website_news:2018120103

បុរសបំពានផ្លូវភេទនៅអាមេរិក ត្រូវចាប់ខ្លួននៅកម្ពុជា

http://www.postkhmer.com/ ប្រភពភ្នំពេញប៉ុស្ដិ៍ Thu, 11 January 2018 សុទ្ធ គឹមសឿន

ខេត្តកំពត:បុ រសជនជាតិអាមេរិកម្នាក់ត្រូវបានបញ្ជូនមកនាយកដ្ឋានអន្តោប្រវេសន៍ក្រោយចាប់ខ្លួនពីម្សិលម្ង៉ៃនៅចំណុចផ្សារត្រីលើទឹកក្នុងភូមិ ១ ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ពាក់ព័ន្ធនឹងករណីបំពានផ្លូវភេទលើកុមារអាមេរិករួចភៀសខ្លួនមកដល់កម្ពុជា។

លោក ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពតបានឲ្យដឹងពីម្សិលមិញថា ជនសង្ស័យនោះឈ្មោះ Samuel Douglas Lovejoy អាយុ ៣១ ឆ្នាំកាន់លិខិតឆ្លងដែនលេខ ៥៤៨-៥៥២៥០។ គេបានគេចមកកម្ពុជាក្នុងនាមជាភ្ញៀវទេសចរ និងស្នាក់នៅផ្ទះសំណាក់ក្រុងកំពតក្រោយប្រព្រឹត្តល្មើសនៅអាមេរិក។ លោកបន្តថាការឃាត់ខ្លួននេះបានធ្វើឡើងក្រោយមានការស្នើឲ្យជួយពីសមត្ថកិច្ចអាមេរិក។ លោកថា៖ «យើងបានឃាត់ខ្លួនជនល្មើសតាមសំណើរបស់សហរដ្ឋអាមេរិកដែលគេបានឲ្យតម្រុយមកហើយយើងក៏ឃាត់ខ្លួនបានភ្លាមៗដែរ ហើយក៏មិនបានសួរនាំអ្វីដែរ។ ពួកខ្ញុំក៏បញ្ជូនជនសង្ស័យទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីដោះស្រាយតាមនីតិវិធី»។

លោក សុខ ផល អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គនាយកនៃអគ្គនាយកអន្តោប្រវេសន៍បានឲ្យដឹងតាមសារអេឡិចត្រូនិកពីម្សិលមិញថា លោកមិនទាន់បានដឹងពីករណីនេះនៅឡើយទេ តែលោកថានឹងចាំទទួលប្រសិនបើមានមែននោះ។

លោក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍មិនអាចទាក់ទងសុំបញ្ជាក់ពីករណីនេះបានទេកាលពីម្សិលមិញដោយសារទូរស័ព្ទគ្មានអ្នកទទួល។

យ៉ាងណាក្ដីករណីនេះមានពាក្យចចាមអារ៉ាមថា មានអ្នកជួយរត់ការឲ្យដោះលែងជនសង្ស័យវិញ ប៉ុន្ដែលោក Josar David អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាមិនបានបញ្ជាក់បន្ថែមទេដោយឲ្យសួរទៅអាជ្ញាធរកម្ពុជា។

យ៉ាងណាក្ដីលោក Josar David បញ្ជាក់ថា៖ «រដ្ឋាភិបាលអាមេរិកនៅមានទំនាក់ទំនងរឹងមាំ និងសហការជាមួយមន្ត្រីអនុវត្តច្បាប់នៅកម្ពុជា។ មន្ត្រីអនុវត្តច្បាប់អាមេរិកបានធ្វើការដោយជោគជ័យជាមួយសមភាគីកម្ពុជាក្នុងការចាប់មនុស្សខុសច្បាប់ បញ្ឈប់អ្នកជួញថ្នាំញៀន និងចាប់ខ្លួនអ្នករួមភេទជាមួយកុមារ និងឧក្រិដ្ឋកម្មផ្សេងទៀត»។

ចំពោះករណីថាមានអ្នករត់ការឲ្យដោះលែងនេះលោក ម៉ៅ ច័ន្ទមធុរិទ្ធិ ថា លោកមិនបានដឹងរឿងនេះទេដោយលោកបញ្ជាក់ថាសមត្ថកិច្ចលោកគ្រាន់តែសហការជាមួយអាមេរិក ដើម្បីឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ភ្លាមៗប៉ុណ្ណោះ៕

website_news/2018120103.txt · Last modified: 2018/01/12 13:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki