website_news:2018120205

រដ្ឋាភិបាលបណ្តេញបរទេស៧នាក់ ពាក់ព័ន្ធអំពើអាសអាភាស

http://www.yobminh.com/ បញ្ញា | February 12, 2018 | ព័ត៌មានជាតិ |

ជនបរទេស៧នាក់ដែលទទួលបានការអនុញ្ញាតឲ្យនៅក្រៅឃុំត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជាហើយ កាលពីចុងសប្តាហ៍ ដោយមិនអនុញ្ញាតឲ្យចូលកម្ពុជាវិញឡើយ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យតុលាការនិងមេធាវី ។ លោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជនបរទេសទាំង៧នាក់ត្រូវបានប្រាប់ឲ្យចាកចេញពីកម្ពុជាហើយ។ លោកនិយាយថា៖ «គេបានឲ្យគាត់នៅក្រៅឃុំបណ្ដោះអាសន្ន គេបានដាក់លក្ខខណ្ឌឲ្យ គាត់ចាកចេញពីកម្ពុជា អត់ឲ្យគាត់ ត្រឡប់មកវិញទេ។ គេបានប្រគល់លិខិតឆ្លងដែនឲ្យ ហើយគាត់ចាកចេញទៅអស់ហើយឥឡូវនេះ»។

កាលពីថ្ងៃពុធ ជនបរទេសចំនួន៧នាក់ ត្រូវបានតុលាការខេត្តសៀមរាបដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ក្រោយពេលជនបរទេសចំនួន១០នាក់ ត្រូវបានសម្ថកិច្ចឃាត់ខ្លួន ហើយតុលាការសម្រេចឃុំខ្លួនពួកគេបណ្ដោះអាសន្ននៅពន្ធនាគារ ដោយចោទថា ផលិតរូបភាពអាសអាភាស និងរាំច្រៀងបែបអាសអាភាស កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ ប៉ុន្តែកាលពីថ្ងៃសៅរ៍ ស្ត្រីជនជាតិកាណាដា២នាក់ឈ្មោះ Eden Kazoleas អាយុ១៩ឆ្នាំ និងឈ្មោះ Jessica Drolet អាយុ២៦ឆ្នាំ បានធ្វើដំណើរទៅដល់ប្រទេសកាណាដាហើយ។

លោកអ៊ូច សុភត្រា មេធាវីការពារជនបរទេសទាំង១០នាក់ក៏បានប្រាប់ឲ្យដឹងដែរថា ជនបរទេសទាំង៧នាក់ដែលត្រូវបានចោទប្រកាន់ថា ផលិតរូបភាពអាសអាភាសនេះ មិនត្រូវបានលើកលែងបទចោទ គឺគ្រាន់តែទទួលបានការនៅក្រៅឃុំបណ្ដោះអាសន្ន ដោយមានការធានា ប៉ុណ្ណោះ។ លោកសុភត្រា និយាយថា៖«នៅក្នុងដីកាសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យហ្នឹង ចៅក្រមតម្រូវឲ្យជនជាប់ចោទទាំងអស់ចេញក្រៅប្រទេសកម្ពុជា។ នៅក្នុងនោះមិនបាននិយាយពីការលើកលែងចោទប្រកាន់ទេ។ ទីមួយគឺហាមមិនឲ្យនៅក្នុងស្រុក ទីពីរមិនឲ្យធ្វើសកម្មភាពអ្វីមួយដែលពាក់ព័ន្ធដល់សណ្ដាប់ធ្នាប់សាធារណៈ គឺហាម២ចំណុចនេះ។ តែមិនមានការនិយាយពីការលើកលែងចោទប្រកាន់ទេ ព្រោះបើលើកលែងទាល់តែមានដីកាដំណោះស្រាយមួយទៀត»។

កាលពីថ្ងៃទី២៥ ខែមករា ជនបរទេស៨៧នាក់ត្រូវបានសមត្ថកិច្ចប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តសៀមរាប ឃាត់ខ្លួនដោយសារពួកគេបានប្រមូលផ្តុំគ្នារៀបចំពិធីជប់លៀងដែលអាជ្ញាធរនិយាយថា «រាំបែបអាសអាភាស» ហើយបានអប់រំ ជនទាំងនោះ ចំនួន ៧៧នាក់ រួចឲ្យត្រឡប់ទៅវិញ ប៉ុន្តែជនបរទេស១០នាក់ដែលសង្ស័យថាជាអ្នករៀបចំកម្មវិធី ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្ត។ រហូតមកទល់ពេលនេះ មានជនបរទេស៣នាក់ទៀតដែលកំពុងស្ថិតនៅក្នុងពន្ធនាគារនៅឡើយ។

តាមរយៈសារព័ត៌មាន iheartradio ជនជាតិកាណាដាដែលបានទៅដល់ប្រទេសរបស់ពួកគេបាននិយាយថា ពួកគេមិនបានដឹង ហើយមិនបានគិតថា ការចូលរួមក្នុងពិធីជប់លៀងស្លៀកពាក់ប៊ីគីនី ធ្វើឲ្យប៉ះពាល់ដល់វប្បធម៌របស់ប្រទេសកម្ពុជាទេ។ ពួកគេបានបដិសេធថាពួកគេមិនបានចូលរួមក្នុងការផលិតរូបភាពអាសអាភាសដូចការចុះផ្សាយឡើយ៕

website_news/2018120205.txt · Last modified: 2018/02/12 14:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki