website_news:2018120301

សហគមន៍ស្រុកតំបែរបារម្ភពីការចំណាកស្រុកទៅក្រៅប្រទេសកាន់តែមានច្រើន

https://www.rfa.org/khmer/ ដោយ វ៉ែន សុមេធ 2018-03-11

ប្រជាសហគមន៍នៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កត់សម្គាល់ថា ពលរដ្ឋក្នុងមូលដ្ឋាននាំគ្នាចាកចេញពីស្រុកកំណើត ដើម្បីទៅស្វែងរកការងារធ្វើនៅតំបន់ឆ្ងាយៗ ពិសេសទៅក្រៅប្រទេសកាន់តែមានច្រើនឡើង។ បញ្ហានេះ កើតឡើងដោយសារ នៅក្នុងមូលដ្ឋានរបស់ពួកគាត់គ្មានមុខរបរ និង ការងារសម្រាប់ធ្វើដូចពេលមុន ម្យ៉ាងពួកគាត់ត្រូវរកប្រាក់ដើម្បីដោះបំណុលគេថែមទៀតផង។

ប្រជាសហគមន៍នៅឃុំត្រពាំងព្រីង កាន់តែបារម្ភ ខណៈឃើញភូមិស្រុករបស់ខ្លួនកាន់តែមានសភាពស្ងប់ស្ងាត់ ដោយសារពលរដ្ឋពេញកម្លាំងចេះតែនាំគ្នាចំណាកស្រុកជាបន្តបន្ទាប់។ ពលរដ្ឋខ្លះនាំគ្នាទៅរកការងារធ្វើនៅខេត្តឆ្ងាយៗ ប៉ុន្តែពលរដ្ឋមួយចំនួនទៀតចេញទៅរកការងារធ្វើនៅក្រៅប្រទេស ពិសេសប្រទេសថៃតែម្តង។ ក្នុងចំណោមពលរដ្ឋចេញទៅប្រទេសថៃនោះ គឺ មានខ្លះចេញទៅដោយស្របច្បាប់ ប៉ុន្តែអ្នកភូមិខ្លះគឺចេញដោយប្រថុយប្រថានជាដើម។ ពលរដ្ឋនៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង លោក ម៉ុន ស៊ីថូ មានប្រសាសន៍ថា បញ្ហាចំណាកស្រុកគឺជារឿងមួយដែលអ្នកភូមិកំពុងព្រួយបារម្ភ។ ព្រួយបារម្ភពីព្រោះ ក្នុងភូមិស្រុកកាន់តែស្ងាត់ជ្រងំ ដោយសារមនុស្សពេញកម្លាំងចាកចេញច្រើន ប៉ុន្តែពួកគាត់ខ្លះចេញទៅក្រៅប្រទេសដោយប្រថុយប្រថានទៀតផង។ ប្រភពដដែល មើលឃើញថា ដោយសារពលរដ្ឋភាគច្រើនជំពាក់បំណុលធនាគារ ហើយតម្លៃលក់កសិផលកាលពីឆ្នាំមុនមានតម្លៃថោកពេក។ ជាក់ស្ដែងដំឡូងមី ស្រស់ កាលពីឆ្នាំ ២០១៧ លក់បានមួយគីឡូក្រាម ជាង ១០០រៀល ធ្វើឱ្យកសិករមួយចំនួនបង្ខំចិត្តទុកដីទំនេរចោល ឬ លក់ដីនោះ ដើម្បីសងបំណុលគេតែម្ដង។ ដោយឡែកឆ្នាំនេះ ដំឡូងមីលក់មួយ(១)គីឡូក្រាម តម្លៃ ៣ ០០រៀល ប៉ុន្តែការផ្ដល់ផលបែរជាធ្លាក់ចុះទៅវិញ ដោយសារដំឡូងមិនល្អ និងមានជំងឺផ្សេងៗផង៖ «តាមសង្កេតមើលទៅ សុទ្ធតែអ្នកខ្វះខាត មិនថាគេមិនថាខ្ញុំទេ។ នៅស្រុកខ្មែរយើងដូចថា រកចិញ្ចឹមគ្រួសារហ្នឹងដូចថា ផ្គត់ផ្គង់ទប់មិនបាន»។

ពលរដ្ឋនៅឃុំត្រពាំងព្រីង មានចំនួនជាង បីពាន់គ្រួសារ( ៣ ៥៨៣) ហើយភាគច្រើនពួកគាត់មានមុខរបរធ្វើស្រែ និងចម្ការ។ ក្នុងចំណោមពលរដ្ឋទាំងនេះ គឺមានប្រមាណ ៨០ភាគរយ ជំពាក់បំណុលធនាគារ។ ក្រៅពីបញ្ហាជំពាក់បំណុលគេ ពលរដ្ឋជាច្រើនក្នុងឃុំត្រពាំងព្រីង គឺមានបញ្ហាប្រឈមពាក់ព័ន្ធរឿងដីព្រៃសហគមន៍ជាង ៥ពាន់ហិកតារ ដែលត្រូវបានអ្នកមានប្រាក់ និងមានអំណាច រំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ លើសពីនេះទៀត ប្រជាសហគមន៍នៅភូមិចំនួន៣ ទៀត គឺ ភូមិជីទ្រុន ភូមិបុស្បស្នោ និង ភូមិស្រែប្រាំង គឺមានវិបត្តិដីធ្លីជាង ១ ពាន់ហិកតារ ជាមួយក្រុមហ៊ុនចិនឈ្មោះ ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) នៅតំបន់នោះទៀតផង។ ពលរដ្ឋមួយរូបទៀត លោក សែម ចំណាន កត់សម្គាល់ថា ដោយសារកត្តាខ្វះខាតក្នុងជីវភាពរស់នៅ និងកង្វះការងារក្នុងស្រុក ទើបបង្ខំឱ្យអ្នកភូមិជាច្រើននាំគ្នាចំណាកស្រុក ទៅរកការងារធ្វើនៅតំបន់ផ្សេង ពិសេសទៅក្រៅប្រទេស។ លោកថា កាលពីមុន ពលរដ្ឋអាចធ្វើស្រែវស្សាផង និងស្រែប្រាំងផង ឬស៊ីឈ្នួលអ្នកភូមិគ្នាឯង និងរកចំណូលពីអនុផលពីព្រៃសហគមន៍របស់ខ្លួន។ ប៉ុន្តែ បច្ចុប្បន្នការធ្វើស្រែប្រាំង មិនបានផល ម្យ៉ាងមុខរបរក្នុងស្រុកក៏គ្មាន ពីព្រោះពលរដ្ឋមួយចំនួនដែលធ្លាប់មានដីធ្វើចម្ការពីមុនមក នាំគ្នាលក់ដីទាំងនោះដើម្បីយកប្រាក់សងបំណុលគេវិញ ។ លើសពីនេះ ដី សហគមន៍របស់ពួកគាត់កំពុងមានជម្លោះជាមួយក្រុមហ៊ុនចិន ហើយដីសហគមន៍ផ្សេងទៀតត្រូវបានអ្នកមានប្រាក់ និងមានអំណាចគ្រប់គ្រងជាដើម៖ «ឥឡូវហ្នឹងការងារនៅក្នុងស្រុកវាអត់មាន ម្យ៉ាងទៀត និយាយទៅពលរដ្ឋនៅក្នុងស្រុកខ្ញុំផ្ទាល់ហ្នឹងវាអត់ការងារធ្វើ។ អត់ការងារធ្វើ មានតែទៅធ្វើការងារនៅស្រុកគេ អាសេដ្ឋកិច្ចក្នុងស្រុកអត់ដំណើរការអីចឹងលោកគ្រូ»។

លោក សែម ចំណាន មើលឃើញថា នៅថ្ងៃមុខ ពិសេសក្រោយពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែររួច ពលរដ្ឋក្នុងភូមិ នឹងចំណាកស្រុកបន្ថែមទៀត ប្រសិនបើសេដ្ឋកិច្ចនៅក្នុងស្រុកមិនរីកចម្រើន ឬខ្វះការងារធ្វើដូចបច្ចុប្បន្ន៖ «ទីមួយខ្ញុំសុំឱ្យរាជរដ្ឋាភិបាល ពិសេសសម្តេចតេជោ ហ៊ុន សែន ធ្វើយ៉ាងណាជួយឱ្យមានរោងចក្រ នៅក្នុងស្រុកមួយ។ អាហ្នឹងជាការការពារពលរដ្ឋចំណាកស្រុក ដើម្បីឱ្យពលរដ្ឋធ្វើការងារក្នុងស្រុក។ ទីពីរ រាជរដ្ឋាភិបាល និងសម្តេចហ្នឹង ពន្លឿន នៃការដោះស្រាយ បញ្ហាដីធ្លីហ្នឹងដើម្បីកាត់បន្ថយពលរដ្ឋចំណាកស្រុក»។ កាលពីពេលកន្លងមក អភិបាលស្រុកតំបែរ លោក នាថ រ៉ាវុធ ធ្លាប់មានប្រសាសន៍ថា ខាងលោកតែងណែនាំពលរដ្ឋឱ្យពួកគាត់នាំគ្នាស្វែងរកការងារធ្វើ នៅក្នុងស្រុក ហើយជៀសវាងការធ្វើចំណាកស្រុកទៅក្រៅប្រទេសដោយប្រថុយប្រថាន ឬដោយខុសច្បាប់។

ទោះជាយ៉ាងណា កាលពីខែធ្នូ ឆ្នាំ ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ការចំណាកស្រុកទៅធ្វើការងារនៅក្រៅប្រទេស គឺពុំមែនមានតែប្រទេសកម្ពុជានោះឡើយ ហើយទីផ្សារកម្លាំងពលកម្មរបស់កម្ពុជា ត្រូវប្រកួតប្រជែងជាមួយទីផ្សារក្នុងតំបន់ថែមទៀត៖ «យើងហ្នឹងបន្តពង្រីកជាមួយហ្នឹងទីផ្សារការងារ របស់យើងនៅក្រៅប្រទេស។ ជាមួយហ្នឹង ការប្រកួតប្រជែងជាមួយកម្មករនៃប្រទេសដទៃ»។ របាយការណ៍បូកសរុបការងាររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីឆ្នាំ២០១៦ និងបានផ្សព្វផ្សាយនៅដើមឆ្នាំ២០១៧ បង្ហាញថា ចំនួនពលរដ្ឋដែលបានទៅធ្វើការងារនៅក្រៅប្រទេសមានចំនួនជាង១ លាននាក់ ដោយពួកគេទៅធ្វើការងារនៅប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន និង កូរ៉េខាងត្បូង។ ក្នុងចំណោមប្រទេសទាំងនេះ ប្រទេសថៃ មានចំនួនពលករខ្មែរទៅធ្វើការងារច្រើនជាងគេ មានចំនួនជាង ១លាននាក់ ហើយពលករដែលមិនទាន់មានឯកសារត្រឹមត្រូវមានចំនួនជាង ៣០ម៉ឺននាក់។ យ៉ាងនេះក្តី ក្នុងឆ្នាំ ២០១៧នោះដែរ រាជរដ្ឋាភិបាលខ្មែរ និងថៃ បានចាប់ផ្ដើមរៀបចំបំពេញឯកសារជូនពលករខុសច្បាប់ទាំងនោះ ដើម្បីឱ្យពួកគេមានឱកាសបំពេញការងារនៅក្នុងប្រទេសថៃដោយស្របច្បាប់ឡើងវិញ។ មន្ត្រីផ្នែកអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC) ខេត្តត្បូងឃ្មុំ លោក ឡេង សេងហាន មានប្រសាសន៍ថា ប្រទេសក្នុងតំបន់អាស៊ាន ដូចជាប្រទេសថៃជាដើមនោះ ការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស ភាគច្រើនជាប្រភេទកម្មករជំនាញ មិនមែនភាគច្រើនជាប្រភេទកម្មករប្រើកម្លាំង ឬជាពលករបម្រើការងារតាមផ្ទះដូចកម្ពុជានោះទេ។ លោកថា ការចំណាកស្រុកទៅធ្វើការងារនៅក្រៅប្រទេសក៏មានចំណុចវិជ្ជមានដែរ ដូចជាទទួលបានប្រាក់កម្រៃខ្ពស់ និង មានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ សំខាន់ឱ្យតែការចំណាកស្រុកនោះ ធ្វើឡើងដោយស្របច្បាប់ និងមានការយកចិត្តទុកដាក់ខ្ពស់ពីក្រុមហ៊ុន ព្រមទាំងរាជរដ្ឋាភិបាល។ ប្រភពដដែល មើលឃើញថា មូលហេតុដែលធ្វើឱ្យពលរដ្ឋនៅស្រុកតំបែរ នាំគ្នាចំណាកស្រុកជាបន្តបន្ទាប់ គឺ ដោយសារបញ្ហាប្រឈមក្នុងគ្រួសារតែម្ដង។ ជាក់ស្ដែង ពលរដ្ឋភាគច្រើនជំពាក់បំណុលធនាគារ ខ្វះដីធ្លីសម្រាប់បង្កបង្កើនផល កង្វះចំណេះដឹង កង្វះការងារធ្វើ ឬ មានប្រាក់កម្រៃទាប ព្រមទាំងបញ្ហាតម្លៃកសិផលថោក៖ «ស្រុកយើងមុខរបរវាមិនសូវមានទេ ហើយការធ្វើកសិកម្មរបស់គាត់ហ្នឹងក៏ប្រឈមទៅហ្នឹង ការខាតបង់ ឬក៏គ្មានទីផ្សារអីច្បាស់លាស់»។

មន្ត្រីផ្នែកអង្កេតរូបនេះ យល់ថា ប្រសិនបើ រាជរដ្ឋាភិបាល ចេះតែបញ្ជូនពលករទៅធ្វើការងារនៅក្រៅប្រទេស ម្យ៉ាងពលរដ្ឋខ្លួនឯងចេះតែចំណាកស្រុកបន្ថែមទៀត នៅថ្ងៃខាងមុខ ប្រទេសកម្ពុជានឹងប្រឈមកង្វះកម្លាំងពលកម្មជាក់ជាមិនខាន។ បញ្ហានេះ នឹងប៉ះពាល់ដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់ជាតិទៀតផង។ លោកគិតថា ដើម្បីកាត់បន្ថយការចំណាកស្រុកទៅក្រៅប្រទេស រដ្ឋាភិបាលគប្បីដោះស្រាយវិបត្តិដីធ្លីជូនពលរដ្ឋមានជម្លោះ។ បង្កើតការងារក្នុងស្រុកឱ្យបានច្រើន និងមានប្រាក់ខែសមរម្យ ព្រមទាំងស្វែងរកទីផ្សារលក់ផលិតផលកសិកម្ម ឬកសិ-ឧស្សាហកម្ម ក្នុងតម្លៃខ្ពស់ជូនកសិករជាដើម៕

website_news/2018120301.txt · Last modified: 2018/03/12 14:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki