website_news:2018120102

បុរសប៉ាគីស្ថាន ២នាក់ ឪពុកកូននិងស្រ្តីខ្មែរម្នាក់ត្រូវឧទ្ធរណ៍បន្ថយទោស

http://www.postkhmer.com/ ប្រភពភ្នំពេញប៉ុស្ដិ៍ Thu, 11 January 2018 គឹម សារុំ

ភ្នំពេញៈ បុរសជនជាតិប៉ាគីស្ថាន២នាក់ឪពុក និងកូនប្រុស នៅព្រឹកថ្ងៃទី ១១ មករា នេះត្រូវបានសភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍សម្រេចបន្ថយទោសម្នាក់ ១ ឆ្នាំ ខណៈស្រ្តីខ្មែរម្នាក់ទៀតបន្ថយទោស ៣ ឆ្នាំពាក់ព័ន្ធនឹងករណីជួញដូរមនុស្សទៅប្រទេស អារ៉ាប៊ីសាអ៊ូឌីត កាលពីឆ្នាំ២០១៦។

លោកចៅក្រម ស៊ិន វិសាល បានអានសាលដីកាចំពោះមុខជនជាប់ចោទទាំង ៣ នាក់ថា ឈ្មោះ NIAZAHMED អាយុ ៥៥ ឆ្នាំនិងកូនប្រុសគាត់ឈ្មោះ YAZEO AHMED អាយុ ២៤ ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសម្នាក់ៗ ៧ ឆ្នាំចោទពីបទ «នាំចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន» តាមមាត្រា ១១ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរនិងធ្វើអាជីវកម្មផ្លូវភេទ» ។ ប៉ុន្តែ ដោយយល់ឃើញថា ជនជាប់ចោទ ២ នាក់ មិនទាន់បានសម្រេចផលក្នុងអំពើនាំពលករនិងមិនទាន់ធ្វើឲ្យខូចខាតអ្វីនោះ ក្រុមប្រឹក្សាសម្រេចបន្ថយទោស ពួកគេ មកនៅ ៦ ឆ្នាំវិញ និង កែប្រែបទចោទពី «នាំចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន»មកជា«ប៉ុនប៉ងនាំចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែនវិញ»។

ឯស្រ្តីខ្មែរឈ្មោះ ប៊ិនញ៉ អាយុ ៦៥ ឆ្នាំ កាត់ឲ្យជាប់ពន្ធនាគារ៥ឆ្នាំតែបន្ថយមកជាប់ ១ ឆ្នាំ ៦ ខែវិញ ហើយទោសសល់ត្រូវព្យួរនិងប្ដូរចោទពីបទពី «នាំចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន» មកជាបទ «សមគំនិតក្នុងការប៉ុនប៉ងនាំចេញ ដោយមិនស្របច្បាប់សម្រាប់ឆ្លងដែនវិញ»។ តាមអង្គហេតុជនជាប់ចោទទាំង ៣ នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅផ្សាររាត្រី (ផ្សារចាស់) រាជធានីភ្នំពេញ ខណៈកំពុងធ្វើដំណើរតាមម៉ូតូកង់បី កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៦៕

website_news/2018120102.txt · Last modified: 2018/01/12 16:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki