website_news:2018111206

ជប៉ុនជោគជ័យអនុម័តច្បាប់អន្តោប្រវេសន៍ថ្មី ដោយបើកទ្វារកាន់តែធំទទួលពលករបរទេស

https://thmeythmey.com/ 09, Dec 2018 , 10:29 pm

ក្រុមបក្សប្រឆាំងជប៉ុន ទាញក្បាលមេក្រូពីប្រធានសភា ក្នុងគោលបំណងផ្អាកការប្រកាសឲ្យចាប់ផ្តើមបោះឆ្នោត អនុម័តច្បាប់អន្តោប្រវេសន៍ថ្មី នៅសភាជាន់ខ្ពស់ កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០១៨។ សភាជាន់ខ្ពស់ជប៉ុន (Upper house) នៅថ្ងៃសៅរ៍ទី០៨ ខែធ្នូ បានអនុម័តច្បាប់អន្តោប្រវេសន៍ដ៏ចម្រូងចម្រាស់មួយ ដោយអនុញ្ញាតឲ្យពលករបរទេសរាប់ម៉ឺននាក់ មករស់នៅ និងបម្រើការក្នុងប្រទេសខ្លួន។ ច្បាប់ថ្មីនេះ នឹងបើកទ្វារជប៉ុនកាន់តែធំទូលាយ ក្នុងគោលដៅជួយដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម ដែលកើតចេញពីការថយចុះនៃកំណើតប្រជាជន និងការកើនឡើងនៃចំនួនមនុស្សចាស់ជរា។

ច្បាប់គ្រប់គ្រងជនអន្តោប្រវេសន៍ថ្មី ដែលទើបតែត្រូវបានសភាជាន់ទាបសម្រេចអនុម័ត កាលពីថ្ងៃទី ២៧ ខែវិច្ឆិកាកន្លងទៅ ជាចុងក្រោយ ត្រូវបានអនុម័តនៅក្នុងព្រឹទ្ធសភាជប៉ុន ក្នុងសំឡេងគាំទ្រ ១៦១ ទល់នឹង ៧៦។ ក្រោមប្រព័ន្ធអន្តោប្រវេសន៍ថ្មីនេះ រដ្ឋាភិបាលជប៉ុនមានគោលដៅទទួលយកពលករបរទេសប្រមាណ ៣៤៥ ០០០ នាក់ ក្នុងវិស័យកំពុងខ្វះខាតកម្លាំងពលកម្ម រួមមាន សំណង់ កសិកម្ម សេវកម្មដឹកជញ្ជូន ថែទាំសុខភាព និងវិស័យផ្សេងៗទៀត ក្នុងរយៈពេល៥ឆ្នាំ។

បើតាមទីភ្នាក់ងារព័ត៌មាន AFP នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ បានបញ្ជាក់ទៅកាន់សភាជប៉ុនកាលពីថ្ងៃទី ០៦ ខែធ្នូថា៖ «យើងមានបំណងចាប់ផ្តើមច្បាប់ថ្មីនេះ ក្នុងខែមេសា ឆ្នាំ២០១៩ ដោយសារតែយើងត្រូវការផ្លាស់ប្តូរប្រព័ន្ធថ្មីមួយ ក្នុងគោលដៅជួយដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម ដែលកំពុងជួបប្រទះសព្វថ្ងៃនេះ»។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ច្បាប់ដ៏ចម្រូងចម្រាស់មួយនេះត្រូវបានលេចរូបរាងឡើង ក្នុងរយៈពេលប្រមាណជាង២ខែប៉ុណ្ណោះ ក្រោយពីលោកស៊ីនហ្សូ អាបេ បានប្រកាសស្នើគម្រោងប្រព័ន្ធអន្តោប្រវេសន៍ថ្មីនេះ ទោះបីជាក្រុមបក្សប្រឆាំងទាមទារឲ្យមានការតស៊ូមតិលម្អិតជាងនេះក៏ដោយក្តី។

តាមពិតទៅ ជប៉ុនមានប្រពៃណីរឹតត្បិតចំពោះការទទួលយកពលករទេស មកធ្វើការក្នុងប្រទេសខ្លួន លើកលែងតែ ពលករមានជំនាញខ្ពស់ ជាពិសេសក្នុងវិស័យសុខាភិបាល។ ប៉ុន្តែចំពោះប្រព័ន្ធថ្មីនេះ គេមើលឃើញថា វាជាការផ្លាស់ប្តូរដ៏ធំមួយរបស់ក្រុងតូក្យូទាក់ទងនឹងគោលនយោយបាយអន្តោប្រវេសន៍របស់ខ្លួន។

website_news/2018111206.txt · Last modified: 2018/12/11 12:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki