website_news:2018120204

បុរសខ្មែរឥស្លាមម្នាក់ត្រូវឃុំខ្លួនពាក់ព័ន្ធករណីជួញដូរមនុស្សក្រោមលេសទៅបម្រើការងារផ្ទះប្រទេសអារ៉ាប៊ីសាអូឌីត

http://mekong-post.com/ ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ ថ្ងៃទី 10 February, 2018

ភ្នំពេញ៖ បុរសខ្មែរឥស្លាមម្នាក់ ត្រូវជាក្មួយបង្កើតរបស់ លោក អះម៉ាត់ យ៉ះយ៉ា អតីតរដ្ឋ លេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដែលជាប់ពាក់ព័ន្ធករណីនាំពលករទៅធ្វើការខុសច្បាប់នៅប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត បានត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារនៅថ្ងៃទី១០ ខែកុម្ភៈបន្ទាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញសាកសួររួចហើយ។

បើតាមប្រភពមួយផ្សេងទៀតបានឱ្យដឹងថា តុលាការនឹងបន្តនីតិវិធីក្នុងសំណុំរៀងនេះ ដែលអាចពាក់ព័ន្ធជាមួយលោក អះម៉ាត់ យ៉ះយ៉ា ផងដែរ។ មន្ដ្រីនគរបាលប្រឆាំងការជួញដូរមនុស្ស បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ីស្មាអែល ពិនឧស្ម័ន អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម មុខរបរធ្វើស្លាកលេខរថយន្ត ទីកន្លែងកំណើត ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ៣៦H ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញ ដូរ មនុស្សនិងការពារអនីតិជន ត្រូវបានចាប់ខ្លួនតាមពាក្យបណ្តឹង របស់ម្តាយជនរងគ្រោះ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ខណៈកំពុងធ្វើដំណើរនៅក្នុងភូមិសាស្ត្រ សង្កាត់ច្រាំងចំរេះ២ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ និងដកហូតបានវត្ថុតាងមួយចំនួន។

មន្ដ្រីនគរបាលបញ្ជាក់ថា បើតាមរបាយការណ៍ កាលពីអំឡុងឆ្នាំ២០០៤ ជនសង្ស័យខាងលើបានឃោសនាក្នុងភូមិថា ឈ្មោះ អះម៉ាត់ យ៉ះយ៉ា ត្រូវជាពូរបស់ខ្លួន ត្រូវការជ្រើសរើសពលការិនីបញ្ជូនទៅធ្វើការជាជំនួយការមេផ្ទះ នៅប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត ដែលនឹងទទួលបានប្រាក់ឈ្នួល២២០ដុល្លារអាមេរិច កិច្ចសន្យាការងាររយៈពេល២ឆ្នាំ ចំពោះឯកសារបែបបទ លិខិតឆ្លងដែន និងសោហ៊ុយធ្វើដំណើរ ឈ្មោះ អះម៉ាត់ យ៉ះយ៉ា ជាអ្នកចំណាយ។បន្ទាប់មកបានអូសទាញពលរដ្ឋក្នុង ភូមិ២នាក់ ក្រោយមកបានចំនួន២០នាក់ទៀត ហើយនាំទៅប្រគល់ឲ្យលោក អះម៉ាត់ យ៉ះយ៉ា ស្នាក់នៅផ្ទះលេខ៣៤ ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ពេលនោះជនរងគ្រោះត្រូវបានលោក អះម៉ាត់ យ៉ះយ៉ា ធ្វើអត្តសញ្ញាណដោយប្រើឯកសារមិនប្រក្រតី ហើយបានបញ្ជូនចេញពី កម្ពុជា ទៅធ្វើជាស្ត្រីបម្រើតាមផ្ទះនៅប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត តែម្តង ។

តាមរបាយការណ៍បណ្តឹងរបស់ជនរងគ្រោះបានលើកឡើងថា នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ជនរងគ្រោះត្រូវបានថៅកែកេងប្រវ័ញ្ចកម្លាំងពលកម្ម បិទសិទ្ធិសេរីភាពហើយត្រូវបានគេលក់ទៅថៅកែពីម្ចាស់ទី១ ទៅថៅកែទី២ ក្នុងតម្លៃ២ម៉ឺនដុល្លារ ឲ្យធ្វើការងារផ្ទះ ហើយរងការរំលោភផ្លូវភេទនិងមិនទទួលបានប្រាក់ឈ្នួលតាំងពីពេលបញ្ជូនទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីត រហូតដល់អំឡុងខែសីហា ឆ្នាំ២០១៧។

មន្ដ្រីនគរបាលប្រឆាំងការជួញដូរមនុស្ស បន្ថែមថា ជនរងគ្រោះទាំងអស់ទើបតែសង្គ្រោះបានចំនួន២នាក់ប៉ុណ្ណោះ ដោយមានការអន្តរាគមន៍ពី លោក អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការក្រសួងការងារ សហការជាមួយក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ សង្គ្រោះមកកម្ពុជាវិញ៕

website_news/2018120204.txt · Last modified: 2018/02/12 14:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki