website_news:2018120201

បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីឃោសនាជ្រើសរើសពលការិនីទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ីសាអូឌីតដោយខុសច្បាប់

http://cambodiapolice.com/blog/ 3:54 pm 9 កុម្ភះ 2018

ភ្នំពេញ ៖ កម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឃោសនាជ្រើសរើសពលការិនីឲ្យទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ីសាអូឌីតដោយខុសច្បាប់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

នគរបាលប្រឆាំងការជួញដូរមនុស្ស បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ីស្មាអែល ពិនឧស្ម័ន ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ ខ្មែរ-ឥស្លាម មុខរបរធ្វើស្លាកលេខរថយន្ត ទីកន្លែងកំណើត ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ៣៦H ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ នគរបាលប្រឆាំងការជួញដូរមនុស្ស បញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០០៤ ជនសង្ស័យខាងលើ បានឃោសនាក្នុងភូមិថា ឈ្មោះ អះម៉ាត់ យ៉ះយ៉ា ត្រូវជាពូរបស់ខ្លួនត្រូវការជ្រើសរើសពលការិនីបញ្ជូនទៅធ្វើការជាជំនួយការមេផ្ទះ នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ប្រាក់ឈ្នួល ២២០ដុល្លារអាមេរិច កិច្ចសន្យាការងាររយៈពេល២ឆ្នាំ ចំពោះឯកសារ បែបបទ លិខិតឆ្លងដែន និងសោហ៊ុយធ្វើដំណើរ ឈ្មោះ អះម៉ាត់ យ៉ះយ៉ា ជាអ្នកចំណាយ ។

បន្ទាប់មកបានអូសទាញពលរដ្ឋក្នុងភូមិ ២នាក់ មានឈ្មោះ ស រទ ហៅ ម សណ ភេទស្រី អាយុ ១៥ឆ្នាំ និងឈ្មោះ អ ព ភេទស្រី អាយុ ៤២ឆ្នាំ ក្រោយមកបានចំនួន ២០នាក់ទៀត ហើយនាំទៅប្រគល់ឲ្យឈ្មោះ អះម៉ាត់ យ៉ះយ៉ា ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិ ខ្មែរ-ឥស្លាម ផ្ទះលេខ៣៤ ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ពេលនោះដោយ ឈ្មោះ ស រទ អាយុ ១៥ឆ្នាំ ត្រូវបានឈ្មោះ អះម៉ាត់ យ៉ះយ៉ា ក្លែងអត្តសញ្ញាណដោយប្រើឯកសាររបស់ឈ្មោះ ម សណ អាយុ ២២ឆ្នាំវិញ ហើយបានបញ្ជូនទៅធ្វើជាស្រ្តីបម្រើតាមផ្ទះនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ។ នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ជនរងគ្រោះត្រូវបានថៅកែកេងប្រវ័ញ្ចកម្លាំងពលកម្ម បិទសិទ្ធសេរីភាព ហើយក្នុងនោះឈ្មោះ ស រទ ត្រូវបានគេលក់ទៅថៅកែជាម្ចាស់ទី១ ទៅថៅកែទី២ ក្នុងតម្លៃ ២០០០០ដុល្លារ ឲ្យធ្វើការងារផ្ទះ ហើយរងការរំលោភផ្លូវភេទ និងមិនទទួលបានប្រាក់ឈ្នួលតាំងពីពេលបញ្ជូនទៅ រហូតដល់អំឡុងខែសីហា ឆ្នាំ២០១៧ ។

នគរបាលប្រឆាំងការជួញដូរមនុស្ស បានឲ្យដឹងទៀតថា ឈ្មោះ ស រទ ត្រូវបានឈ្មោះ អាម៉ាត់ យ៉ះយ៉ា បញ្ជូនទៅធ្វើការជាជំនួយការមេផ្ទះនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត តាមចក្រអន្តរជាតិប៉ោយប៉ែត ឆ្លងកាត់ប្រទេសថៃ និងបន្តឡើងយន្តហោះដល់គោលដៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ។ នគរបាលប្រឆាំងការជួញដូរមនុស្ស បញ្ជាក់ថា ជនរងគ្រោះទាំងអស់ទើបតែសង្រ្គោះបានចំនួន ២នាក់ប៉ុណ្ណោះ ដោយមានការអន្តរាគមន៍ពី ឯកឧត្តម ឧស្មាន់ ហាសាន់ សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សង្រ្គោះមកកម្ពុជាវិញ ។ ដោយឡែកជនរងគ្រោះនៅសល់ក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីតមិនទាន់ដឹងពីសុខទុក្ខនៅឡើយ ។ បច្ចុប្បន្នជនសង្ស័យឈ្មោះ អ៊ីស្មាអែល ពិនឧស្ម័ន និងវត្ថុតាង កំពុងស្ថិតក្នុងចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញ រីឯជនសង្ស័យឈ្មោះ អះម៉ាត់ យ៉ះយ៉ា និងបក្សពួកសមត្ថកិច្ចកំពុងស្នើសុំដីកាស្វែងរកចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ។

សូមជម្រាបថា ជនសង្ស័យឈ្មោះ អ៊ីស្មាអែល ពិនឧស្ម័ន ត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចាប់ខ្លួនតាមពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ ហើយត្រូវនគរបាលចាប់ខ្លួនបានកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ខណៈជនសង្ស័យកំពុងធ្វើដំណើរនៅក្នុងភូមិសាស្រ្ត សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធាភ្នំពេញ និងដកហូតបានវត្ថុតាងមួយចំនួន ៕

website_news/2018120201.txt · Last modified: 2018/02/12 13:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki