ញាស័ក្តិ

website_news/2018110503.txt · Last modified: 2018/05/11 13:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki