website_news:2018110702

សមត្ថកិច្ចថៃចាប់បញ្ជូនពលករខ្មែរធ្វើការខុសច្បាប់ត្រឡប់មកកម្ពុជាកាន់តែច្រើន

https://www.rfa.org/khmer/news/ ដោយ វ៉ែន សុមេធ 2018-07-10

អាជ្ញាធរថៃចាប់ផ្ដើមបញ្ជូនពលករខ្មែរដែលធ្វើការខុសច្បាប់តាមច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជាបណ្ដើៗហើយ ខណៈដែលពលករខ្លះកំពុងភ័យព្រួយខ្លាចត្រឡប់ទៅស្រុកកំណើតវិញ បណ្ដាលឲ្យគ្មានការងារធ្វើដោះស្រាយជីវភាពប្រចាំថ្ងៃ។ មន្ត្រីសង្គមស៊ីវិលនៅខេត្តបន្ទាយមានជ័យ លើកឡើងថា សមត្ថកិច្ចថៃចាប់បញ្ជូនពលករនៅពេលនេះ គឺមិនមែនជារឿងចម្លែកទេ ដោយសារតែនៅកម្ពុជាកំពុងតែដំណើរឃោសនារកសំឡេងឆ្នោត។

ពលករខ្មែរធ្វើការងារនៅប្រទេសថៃអះអាងថា បើទោះជាសព្វថ្ងៃសមត្ថកិច្ចថៃមិនទាន់អនុវត្តច្បាប់លើពលករ ដែលធ្វើការខុសច្បាប់ឲ្យខ្លាំងក្លាក៏ដោយ ក៏ពលករមួយចំនួនភ័យខ្លាច ហើយបាននាំគ្នាត្រឡប់ទៅកម្ពុជាវិញដោយខ្លួនឯងក៏មាន។ តំណាងពលករខ្មែរធ្វើការនៅប្រទេសថៃ លោក លី រតនរស្មី ឲ្យដឹងនៅថ្ងៃទី៩ កក្កដាថា ពលករធ្វើការខុសច្បាប់នៅទីក្រុងបាងកកជាច្រើននាក់ បានត្រឡប់ទៅខ្មែរយ៉ាងប្រញាប់ប្រញាល់ តាំងពីថ្ងៃទី២៩ មិថុនាមក ដោយសារខ្លាចសមត្ថកិច្ចថៃចាប់ដាក់គុក មុននឹងបញ្ជូនត្រឡប់ទៅស្រុកកំណើត។

ចំណែកពលករដែលធ្វើការខុសច្បាប់នៅតំបន់មាត់សមុទ្រភាគខាងកើតរបស់ថៃម្នាក់ទៀត ថ្លែងថា កន្លែងធ្វើការរបស់ពួកគាត់មានពលករខ្មែរប្រមាណ ៤០នាក់ គឺសព្វថ្ងៃពួកគាត់ធ្វើការទាំងភិតភ័យ ហើយម្នាក់ៗមិនហ៊ានចេញដើរទៅណាឆ្ងាយពីកន្លែងធ្វើការនោះទេ។

មន្ត្រីទទួលបន្ទុកទទួលពលរខ្មែរដែលថៃចាប់បញ្ជូនត្រឡប់មកកម្ពុជា ប្រចាំច្រកទ្វាអន្តរជាតិប៉ោយប៉ែត អ្នកស្រី ស៊ិន ណាំយ៉ុង មានប្រសាសន៍ថា មួយរយៈចុងក្រោយនេះសមត្ថកិច្ចថៃ បានចាប់បញ្ជូនពលករត្រឡប់មកកម្ពុជាតាមច្រកប៉ោយប៉ែតមានចំនួនច្រើន ជាងកាលពីខែមិថុនា។ អ្នកស្រីអះអាងទៀតថា កាលពីថ្ងៃទី១ កក្កដា ថៃបញ្ជូនពលករប្រគល់ឲ្យអ្នកស្រីជាង៥០០នាក់ ហើយថ្ងៃក្រោយមកទៀតមាន ៧០នាក់ និងមួយរយនាក់ក្នុងមួយថ្ងៃជាដើម ដែលកាលពីខែមិថុនាភាគច្រើនថៃបញ្ជូនពលករមកប្រមាណពី៨ ទៅ២០នាក់ក្នុងមួយថ្ងៃប៉ុណ្ណោះ

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក ស៊ុំ ច័ន្ទគា លើកឡើងថា សមត្ថកិច្ចថៃបញ្ជូនពលករមកកម្ពុជានៅពេលនេះមិនមានអ្វីចម្លែកទេ ព្រោះដោយសារតែនៅកម្ពុជាគណបក្សនយោបាយកំពុងដំណើរឃោសនារកសំឡេងបោះឆ្នោត។ សព្វថ្ងៃពលករខ្មែរដែលកំពុងធ្វើការងារនៅប្រទេសថៃមានជាង ១លាននាក់ ក្នុងនោះពលករមួយចំនួនធ្វើការងារខុសច្បាប់។

ច្បាប់របស់ក្រសួងការងារថៃ ដែលចាប់អនុវត្តន៍កាលពីថ្ងៃទី១ កក្កដា មកនោះ គឺពលករដែលធ្វើការមិនមានប័ណ្ណអនុញ្ញាតការងារ ឬធ្វើការក្រៅពីសិទ្ធិដែលអាចធ្វើបាន នឹងត្រូវទទួលការផាកពិន័យពី ៥ពាន់បាត ទៅ៥ម៉ឺនបាត ឬប្រមាណពី ១៧០ ទៅ១ពាន់ ៧០០ដុល្លារអាមេរិក ហើយពលករនឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ ហើយហាមឃាត់មិនឱ្យធ្វើការនៅប្រទេសថៃ រយៈពេល ២ឆ្នាំ ដោយគិតចាប់ពីថ្ងៃទទួលពិន័យ។

ចំណែកពលករដែលមានបំណងចង់ទៅធ្វើការនៅប្រទេសថៃ ចាប់ពីថ្ងៃទី១ កក្កដា តទៅ គឺត្រូវទៅធ្វើការតាមរយៈក្រុមហ៊ុនដែលនាំពលករស្របច្បាប់ ដែលក្រសួងការងារកម្ពុជា - ថៃ បានឯកភាពគ្នា តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា (MOU)ប៉ុណ្ណោះ។ ប៉ុន្តែសមត្ថកិច្ចថៃហាក់មិនទាន់ចុះអនុវត្តច្បាប់នេះមកលើពលករខ្មែរតឹងរ៉ឹងនៅឡើយទេ៕

website_news/2018110702.txt · Last modified: 2018/07/11 14:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki