website_news:2018110504

ផ្ដន្ទាទោសបុរសជប៉ុន និងប្រពន្ធខ្មែរម្នាក់ ដាក់គុកម្នាក់៧ឆ្នាំ រឿងនាំស្ត្រីខ្មែរទៅលក់នៅប្រទេសជប៉ុន

https://www.facebook.com/ApsaraNewsNetwork/ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញ លោក វេង ហត់ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទ បុរសជនជាតិជប៉ុនម្នាក់ និងស្ត្រីខ្មែរជាប្រពន្ធ ដែលពាក់ព័ន្ធករណីនាំស្ត្រីខ្មែរទៅលក់នៅប្រទេសជប៉ុន។

សាលក្រមរបស់តុលាការបានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ Furju Sukumo ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិជប៉ុន ជាប្តី ដាក់ពន្ធនាគារកំណត់រយៈពេល ៧ឆ្នាំ និងបង្គាប់ឲ្យសងជនរងគ្រោះចំនួន ២០លានរៀល និងជនជាប់ចោទឈ្មោះ លឹម លក្ខណា ភេទស្រី អាយុ២៦ឆ្នាំ ជាប្រពន្ធ ដាក់ពន្ធនាគារកំណត់រយៈពេល៧ឆ្នាំ ប៉ុន្តែអនុវត្តទោសត្រឹម ៤ឆ្នាំ ក្នុងពន្ធនាគារទោសសល់ពីនោះត្រូវព្យួរធម្មតា ពីបទជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចន៍ ប្រព្រឹត្តកាលពីអំឡុងខែ សីហា ឆ្នាំ២០១៦ យោងតាមមាត្រា១២ នៃច្បាប់ ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអពើធ្វើអាជីវកម្មផ្លូវភេទ។

យោងតាមប្រភពពីសមត្ថកិច្ចនៃមន្ទីរប្រឆាំងការជួញដូរមនុស្ស បានឲ្យដឹងថា ជនជាប់ចោទទាំង២នាក់ បានសារភាពនៅក្នុងសវនាការថា ពួកគេពិតជាបាន ប្រកាសជ្រើសរើស និងបញ្ជូននារីរងគ្រោះ ចំនួន១០នាក់ ទៅប្រទេសជប៉ុន មែន ប៉ុន្តែរឿង លក់ស្ដ្រីរងគ្រោះឲ្យផ្ទះបននៅប្រទេសជប៉ុន ពួកគេមិនបានដឹងនោះទេ គឺខាងថៅកែនៅប្រទេសជប៉ុនជាអ្នកធ្វើ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចកាលពីពេលចាប់ខ្លួន ជនជាប់ចោទ បានបញ្ជាក់ថា ក្រុមជនជាប់ចោទបានរួមគំនិតគ្នា លួងលោម និងបោកបញ្ឆោតនាំនារីខ្មែរ ចំនួន ១០នាក់ឲ្យទៅធ្វើការនៅប្រទេសជប៉ុន ដោយឲ្យប្រាក់ខ្ចីមុនក្នុងម្នាក់ៗ ៥០០ដុល្លារ។ ក្រុមជនជាប់ចោទ បានសន្យាផ្តល់ការងារដល់ជនរងគ្រោះ នៅប្រទេសជប៉ុន ដែលមានប្រាក់ខែចាប់ពី ៣៥០០ដុល្លារ ទៅដល់៥០០០ដុល្លារ ក្នុង១ខែ។ មិនដូចអ្វីដែលបានសន្យាឡើយ ក្រុមជនជាប់ចោទទាំង៣នាក់ បាននាំនារីរងគ្រោះយកទៅលក់ឲ្យផ្ទះបន ដើម្បីបម្រើផ្លូវភេទទៅវិញ។ ក្រោយមកក្រុមនារីរងគ្រោះបាននាំគ្នាទៅប្ដឹងសមត្ថកិច្ចឲ្យជួយរំដោះចេញពីបននោះបាន និងត្រូវបានអាជ្ញាធរកម្ពុជាជួយនាំមកប្រទេសកំណើតវិញ៕ ដោយ៖ ឡុក សំរិត

website_news/2018110504.txt · Last modified: 2018/05/11 14:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki