website_news:2018120202

សមត្ថកិច្ចកំពុងតាមចាប់លោក អះម៉ាត់ យ៉ះយ៉ា ពាក់ព័ន្ធនឹងការបញ្ជូនពលករទៅក្រៅប្រទេស

http://www.postkhmer.com/ យន់ ស៊ីនាត and Daphne Chen date 12 February 2018 09:02 ICT

ភ្នំពេញៈ លោក អះម៉ាត់ យ៉ះយ៉ា អតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ច កំពុងត្រូវបានសមត្ថកិច្ចនគរបាលស្វែងរកចាប់ខ្លួនដែលពាក់ព័ន្ធនឹងការបញ្ជូនស្ត្រីដោយខុសច្បាប់ទៅធ្វើការនៅប្រទេស អារ៉ាប៊ី សាអ៊ូឌីត បន្ទាប់ពីក្មួយប្រុសគាត់ម្នាក់ត្រូវសមត្ថកិច្ចចាប់កាលពីថ្ងៃពុធ ប៉ុន្តែលោកអះអាងថា នោះគឺជារឿងដែលគេប្រឌិតឡើងដើម្បីចាប់ខ្លួនលោកប៉ុណ្ណោះ។

ការស្វែងរកចាប់ខ្លួននេះ បើទោះបីជាមិនមានការបញ្ជាក់ឲ្យច្បាស់ពីមន្ត្រីនគរបាល កាលពីម្សិលមិញក្ដី ប៉ុន្តែព័ត៌មានពីគេហទំព័ររបស់នគរបាលជាតិចុះផ្សាយកាលពីថ្ងៃ៩ កុម្ភៈ ឲ្យដឹងថា ការស្វែងរកដីកាចាប់ខ្លួនលោក អះម៉ាត់ យ៉ះយ៉ា គឺពាក់ព័ន្ធនឹងបុរសម្នាក់ដែលជាក្មួយគាត់ ឈ្មោះ អ៊ីស្មាអែលពិន ឧស្មាន ដែលគេដឹងថា អតីតសមាជិកគណបក្សសង្គ្រោះជាតិត្រូវបានចាប់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីថ្ងៃពុធ ខណៈគាត់កំពុងធ្វើដំណើរនៅក្នុងភូមិសាស្ត្រ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញទាក់ទងនឹងការបញ្ជូនមនុស្សទៅធ្វើការនៅក្រៅប្រទេស។

តាមព័ត៌មានពីនគរបាលសរសេរថា៖ «បច្ចុប្បន្នជនសង្ស័យឈ្មោះ អ៊ីស្មាអែល ពិនឧស្ម័ន និងវត្ថុតាងកំពុងស្ថិតក្នុងចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញ រីឯជនសង្ស័យ ឈ្មោះ អះម៉ាត់ យ៉ះយ៉ា និងបក្ខពួកសមត្ថកិច្ចកំពុងស្នើសុំដីកាស្វែងរកចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមច្បាប់»។ តាមការរៀបរាប់របស់នគរបាលបានឲ្យដឹងថា ជនសង្ស័យ អ៊ីស្មាអែល ពិនឧស្ម័ន កាលពីឆ្នាំ ២០០៤ បានដើរឃោសនាក្នុងភូមិថា ពូខ្លួន គឺលោក អះម៉ាត់ យ៉ះយ៉ា ដែលមានក្រុមហ៊ុនជ្រើសរើសពលករត្រូវការជ្រើសរើសជំនួយការមេផ្ទះ ធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ បើតាមព័ត៌មាននគរបាលថាបន្ទាប់មកបានអូសទាញពលរដ្ឋក្នុងភូមិ ២ នាក់មានឈ្មោះ ស.រ.ទ ហៅ ម.ស.ណ ភេទស្រី អាយុ ១៥ ឆ្នាំ និងឈ្មោះ អ.ព ភេទស្រី អាយុ ៤២ ឆ្នាំ ក្រោយមកបានចំនួន ២០ នាក់ទៀតហើយនាំទៅប្រគល់ឲ្យឈ្មោះ អះម៉ាត់ យ៉ះយ៉ា…។

ពេលនោះដោយ ឈ្មោះ ស.រ.ទ អាយុ ១៥ ឆ្នាំ ត្រូវបានឈ្មោះ អះម៉ាត់ យ៉ះយ៉ា ក្លែងអត្តសញ្ញាណដោយប្រើឯកសាររបស់ឈ្មោះ ម.ស.ណ អាយុ ២២ ឆ្នាំវិញហើយបានបញ្ជូនទៅធ្វើជាស្ត្រីបម្រើតាមផ្ទះនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ លោក អះម៉ាត់ យ៉ះយ៉ា ត្រូវបានរដ្ឋាភិបាលដកចេញពីតំណែងជារដ្ឋលេខាធិការនៅក្រសួងសង្គមកិច្ចផងដែរក្រោយពីមានការពាក់ព័ន្ធនឹងការបញ្ជូនពលការិនីជាអនីតិជនទៅធ្វើការខុសច្បាប់នៅប្រទេស អារ៉ាប៊ី សាអ៊ូឌីត។ទោះយ៉ាងណាលោក អះម៉ាត់ យ៉ះយ៉ា បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា លោកកំពុងស្ថិតនៅ «កន្លែងមានសុវត្ថិភាព» និងបានបដិសេធថាជារឿងមិនពិត និងសុទ្ធតែត្រូវបានប្រឌិតឡើង ដោយលោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បី «ចោទប្រកាន់ខ្ញុំ ដើម្បីចង់ចាប់ខ្ញុំដាក់គុក» តែប៉ុណ្ណោះ។លោកបានបន្តថា៖ «ខ្ញុំសូមស្បថចំពោះព្រះ អាឡោះ ខ្ញុំស្បថចំពោះព្រះថាទាំងនេះគឺជាល្បែង។ គេចង់ចាប់ខ្ញុំតែប៉ុណ្ណោះ»។ លោក អះម៉ាត់ យ៉ះយ៉ា ថ្លែងថា៖ «ខ្ញុំមិនដែលបញ្ជូនស្ត្រីបម្រើការងារតាមផ្ទះឆ្លងតាមប្រទេសថៃដោយមិនមានខ្ញុំ និង TK នោះទេ។ ពីព្រោះនេះពាក់ព័ន្ធនឹងការគាំទ្រហិរញ្ញវត្ថុ ឬការរៀបចំ»។

លោកថា៖ «ទី ១ ខ្ញុំត្រូវធ្វើឲ្យប្រាកដថា នៅព្រំដែនពួកគេអាចបោះត្រាសម្រាប់យើងចូលទៅប្រទេសថៃ ទី ២ ខ្ញុំត្រូវស្វែងរកសណ្ឋាគារសម្រាប់ពួកគេ។ ទី ៣ ខ្ញុំត្រូវយកពួកគេទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព។ ទី ៤ ខ្ញុំត្រូវទៅស្ថានទូតអារ៉ាប៊ីសាអ៊ូឌីតដើម្បីទទួលបានទិដ្ឋាការ។ ទី ៥ ខ្ញុំត្រូវទិញសំបុត្រទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ដូច្នេះការរៀបចំទាំងអស់នេះ ខ្ញុំធ្វើវាដោយខ្លួនឯង។ ខ្ញុំមិនដែលបញ្ជូននរណាម្នាក់ទៅទីនោះ…នេះគួរឲ្យអស់សំណើច។ លោក យ៉ះយ៉ា បានបន្ដថា៖ «ចំពោះឈ្មោះ អេង ពៅ [អ.ព] អ្នកដឹងទេ នៅពេលនាងត្រឡប់មកវិញ ហើយពួកគេទាក់ទងជាមួយ អូស្មាន ហាស្សាន់។ គាត់ទាក់ទងនាង និងប្តីថ្មីរបស់នាងដើម្បីចោទប្រកាន់ខ្ញុំដើម្បីចាប់ខ្ញុំដាក់ពន្ធនាគារ នោះហើយជារឿង។ នេះជាការប្រឌិត។ ដូច្នេះរឿងនេះមិនពិតទាល់តែសោះ។ ខ្ញុំហ៊ានស្បថ។ អូស្មាន ហាស្សាន់ ខឹងខ្ញុំដោយសារមិនអាចសាងសង់ផ្លូវ។ ពួកគេមិនអាចចោទប្រកាន់ខ្ញុំបានចំពោះរឿងផ្លូវ»។

លោកបានអះអាងថា៖ «នគរបាលបានឃ្លាំមើលផ្ទះរបស់ខ្ញុំកាលពីល្ងាចថ្ងៃសុក្រ។ ដីកាចាប់ខ្លួនដែលពួកគេធ្វើឡើង ខ្ញុំគិតថាម្សិលមិញនៅម៉ោង ២ ។ ប៉ុន្តែខ្ញុំមិនដឹងថា ពួកគេចេញជាសាធារណៈឬអត់នោះទេ ខ្ញុំអត់ដឹង។លោក អះម៉ាត់ យ៉ះយ៉ា គឺជាពូរបស់លោក អូស្មាន ហាស្សាន់ ហើយបានចាញ់ក្តីក្មួយប្រុសពីបទបរិហារកេរ្តិ៍ និងត្រូវសាលាដំបូងរាជធានីភ្នំពេញកាត់ក្តីឲ្យសងជំងឺចិត្តទៅលោក អូស្មាន ហាស្សាន់ ១០០ លានរៀល និងបង់ពិន័យរដ្ឋ ៥ លានរៀលកាលពីខែសីហាឆ្នាំ ២០១៦ ទាក់ទងនឹងគម្រោងធ្វើផ្លូវកាត់តំបន់បឹងកក់ ក្បែរវិហារចាមដែលក្រុមលោក អះម៉ាត់ យ៉ះយ៉ា បានជំទាស់យ៉ាងខ្លាំង។

ទោះបីជាយ៉ាងណាលោក អូស្មាន ហាស្សាន់ បានលើកឡើងថា៖ «ការចាប់ខ្លួនរបស់ អះម៉ាត់ យ៉ះយ៉ា គឺជាតួនាទីរបស់សមត្ថកិច្ចគឺនគរបាលដែលទទួលបន្ទុកខាងកិច្ចការទាំងអស់នោះ ហើយបើមានការដោះស្រាយទៅលើអ្នកពាក់ព័ន្ធផ្សេងៗទៀតនោះជាសមត្ថកិច្ចរបស់តុលាការ។ ចំណែកខាងក្រសួងការងារគឺយើងមានតួនាទីក្នុងការជួយជនរងគ្រោះត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព។ លោកបានបញ្ជាក់ថា៖ «កន្លងទៅជនរងគ្រោះគឺបានប្តឹងក្រុមហ៊ុន អះម៉ាត់ យ៉ះយ៉ា នោះហើយ តែក្រុមហ៊ុនវាមានអ្នកពាក់ព័ន្ធច្រើនធ្វើការហើយខ្ញុំមិនអាចឆ្លើយនឹងតួនាទីរបស់សមត្ថកិច្ចឡើយ។ ចំពោះខាងក្រសួងការងារគឺពិនិត្យមើលដូចជា៖១. កាលណាក្រុមហ៊ុនណាដែលបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសដោយមិនមានការដឹងឮពីក្រសួងការងារគឺត្រូវប្រឈមមុខនឹងផ្លូវច្បាប់ ២. ការនាំពលករដែលមិនទាន់គ្រប់អាយុគឺជាការនាំអនីតិជនទៅធ្វើការខុសច្បាប់ហើយត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ៣. បើទោះនោះជាក្រុមហ៊ុនស្របច្បាប់ក៏ដោយ តែបើមិនគោរពលក្ខខណ្ឌតម្រូវដោយក្រសួងការងារនោះទេក្រុមហ៊ុនទាំងនោះក៏ត្រូវទទួលខុសត្រូវលើផ្លូវច្បាប់ដែរ»៕

website_news/2018120202.txt · Last modified: 2018/02/12 13:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki