website_news:2018120106

កត្តាជីវភាពជាមូលហេតុចម្បងដែលពលករធ្វើចំណាកស្រុកទៅប្រទេសថៃ

http://www.rfa.org/khmer/news/ ដោយ ម៉ៅ សុធានី 2018-01-11

ពលករខ្មែរមួយចំនួនដែលកំពុងធ្វើការនៅក្នុងប្រទេសថៃបានត្អូញត្អែរពីកត្តាជីវភាពថា ពួកគាត់ពិបាករកប្រាក់កម្រៃទើបសម្រេចចិត្តចាកចោលប្រពន្ធ និងកូនទៅធ្វើការជាកម្មករសំណង់ក្នុងប្រទេសថៃ។ ពួកគាត់អះអាងថា ការងារនៅក្នុងប្រទេសថៃ ពិបាកជាងការងារនៅក្នុងប្រទេសកំណើត ប៉ុន្តែដើម្បីអាចរស់បាន ពួកគាត់ត្រូវតែបង្ខំចិត្តរត់ទៅធ្វើការនៅថៃ ដោយសង្ឃឹមថា ថ្ងៃណាដែលមានប្រាក់គ្រប់គ្រាន់ អាចវិលទៅរស់នៅជួបជុំគ្នាក្នុងប្រទេសកំណើតវិញ។

ពលករខ្មែរមួយចំនួនបានលើកឡើងពីមូលហេតុដែលពួកគេទៅធ្វើការនៅប្រទេសថៃ ទាំងលំបាកលំបិន គឺដោយសារតែជីវភាពរស់នៅខ្វះខាត កសិផលលក់មិនគ្រប់ការហូបចុកប្រចាំឆ្នាំ ពិបាករកការងារនៅក្នុងស្រុក និងជំពាក់បំណុលធនាគារ។ ពួកគាត់រំលឹកថា ដើមឡើយពួកគាត់គឺជាកម្មករសំណង់ កម្មកររោងចក្រ និងកសិករធ្វើស្រែចម្ការ ប៉ុន្តែនៅពេលដែលការរស់នៅប្រចាំថ្ងៃបានប្រឈមនឹងជីវភាពកាន់តែលំបាកទៅៗ ពួកគាត់បានទៅធ្វើពលករនៅក្រៅប្រទេស ជាពិសេស គឺនៅប្រទេសថៃ ដោយសារនៅកៀកគ្នានឹងប្រទេសកំណើត។

ពលករម្នាក់ធ្វើការនៅទីក្រុងបាងកក ជាកម្មករសំណង់ ឈ្មោះ ភាន បានប្រាប់ពីមូលហេតុដែលលោកត្រូវចាកចោលគ្រួសារ គឺការទទួលបានប្រាក់កម្រៃតិចតួចសម្រាប់កម្មករសំណង់ក្នុងប្រទេស។ លោកថា នៅប្រទេសថៃរូបគាត់អាចទទួលបានប្រាក់កម្រៃខ្ពស់ជាងនៅប្រទេសខ្មែរ ប៉ុន្ដែពិបាករស់នៅណាស់មិនដូចប្រទេសកំណើតខ្លួនឡើយ៖ «»។

ពលករម្នាក់ទៀតជាកម្មករសំណង់ក្នុងប្រទេសថៃដែរ ជាមួយពលករឈ្មោះ ភាន គឺលោកស្រី ឡាន អូន។ ក្នុងវ័យ ៣៨ឆ្នាំ លោកស្រី ឡាន អូន ត្អូញត្អែរថា លោកស្រីពិបាករកការងារនៅក្នុងប្រទេស ហើយការងារនៅតាមរោងចក្រខ្លះ មិនទទួលយកស្ត្រីដែលមានវ័យចំណាស់ដូចលោកស្រីទេ៖ «»។ ចំណែកពលករម្នាក់ទៀតដែលជាអតីតកសិករ បានប្រាប់ថា តម្លៃកសិផលបានធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ គឺជាដើមហេតុដែលគាត់សម្រេចចិត្តបោះបង់ចោលស្រែចម្ការ រត់មកធ្វើជាកម្មករសំណង់ដូចអ្នកផ្សេងទៀតដែរ។ លោកបន្ដថា កម្មករសំណង់នៅប្រទេសថៃ ទទួលបានប្រាក់កម្រៃពីចន្លោះ ៤០០ ទៅ ៥០០បាត គឺប្រហាក់ប្រហែលនឹង ៥ ទៅ ៦ម៉ឺនរៀល៖ «»។

បើទោះជាកម្មករសំណង់ក្នុងប្រទេសថៃ ទាំងនេះអះអាងថា ពួកគាត់អាចរកបានប្រាក់កម្រៃច្រើនជាងការងារនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែពួកគាត់រៀបរាប់ទាំងទឹកភ្នែករលីងរលោងថា រាល់ថ្ងៃគាត់មិនចង់ចាកចោលគ្រួសារនៅស្រុកកំណើតនោះទេ។ ពលករខ្លះ បង្ខំចិត្តទុកកូនតូចៗ នៅជាមួយឪពុកម្ដាយដែលមានវ័យចាស់ជរាឲ្យមើលថែរក្សា ខណៈមានពលករខ្លះ គឺជាអ្នកទើបរៀបការហើយថ្មីថ្មោង។ ពួកគាត់ប្រាប់ថា គោលបំណងសំខាន់បំផុតមកធ្វើការនៅស្រុកគេ ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារនៅស្រុកកំណើត។

ពាក់ព័ន្ធនឹងពលករនៅប្រទេសថៃ ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ បានប្រកាសផ្អាកផ្ដល់លិខិតឆ្លងដែន និងប័ណ្ណពលករធ្វើការងារក្រៅប្រទេសនៅសប្ដាហ៍ក្រោយនេះ។ ក្នុងសេចក្ដីជូនដំណឹងកាលពីទី១០ មករា ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ បានឲ្យដឹងថា ការិយាល័យផ្ដល់លិខិតឆ្លងដែន ឬលិខិតធ្វើដំណើរ ហៅកាត់ថា TD និងប័ណ្ណពលករកម្ពុជា ទៅធ្វើការនៅបរទេស (OCWC) ប្រចាំនៅខេត្តរ៉ាក់យ៉ង និងឆាក់ឈើងសាវ នឹងផ្អាកផ្ដល់លិខិតឆ្លងដែន និងប័ណ្ណធ្វើការដល់ពលករខ្មែរធ្វើការនៅក្រៅប្រទេសចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នេះទៅ។

ស្ថានទូតកម្ពុជា បានអំពាវនាវទៅដល់ពលករខ្មែរកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ ទាំងអស់ដែលមិនទាន់ដាក់ពាក្យស្នើសុំនោះ អាចបន្តទំនាក់ទំនង និងដាក់ពាក្យស្នើសុំដកឯកសាររបស់ខ្លួននៅលេខាធិការដ្ឋានអចិន្ត្រៃយ៍របស់គណៈកម្មការផ្ដល់ភាពស្របច្បាប់ដែលមានទីតាំងនៅស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ៕

website_news/2018120106.txt · Last modified: 2018/01/12 14:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki