website_news:2018120107

ពលរដ្ឋស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យជាច្រើននាក់ជិះគោយន្តឆ្លងដែនទៅធ្វើការនៅប្រទេសថៃ

http://www.rfa.org/khmer/news/ ដោយ សេក បណ្ឌិត 2018-01-11

ប្រជាពលរដ្ឋខ្មែររស់នៅតាមជាប់ព្រំដែនថៃ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាច្រើននាក់ បាននាំគ្នាជិះគោយន្តឆ្លងដែនតាមច្រករបៀងទាំងប្រថុយប្រថាន ដើម្បីទៅស៊ីឈ្នួលធ្វើការងារនៅប្រទេសថៃ ដោយខុសច្បាប់។ ការងារទាំងនោះ គឺអ្នកភូមិត្រូវធ្វើដំណើរចេញទៅនៅពេលព្រឹក ហើយត្រឡប់មកផ្ទះវិញពេលរសៀល និងអាចបានប្រាក់ចំណូលពីការងារឆ្លងដែននោះ ប្រមាណ ២ម៉ឺន ៥ពាន់រៀល (២៥.០០០) ក្នុងមួយថ្ងៃ។

អ្នកភូមិនៅរស់នៅជាប់ព្រំដែននៃស្រុកអូរជ្រៅ លើកឡើងថា ការស្វែងរកការងារធ្វើដោយឆ្លងដែនទាំងប្រថុយប្រថាននឹងគ្រោះថ្នាក់ និងប្រឈមនឹងផ្លូវច្បាប់នេះ មិនអាចបានប្រាក់ធ្វើមានបាននោះទេ គឺបានចំណូលគ្រាន់តែសម្រាប់ដោះទាល់ដើម្បីរស់មួយរយៈពេលប៉ុណ្ណោះ។ ពលរដ្ឋម្នាក់រស់នៅក្បែរច្រករបៀងទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ លោកស្រី សន ថែល ថ្លែងថា សព្វថ្ងៃនេះយ៉ាងហោចណាស់មានពលរដ្ឋជិះគោយន្តឆ្លងដែនទៅធ្វើការនៅប្រទេសថៃ តាមច្រកព្រំដែនតាមគោយន្តប្រមាណ ៦គ្រឿង ក្នុងមួយថ្ងៃ ដោយពួកគាត់ចេញដំណើរនៅម៉ោង ៦ព្រឹក ហើយត្រឡប់មកផ្ទះវិញនៅម៉ោង ៦ល្ងាច។ លោកស្រីអះអាងទៀតថា មូលហេតុដែលអ្នកភូមិឆ្លងដែនទៅធ្វើការប្រទេសថៃ ដោយសារនៅស្រុកខ្មែរគ្មានការងារធ្វើ ហើយការនាំគ្នាជិះគោយន្តទៅស៊ីឈ្នួលនៅថៃ នោះ គឺដកដំឡូងមី និងកាប់អំពៅឲ្យថៅកែថៃ ដោយថៅកែជនជាតិថៃ ចាំទទួលនៅច្រកព្រំដែនតែម្ដង៖ «គេមានការងារបន្តបន្ទាប់មិនដាច់ទេ ពេលនេះគេទៅកាប់អំពៅរហូតដល់ចូលឆ្នាំខ្មែរ ពេលរួចបុណ្យចូលឆ្នាំទៅស៊ីឈ្នួលដាំបន្តទៀត។ អ្នកខ្លះមានម៉ែទៅយកកូនទៅជាមួយដែរ ហើយអ្នកនៅឆ្ងាយគេដេកនៅដីថៃ បើអ្នកជិតគេមកវិញ ក្មេងៗគេទៅអស់នៅតែមនុស្សចាស់ៗទេក្នុងភូមិ»។

ចំណែកអ្នកលក់ចាប់ហួយនៅជាប់ព្រំដែនថៃ ក្បែរច្រករបៀងទំនប់ដាច់ លោកស្រី គឹម ស្រីតូច ឲ្យដឹងថា ចំនួនពលរដ្ឋឆ្លងដែលទៅធ្វើការនៅប្រទេសថៃ នៅតែមានច្រើន បើទោះបីជាក្រុមយុវជនមួយចំនួនបានទៅធ្វើការងាររោងចក្រនៅក្រុងប៉ោយប៉ែត ខ្លះក្ដី។ លោកស្រីបន្ថែមថា នៅតាមផ្ទះរបស់ពលរដ្ឋតំបន់ព្រំដែនមានសភាពស្ងប់ស្ងាត់នៅពេលថ្ងៃ និងមានសភាពអ៊ូអរឡើងវិញនៅពេលរសៀល និងពេលព្រឹក ព្រោះជាពេលដែលអ្នកភូមិត្រឡប់មកពីធ្វើការនៅប្រទេសថៃ។ លោកស្រីឲ្យដឹងទៀតថា ចំពោះពលរដ្ឋដែលទៅធ្វើនៅប្រទេសថៃ ដោយអ្នកខ្លះធ្វើការគិតតម្លៃឈ្នួលមួយថ្ងៃដែលមានតម្លៃប្រមាណពី ២ម៉ឺន ៥ពាន់ ទៅ ៣ម៉ឺនរៀលក្នុង (៣០.០០០) និងអ្នកខ្លះទៀតមៅការកាប់អំពៅរាប់បាច់ឲ្យថៃ ជាដើម៖ «អ្នកទៅស៊ីឈ្នួលថៃ គេតែងប្រាប់ខ្ញុំថាគេកាប់អំពៅរាប់បាច់ ដោយ ១០០បាច់បានប្រមាណ ១ម៉ឺន ៥ពាន់រៀល។ ឥឡូវគេទៅធ្វើការរោងចក្រខ្លះ បើអត់ទាន់មានរោងចក្រទៅច្រើន បើមិនទៅស៊ីឈ្នួលថៃ នៅនេះអត់មានមុខរបរអីរកប្រាក់ចំណូលទេ»។

តំបន់ដែលពលរដ្ឋទៅធ្វើការក្នុងទឹកដីថៃនោះ គាត់ច្រើនគឺនៅជាប់នឹងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលនៅមិនឆ្ងាយពីព្រំដែនខ្មែរ-ថៃ ប៉ុន្មាននោះទេ ដោយកន្លែងខ្លះចម្ងាយប្រមាណពី៣ ទៅ ៥គីឡូម៉ែត្រពីច្រកព្រំដែន។ ម្យ៉ាងទៀតពលរដ្ឋភាគច្រើនធ្វើដំណើរដោយគោយន្ត និងអ្នកខ្លះទៀតដោយម៉ូតូផ្ទាល់ខ្លួន ជិះតាមច្រករបៀងទំនប់ដាច់ចូលទៅដល់ប្រទេសថៃ តែម្ដង។

មន្ត្រីយោធាប្រចាំការនៅច្រកទំនប់ដាច់ លោក រ័ត្ន នាសនា មានប្រសាសន៍ថា ប្រជាពលរដ្ឋឆ្លងដែលទៅធ្វើការប្រទេសថៃ តាមច្រករបៀងប្រចាំការមានចំនួនច្រើនជាងគេក្នុងតំបន់ច្រកព្រំដែននៃស្រុកអូរជ្រៅ គឺមានប្រមាណពី ៣០ ទៅ ៦០នាក់ក្នុងមួយថ្ងៃ ចំណែកឯច្រកព្រំដែនផ្សេងទៀត មានប្រមាណពី ២០ ទៅ ៣០នាក់ក្នុងមួយថ្ងៃ។ លោកអះអាងទៀតថា ចំពោះពលរដ្ឋដែលឆ្លងដែន អ្នកខ្លះមកពីខេត្តឆ្ងាយ និងមួយចំនួន គឺជាប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែន ហើយរដូវដែលសំបូរការងារច្រើន គឺចន្លោះពីខែវិច្ឆិកា ដល់មេសា ជារៀងរាល់ឆ្នាំ៖ «ពួកគាត់ទៅអំពៅនៅជិតៗព្រំដែននេះឯង ពួកគាត់មិនហ៊ានទៅឆ្ងាយទេ ព្រោះអត់មានលិខិតឆ្លងដែនធ្វើការងារទេ ខ្លាចគេចាប់។ ខ្លះបានច្រើន ខ្លះបានតិច ដោយអ្នកខ្លះមេការបានច្រើន ប្រមាណពី៤ ទៅ ៥ម៉ឺនរៀល ចំណែកអ្នកដែលមិនចេះអី មានប្រហែល ៣ម៉ឺនរៀលក្នុងមួយថ្ងៃ ហើយខែច្រូតគាត់អាចរកបានច្រើនជាងនេះ ដោយមួយថ្ងៃបានប្រមាណ ៥ម៉ឺនរៀល»។ លោកបន្ថែមទៀតថា ប្រមាណ ៦ខែចុងក្រោយនេះ ពុំមានករណីសមត្ថកិច្ចចាប់ពលរដ្ឋឆ្លងដែនទៅធ្វើការងារព្រឹកត្រឡប់មកវិញល្ងាចនោះទេ ទំនងដោយសារភាគីថៃយល់ថា ពួកគាត់ធ្វើការមិនឆ្ងាយពីព្រំដែនខ្មែរ ហើយត្រូវវិលត្រឡប់មកផ្ទះវិញ។ ម្យ៉ាងទៀតពួកគាត់ក៏ពុំបានបង្កបញ្ហាដល់ពលរដ្ឋថៃ ដែរ។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សំគាល់ថា ប្រជាពលរដ្ឋទៅធ្វើការវិលល្ងាចនៅប្រទេសថៃ មានគ្រប់ច្រករបៀងក្នុងខេត្តបន្ទាយមានជ័យ ដោយមួយកន្លែងមានប្រមាណ ២០ ទៅ ៧០នាក់។ មន្ត្រីសង្គមស៊ីវិលរូបនេះ លើកឡើងថា ពលរដ្ឋឆ្លងដែនទៅប្រទេសថៃ បើទោះបីជាទៅព្រឹកវិលល្ងាចក៏ដោយ គឺពួកគាត់ប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត ព្រមទាំងប្រឈមនឹងការចាប់ដាក់គុកពីសមត្ថកិច្ចថៃ គ្រប់ពេល ព្រោះពួកគាត់ឆ្លងដែនដោយខុសច្បាប់៖ «កន្លងមកយើងមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគាត់ មួយវិញទៀតយើងគិតថា ជាការសោកស្ដាយមួយនៅតាមព្រំដែនជាប់ថៃដែរបែរជាយើងក្លាយជាកម្មកររបស់គេ គួរតែយើងជាអ្នកជំនួញដូចគេដែរ ហើយយើងគួរតែខ្មាសប្រទេសជិតខាងផង»។

ខេត្តជាប់ព្រំដែនថៃ ដែលពលរដ្ឋខ្មែរ និយមឆ្លងដែនទៅស្វែងរកការងារធ្វើនៅប្រទេសថៃ មានដូចជាខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្ដរមានជ័យ ជាដើម ដោយសារខេត្តទាំងនោះមានច្រករបៀងច្រើន ដែលធ្វើឲ្យពលរដ្ឋងាយស្រួលក្នុងការឆ្លងទៅក្រៅប្រទេស។ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ដើម្បីកាត់បន្ថយកុំឲ្យពលរដ្ឋឆ្លងដែនទៅធ្វើការនៅប្រទេសថៃ លុះត្រាតែរដ្ឋាភិបាលកម្ពុជាបង្កើនការងារនៅតាមព្រំដែនឲ្យបានច្រើន ហើយត្រូវស្វែងរកទីផ្សារលក់កសិផលរបស់កសិករឲ្យមានតម្លៃសមរម្យទើបពួកគាត់អាចកាត់បន្ថយមិនធ្វើចំណាកស្រុកទៅក្រៅប្រទេស៕

website_news/2018120107.txt · Last modified: 2018/01/12 14:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki