website_news:2018120101

មន្ត្រីជំនាញក្រសួងមហាផ្ទៃ កំពុងស្រាវជ្រាវវែកមុខអ្នករត់ការធ្វើបណ្ណព្រំដែន កម្ពុជា-ថៃ

https://www.dap-news.com/kh/ ប្រភពដើមអំពិល ព្រហស្បតិ៍, ១១ មករា ២០១៨ 16:19 ដោយ: ខា ដា ID:049

បន្ទាយមានជ័យ ៖ បន្ទាប់ពីមានការរត់ការ ធ្វើបណ្ណព្រំដែនកម្ពុជា-ថៃ ឲ្យប្រជាពលរដ្ឋ នៅក្រៅខេត្តក្នុងម្នាក់យកតម្លៃ ១៥០,០០០រៀល ពេលនេះមន្ត្រីជំនាញក្រសួងមហាផ្ទៃ បាននិងកំពុងស្រាវជ្រាវ វែកមុខអ្នករត់ការនោះ យកមកចាត់ការតាមច្បាប់ ។

យោងតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ មានប្រជាពលរដ្ឋប្រមាណជា ១៥ទៅ២០នាក់ រងចាំធ្វើបណ្ណព្រំដែនកម្ពុជា-ថៃ នៅមុខសាលាខេត្តបន្ទាយមានជ័យ ខ្លះចងអង្រឹងដេកចាំ និងមានអីវ៉ាន់ពួកគាត់ប្រាប់ថា មករងចាំធ្វើបណ្ណព្រំដែនកម្ពុជា-ថៃនេះ ខ្លះជិត១សប្តាហ៍មកហើយ ដែលភាគច្រើនអ្នកនៅខេត្តឆ្ងាយមករងចាំធ្វើដើម្បីបន្តដំណើរ ទៅធ្វើការងារប្រទេសថៃ ។ ជាមួយគ្នានោះប្រជាពលរដ្ឋដែលរងចាំបានស្នើសុំឲ្យរាជរដ្ឋាភិបាល ឬក្រសួងជំនាញអនុញ្ញាតឲ្យប្រជាពលរដ្ឋខេត្តដទៃធ្វើបណ្ណព្រំដែនកម្ពុជា-ថៃ ដើម្បីឲ្យប្រជាពលរដ្ឋមានសិទ្ធិទៅរកការងារធ្វើប្រទេសថៃដោយស្របច្បាប់សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដូចប្រជាពលរដ្ឋខេត្តជាប់ជាយដែន ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ មន្ត្រីសាលាខេត្តម្នាក់បានបង្ហើបប្រាប់ថា “ការធ្វើបណ្ណព្រំដែនកម្ពុជា-ថៃនេះ មានអ្នករត់ការធ្វើឲ្យប្រជាពលរដ្ឋនៅក្រៅខេត្តធ្វើក្នុងម្នាក់យកតម្លៃ ១៥០,០០០រៀល ហើយមន្ត្រីជំនាញកំពុងស្រាវជ្រាវរកមុខដើម្បីចាត់ការតាមច្បាប់បើសិនរកឃើញ” ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តបន្ទាយមានជ័យ បានជូនដំណឹងដល់ប្រជាពលរដ្ឋទូទៅដែលមានទីលំនៅអចិន្ត្រៃយ៍ ក្នុងខេត្តអំពីការផ្តល់សេវា ឲ្យកាន់តែមានប្រសិទ្ធភាពដល់អង្គភាពច្រកចេញចូលតែមួយ នៃសាលាខេត្តបន្ទាយមានជ័យ តម្រូវឲ្យបងប្អូនដែលប្រើប្រាស់បណ្ណព្រំដែនកម្ពុជា-ថៃគំរូថ្មី ។

ទន្ទឹមគ្នានេះការ បំពេញលក្ខខណ្ឌបែបបទ និងនីតិវិធីត្រូវធ្វើ លក្ខខណ្ឌមួយចំនួន៖ ១-ពាក្យស្នើសុំបណ្ណព្រំដែន ១ច្បាប់ ដោយមានបិតរូបថត ចុះហត្ថលេខា ឬផ្តិតស្នាមមេដៃស្តាំ របស់សម៉ីខ្លួននៅលើពាក្យស្នើសុំ ២-រូបថតសម៉ីខ្លួនបច្ចុប្បន្នទំហំ ៤X៦ ថតចំពីមុខ គ្មានពាក់មួកឬវ៉ែនតាចំនួន ២សន្លឹក ៣-អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរថតចម្លងចំនួន១ច្បាប់ ៤-សេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតចំនួន ១ច្បាប់ ៥-សេចក្តីចម្លងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់ នៅចំនួន ១ច្បាប់ ៦-រូបថតកូនទំហំ ៤X៦ ចំនួន២សន្លឹកក្នុងម្នាក់ (ករណីមានកូនអាយុក្រោម ១២ឆ្នាំដំណើរជាមួយ) ៧.កម្រៃសេវាក្នុង ១ច្បាប់ នៃបណ្ណព្រំដែនចំនួន២០,០០០រៀល និង៨-រយៈពេលនៃការផ្តល់សេវាយ៉ាងយូរ ៥ថ្ងៃបន្ទាប់ ពីទទួលពាក្យស្នើសុំ ៕

website_news/2018120101.txt · Last modified: 2018/01/12 13:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki