website_news:2018110701

មន្ត្រីសិទ្ធិមនុស្សជំរុញឱ្យតុលាការស៊ើបអង្កេតឱ្យច្បាស់ករណីពពោះជំនួសរបស់ស្ត្រីខ្មែរ ៣៣នាក់

https://www.rfa.org/khmer/news/ ដោយ ជី វិតា 2018-07-09

មន្ត្រីសិទ្ធិមនុស្សជំរុញឱ្យតុលាការស៊ើបអង្កេតឱ្យបានច្បាស់លាស់ ជុំវិញសំណុំរឿងពពោះជំនួសរបស់ស្ត្រីខ្មែរចំនួន ៣៣នាក់ ដែលត្រូវបានតុលាការក្រុងភ្នំពេញសម្រេចចោទប្រកាន់ និងឃុំខ្លួនបណ្ដោះអាសន្ននោះ។ មន្ត្រីសិទ្ធិមនុស្សយល់ឃើញថា ស្រី្តទាំងនោះក៏អាចជាជនរងគ្រោះនៃអំពើជួញដូរមនុស្សដែរ ដូច្នេះការចោទប្រកាន់ ឬអាចឈានដល់ការដាក់ទោសទណ្ឌ គឺជារឿងប៉ះពាល់ដល់សិទ្ធិរបស់ពួកគាត់ធ្ងន់ធ្ងរ ខណៈកម្ពុជាមិនទាន់មានច្បាប់ស្ដីពីសេវាពពោះជំនួសនៅឡើយ។

ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា តុលាការគួរតែស៊ើបអង្កេតឱ្យបានច្បាស់លាស់ មុននឹងធ្វើការចោទប្រកាន់លើស្ត្រីខ្មែរមានផ្ទៃពោះចំនួន ៣៣នាក់ ពាក់ព័ន្ធនឹងករណីពពោះជំនួស បើមិនដូច្នេះទេ ពួកគេអាចនឹងក្លាយជាជនរងគ្រោះ ក្នុងសំណុំរឿងព្រហ្មទណ្ឌមួយនេះ។ លោកបន្តថា តុលាការត្រូវតែរកឱ្យឃើញថា ស្ត្រីទាំងនោះ គឺជាអ្នកដែលបានទៅប្រមូលស្ត្រីដទៃទៀតឱ្យមកពពោះ ឬជាអ្នកដែលត្រូវបានគេបញ្ចុះបញ្ចូលឱ្យពពោះ ធ្វើបែបនេះទើបអាចកំណត់បានថា អ្នកណាជាជនល្មើស និងអ្នកណាគឺជាជនរងគ្រោះពិតប្រាកដ៖ «បើយើងមើលទៅ គឺដោយសារតែភាពក្រីក្រ ខ្វះខាតជីវភាពទាំងអស់ហ្នឹងហើយ ទើបបានជាគាត់ស៊ីឈ្នួលពពោះ ដើម្បីទទួលកម្រៃទ្រទ្រង់ជីវភាពគ្រួសារជាដើម។ បើនិយាយឱ្យពិតទៅហាក់ដូចជាស្ត្រីទាំងអស់នេះ គឺជាអ្នករងគ្រោះដែរ ដូច្នេះអ្វីដែលសំខាន់គួរតែស្វែងរកឱ្យអស់នូវជនពាក់ព័ន្ធដែលកេងយកផលចំណេញ ពីស្ត្រីដែលពពោះជំនួសទាំងនេះ។ ខ្ញុំមើលថា ទង្វើបែបនេះ គឺវាហាក់ដូចជាការជួញដូរកុមារ ព្រោះពេលដែលក្មេងកើតមក គេនឹងអាចលក់ដូរក្មេងទាំងអស់ហ្នឹង ហើយមួយទៀតអាចអ្នកដែលមិនមានកូន គាត់ចង់បានការពពោះជំនួសដើម្បីបានកូនយកមកចិញ្ចឹម»។

កាលពីថ្ងៃទី៥ កក្កដា កន្លងទៅ ចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនស្ត្រីខ្មែរមានផ្ទៃពោះចំនួន ៣៣នាក់ ដាក់ពន្ធនាគារព្រៃសបណ្ដោះអាសន្ន ពាក់ព័ន្ធនឹងករណីពពោះជំនួស ក៏ប៉ុន្តែមានតែ ៣២ នាក់ ប៉ុណ្ណោះ ដែលត្រូវស្ថិតក្នុងការឃាត់ខ្លួន ដោយស្ត្រីម្នាក់ទៀតអវត្តមានក្នុងកិច្ចពិភាក្សាដេញដោលចំពោះមុខចៅក្រមស៊ើបសួរ។ មន្ត្រីតុលាការបានប្រាប់សារព័ត៌មានក្នុងស្រុកថា ស្ត្រីទាំងនោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងរាជធានីភ្នំពេញវិញ ដើម្បីងាយស្រួលតាមដានសុខភាពរបស់ពួកគេ។ ស្ត្រីទាំងនោះត្រូវបានចោទប្រកាន់ពីបទ “អំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន” តាមមាត្រា ១៦ នៃច្បាប់ស្ដីពីការបង្ក្រាបការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែលប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ ប្រសិនបើតុលាការសម្រេចថា ពួកគេពិតជាមានទោសមែននោះ។

ស្ត្រីមានផ្ទៃពោះទាំង ៣៣នាក់នោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី២១ មិថុនា កន្លងទៅ ក្នុងប្រតិបត្តិការបង្ក្រាបករណីស៊ីឈ្នួលពពោះជំនួសមួយកន្លែង នៅសង្កាត់ច្រាំងចម្រេះ ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនជាតិចិនម្នាក់ និងខ្មែរ ៤នាក់ ផងដែរ ដែលពួកគេគឺជាមេការ និងជាអ្នកបកប្រែនៃសេវាកម្មពពោះជំនួសនេះ។ ជនជាតិចិន និងខ្មែរ ទាំង ៥នាក់នោះ ត្រូវបានតុលាការចោទប្រកាន់ពីបទជួញដូរមនុស្សឆ្លងដែន និងអន្តរការីរវាងអ្នកសុំកូន និងស្ត្រីពពោះ ហើយកំពុងស្ថិតក្នុងការឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារព្រៃស។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមអាដហុក (ADHOC) លោក សឹង សែនករុណា ថ្លែងថា បទចោទលើស្ត្រីមានផ្ទៃពោះទាំង ៣៣នាក់នោះ ជាបទចោទធ្ងន់ធ្ងរ ខណៈកម្ពុជាមិនទាន់មានច្បាប់ស្ដីពីការពពោះជំនួសនៅឡើយ។ លោកយល់ថា ស្ត្រីខ្មែរទាំងនោះទំនងជាត្រូវបានបញ្ចុះបញ្ចូលឱ្យពពោះជំនួស ជាថ្នូរទទួលបានលុយកាក់ ហើយដោយសារជីវភាពក្រីក្រទើបពួកគាត់សម្រេចចិត្តស៊ីឈ្នួលពពោះជំនួសបែបនេះ។ លោកជឿជាក់ថា ស្ត្រីខ្មែរទាំងនោះប្រាកដជាមិនបានដឹងទេថា ការពពោះជំនួសនេះអាចប្រឈមនឹងបញ្ហាផ្លូវច្បាប់ធ្ងន់ធ្ងរបែបនេះនោះ៖ «ពេលដែលពួកគាត់ធ្វើតាមការបញ្ចុះបញ្ចូល ឬក៏ពួកបរទេសបញ្ចុះបញ្ចូលពួកគាត់ គាត់ក៏ធ្វើតាម ដោយគិតថាគ្មានទោស ប៉ុន្តែស្រាប់តែរឿងទាំងអស់នេះ ទៅជាមានការដាក់ទោសទណ្ឌពួកគាត់បែបនេះ។ វាធ្វើឱ្យមានការរំលោភសិទ្ធិរបស់ពួកគាត់ ហើយវាជារឿងមួយដែលគាត់រងនូវភាពអយុត្តិធម៌ផងដែរ»។

កាលពីអំឡុងឆ្នាំ២០១៦ កន្លងទៅ ស្ត្រីជនជាតិអូស្ត្រាលីម្នាក់ និងពលរដ្ឋខ្មែរ ២នាក់ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនផងដែរពាក់ព័ន្ធនឹងសំណុំរឿងជួលស្ត្រីខ្មែរឱ្យពពោះជំនួសនេះ។ អ្នកទាំង ៣ ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ១៨ ខែ ក្រោមបទចោទ “ធ្វើជាអន្តរការីរវាងអ្នកសុំកូន និងស្ត្រីពពោះ និងសុំឱ្យផ្ដល់ឯកសារដោយទុច្ចរិត” កាលពីដើមខែសីហា ឆ្នាំ ២០១៧ កន្លងទៅ។ បន្ទាប់ពីផ្ទុះឡើងនូវករណីជួលស្ត្រីខ្មែរពពោះនេះ របបក្រុងភ្នំពេញក៏បានចាប់ផ្ដើមរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងសេវាពពោះកូនជំនួស នៅដើមឆ្នាំ ២០១៨ ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះ របបនេះបានប្រកាសពន្យារពេលដាក់សេចក្ដីព្រាងច្បាប់នេះទៅគណៈរដ្ឋមន្ត្រីវិញ ដោយលើកហេតុផលថា ដើម្បីសិក្សាឱ្យកាន់តែលម្អិតថែមទៀត។ លោក អំ សំអាត សន្និដ្ឋានថា ការស៊ីឈ្នួលពពោះជំនួសនេះ អាចកើតមានច្រើនករណីនៅកម្ពុជា ខណៈប្រទេសមួយចំនួនបានចេញច្បាប់ហាមឃាត់សេវានេះរួចទៅហើយ ដូច្នេះរដ្ឋាភិបាលគួរតែពន្លឿនសេចក្ដីព្រាងច្បាប់នេះ ដើម្បីយកទៅអនុវត្តឱ្យបានទាន់ពេលវេលា៖ «ខ្ញុំយល់ថាច្បាប់ប្រភេទនេះហើយ ជាច្បាប់ចាំបាច់ ដែលរដ្ឋាភិបាល ឬរដ្ឋសភាត្រូវតែគិតគូរ និងពិចារណាឱ្យបានឆាប់ ដើម្បីសង្គមជាតិ ដើម្បីការពារផលប្រយោជន៍ស្ត្រី និងកុមារ ឬក៏ការពារសិទ្ធិរបស់ពលរដ្ឋ។ នេះហើយជាការចាំបាច់ដែលយើងត្រូវការឆាប់នោះ»។

របាយការណ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បង្ហាញថា បទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទក្នុងឆ្នាំ២០១៧ មានការកើនឡើង បើប្រៀបធៀបនឹងឆ្នាំ ២០១៦ កន្លងទៅ។ មូលហេតុសំខាន់ដោយសារឧក្រិដ្ឋជនមានល្បិចកលខ្ពស់ ការត្រួតពិនិត្យ និងគ្រប់គ្រងពលករចំណាកស្រុកមិនទាន់បានល្អ និងអសមត្ថភាពរបស់មន្ត្រីមួយចំនួនជាដើម។

ចំណែកក្រសួងការបរទេសអាមេរិកវិញ ក៏រកឃើញដែរថា របបលោក ហ៊ុន សែន នៅមិនទាន់អនុវត្តបានពេញលេញនូវបទដ្ឋានអប្បបរមាស្ដីពីការលុបបំបាត់ការជួញដូរមនុស្សនៅឡើយ ទោះបីជារបបនេះបានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការផ្ដន្ទាទោសអ្នកជួញដូរមនុស្ស និងជួយសម្រួលក្នុងការបញ្ជូនជងរងគ្រោះឱ្យបានវិលត្រឡប់មកកម្ពុជាវិញច្រើនជាងមុនបែបណាក្តី។ របាយការណ៍ស្ដីពីការជួញដូរមនុស្សឆ្នាំ ២០១៨ របស់ក្រសួងការបរទេសអាមេរិក ចេញផ្សាយកាលពីខែមុន បង្ហាញថា បញ្ហាសំខាន់ គឺការរីករាលដាលនៃអំពើពុករលួយ ដែលធ្វើឱ្យការពង្រឹងការអនុវត្តច្បាប់គ្មានប្រសិទ្ធភាព ប៉ះពាល់ដល់ដំណើរការនីតិវិធីតុលាការក្នុងការផន្ទាទោសជនល្មើស និងធ្វើឱ្យប៉ះពាល់ដល់ការផ្តល់សេវាជូនជនរងគ្រោះផងដែរ។ ក្រៅពីនេះរបបលោក ហ៊ុន សែន ក៏មិនបានចេញគោលការណ៍ណែនាំជាផ្លូវការឱ្យប្រើប្រាស់បច្ចេកទេសស៊ើបការណ៍សម្ងាត់ ដើម្បីកម្ចាត់អំពើជួញដូរមនុស្សនេះដែរ ធ្វើឱ្យមន្ត្រីអនុវត្តច្បាប់មិនអាចចាប់ជនល្មើសមកផ្ដន្ទាទោសឱ្យបានច្រើនឡើយ។

លើសពីនេះទៅទៀត របបនេះបានមើលរំលង និងខ្វះការទទួលខុសត្រូវលើបញ្ហានេះ ទើបធ្វើឱ្យអ្នករកស៊ីទុច្ចរិតជាច្រើន បន្តកេងប្រវ័ញ្ចកម្លាំងពលកម្មពលរដ្ឋខ្មែរទូទាំងប្រទេស ធ្វើឱ្យពួកគេផុងខ្លួនកាន់តែជ្រៅទៅក្នុងបញ្ហាបំណុល គ្មានអ្នកជួយដោះស្រាយ។ ក្រសួងការបរទេសអាមេរិកស្នើឱ្យអាជ្ញាធរនៃរបបក្រុងភ្នំពេញ ស៊ើបអង្កេត និងផ្ដន្ទាទោសជនល្មើស និងមន្ត្រីណាដែលឃុបឃិតក្នុងអំពើជួញដូរមនុស្ស ជួញដូរផ្លូវភេទ និងកេងប្រវ័ញ្ចកម្លាំងពលកម្ម ឱ្យបានម៉ឺងម៉ាត់បំផុត៕

website_news/2018110701.txt · Last modified: 2018/07/11 14:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki