website_news:2018111203

ពលរដ្ឋខ្មែរម្នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការផលិតវីដេអូឯកសារ«ម្តាយខ្ញុំលក់ខ្ញុំ»

https://thmeythmey.com/ 08, Dec 2018 , 5:42 pm

លោក រ៉ាត់ រដ្ឋមុនី ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន តាមសំណើររបស់រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ៧ ខែធ្នូ នៅទីក្រុងបាងកក។ អ្នកស្រី ឡុង គីមហ៊ាង ដែលជាភរិយារបស់លោក រដ្ឋមុនី ប្រាប់សារព័ត៌មានថ្មីៗថា ស្វាមីរបស់ខ្លួណ ត្រូវបានចាប់ខ្លួនត្រូវបានចាប់ខ្លួន ដោយសារពាក់ព័ន្ធនឹងការជួយផលិតវីដេអូឯកសារដែលមានចំណងជើងថា«ម្តាយខ្ញុំ លក់ខ្ញុំ» ឲ្យសារព័ត៌មានRT។ អ្នកស្រី ឡុង គីមហ៊ាង ដែលនៅជាមួយស្វាមីគ្រាដែលអាជ្ញាធរថៃចាប់ខ្លួននោះបានបន្តថា ការចាប់ខ្លួននេះកើតឡើង នៅពេលដែលស្វាមី និងអ្នកស្រី ព្យាយាមស្នើសុំទិដ្ឋាការធ្វើដំណើរទៅប្រទេសហូឡង់។

ពាក់ព័ន្ធនឹងការចាប់ខ្លួននេះ អ្នកស្រី ឡុង គីមហ៊ាង បារម្ភថាប្តីរបស់ខ្លួនអាចប្រឈមនឹងការជាប់ពន្ធនាគារព្រោះតែជួយផលិតវីដេអូឯកសារដែលនិយាយពីការពិតដែលកើតឡើងនៅកម្ពុជា ខណៈអាជ្ញាធរថៃកំពុងរៀបចំនីតិវិធី ដើម្បីបញ្ជូនស្វាមីរបស់ខ្លួនមកកម្ពុជាវិញ។ អ្នកស្រី ឡុង គីមហ៊ាង បញ្ជាក់ដូច្នេះ៖«ខ្ញុំជឿថា វីដេអូឯកសារដែលប្តីខ្ញុំជួយផលិតក្នុងនាមជាអ្នកបកប្រែ និងអ្នកសម្ភាសន៍ នោះគឺជារឿងពិត ហើយខ្ញុំបារម្ភថា នៅពេលប្តីខ្ញុំត្រូវបញ្ជូនមកដល់កម្ពុជា គេនឹងដាក់សម្ពាធឲ្យគាត់ឆ្លើយតាមអ្វីដែលគេចង់បាន។ បើគាត់មិនព្រមឆ្លើយតាម គាត់អាចត្រូវជាប់ពន្ធនាគារ»។

ពាក់ព័ន្ធនឹងវីដេអូឯកសារដ៏រស៊ើបនេះ ស្ត្រីជាម្តាយ និងកូនស្រី នៅក្នុងវីដេអូឯកសារនោះក៏ត្រូវបានអាជ្ញាធរប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ហៅទៅសាកសួរផងដែរ។ នៅក្នុងពេលសាកសួរ ពួកគេសារភាពថា បានទទួលប្រាក់២០០ដុល្លារ ជាថ្នូរនឹងការសម្តែងនៅក្នុងវីដេអូឯកសារនោះ។ វាមិនមែនជារឿងពិត ដែលបានកើតឡើងចំពោះពួកគេនោះទេ។ នេះបើតាមកាសែតខ្មែរថាម ដែលបានស្រង់សម្តីលោក កែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ។

គួររំឭកថា វីដេអូឯកសារដ៏រស៊ើបដែលមានចំណងជើង«ម្តាយខ្ញុំ លក់ខ្ញុំ» ត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានរុស្ស៊ីធូដេ(RT) កាលពីអំឡុងខែតុលាកន្លងទៅ។ វីដេអូឯកសារនេះនិយាយពី យុវតីកម្ពុជា ត្រូវបានម្តាយលក់ព្រហ្មចារី ដោយសារតែមានជីវភាពខ្វះខាត៕

website_news/2018111203.txt · Last modified: 2018/12/11 12:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki