website_news:2018111202

ស្ត្រីម្នាក់នេះមិនធម្មតាទេ.. នារីមិនតិចជាង៣០នាក់រងគ្រោះព្រោះតែគាត់

https://www.khmerload.com/news/ 16:14 December 09, 2018

ខេត្តក្រចេះ ៖ ស្ត្រីជាមេខ្យល់ក្នុងអំពើជួញដូរមនុស្សខុសច្បាប់ឲ្យទៅធ្វើការនៅក្រៅ ប្រទេសម្នាក់ទៀត ត្រូវបានតុលាការឃុំខេត្តក្រចេះ សម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ឋនាគារខេត្ត ក្រោមបទ ចោទ ប្រកាន់ការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លង ដែន។ ស្ត្រីជាខ្យល់ក្នុងអំពើជួញដូរមនុស្សអតីតធ្លាប់ជាបុគ្គលិកក្រុមហ៊ុននាំពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ដែលត្រូវបានរដ្ឋាភិបាលបញ្ឈប់ក្រុមហ៊ុនមិនឲ្យធ្វើអាជីកម្មនោះឈ្មោះ ផូ មឿន អាយុ៣១ឆ្នាំ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានលោក ញិល ប៊ុនលី ចៅក្រម ស៊ើបសួរនៃសាលាដំបូខេត្តក្រចេះ សម្រេចធ្វើការឃុំខ្លួននៅថ្ងៃទី៨ ខែធ្នូ។

ស្នងការរងប្រឆាំងការជួញដូរមនុស្ស និងការពារអនីតជនខេត្ត លោកស្រី វរសេនីយ៍ឯក នៅ រតនា បានប្រាប់ឲ្យដឹងថា ស្ត្រីជាមេខ្យល់រូបនេះ ត្រូវកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួននៅរាជធានីភ្នំពេញ។ ហើយការចាប់ខ្លួនស្ត្រីរូបនេះពីកម្លាំងសមត្ថកិច្ច គឺបានធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ឱពុកម្តាយក្មេងស្រីរងគ្រោះអាយុ២៧ឆ្នាំម្នាក់រស់នៅឃុំចង្ក្រង់ ស្រុកចិត្របុរី ដែលស្ត្រីរូបនេះបានបោកបញ្ឆោតនាងឲ្យទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុននាំពលករតាំងពីឆ្នាំ២០១៤ ហើយរហូតមកទល់នឹងពេលនេះត្រូវបានបាត់ដំណឹង។ បើតាមលោកស្រីស្នងការររងបានឲ្យដឹងទៀតថា ក្រោយការចាប់ខ្លួន និងសាកសួរ នគរ បាលជំនាញបានរកឃើញថា ក្រោយបញ្ចប់ការងារពីបុគ្គលិកក្រុមហ៊ុននាំពលករ ដែលរាជរដ្ឋាភិបាលបានបិទមិនឲ្យមានអាជីវកម្ម ស្ត្រីជាមេខ្យល់រូបនេះ និងបក្សពួក២នាក់ផ្សេងទៀតនៅតែបន្តលួចធ្វើជំនួញ ការនាំនារីទៅក្រៅប្រទេសដោយខុសច្បាប់បន្តទៀត។ លោកស្រីបញ្ជាក់ថា មាននារីចំនួនជាង៣០នាក់ដែលត្រូវបានស្ត្រីជាមេខ្យល់រូបនេះ និង បក្សពូកពីរនាក់ដែលគេចខ្លួនបានបោកបញ្ឆោតពួកគេនាំចេញឲ្យទៅធ្វើការនៅប្រទេសម៉ាឡេស៊ីដោយខុសច្បាប់។ នារីដែលរងគ្រោះទាំងចំនួនជាង៣០នាក់ដែលត្រូវបានពួកគេបាននាំយកចេញក្រៅប្រទេស ក្នុងនោះភាគច្រើនមានរស់នៅខេត្តក្រចេះ ខេត្តកំពង់ចាម និងខេត្តកំពង់ធំ។ លោកស្រីវរសេនីយ៍ឯក នៅ រតនា បានអះអាងថា ចំពោះជន២នាក់ប្តីប្រពន្ធ២នាក់ផ្សេង ទៀតដែលនៅពីក្រោយខ្នងស្ត្រីសង្ស័យលើជំនួញជួញដូរមនុស្សឆ្លងដែននេះ ពេលនេះពួកគេ កំពុងតែគេចខ្លួន ហើយនគរបាលកំពុងតែស្រាវជ្រាវចាប់ខ្លួនផងដែរ៕

website_news/2018111202.txt · Last modified: 2018/12/11 12:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki