website_news:2018120312

កម្ពុជាបញ្ជូនពលករ ទៅបំរើការងារ នៅក្រៅប្រទេស ជិត១០ម៉ឺននាក់ នៅឆ្នាំ២០១៧

https://www.dap-news.com/kh/ ថ្ងៃច័ន្ទ, ១២ មិនា ២០១៨ 12:50 ដោយ: ស សំណាង ID:012

ភ្នំពេញ ៖ កម្ពុជាបានបញ្ជូន កំលាំងពលកម្ម ទៅបំរើការងារ នៅក្រៅប្រទេស ដើម្បីទទួល ប្រាក់កម្រៃមកផ្គត់ផ្គង គ្រួសារមានជិត១០ម៉ឺននាក់ ក្នុងឆ្នាំ២០១៧ ដែលមានការ កើនឡើង ១២.៦% បើប្រៀបធៀប នឹងឆ្នាំ២០១៦ មានជាង៨ម៉ឺននាក់។ យោងតាមរបាយការណ៍ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញ ផ្សាយ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ថា ក្រសួងការងារ បានបញ្ជូនពលករទៅធ្វើការ នៅក្រៅប្រទេស មាន ចំនួន៩៦.៣៣៨នាក់ (ស្រី៣៨.១៩៨នាក់) បើធៀបនឹងឆ្នាំ២០១៦ មានចំនួន៨៥.៥៧៦នាក់ (ស្រី ៣៤.៧៣០នាក់)។

របាយការណ៍ឲ្យដឹងទៀតថា ពលករបញ្ជូនទៅរួមមាន៖ ថៃចំនួន៨៧.៩០៩នាក់ (ស្រីចំនួន ៣៥.១៦៤នាក់) កូរ៉េចំនួន៥.៩៦៧នាក់ (ស្រីចំនួន១.៦៣១នាក់) ជប៉ុនចំនួន២.២៨០នាក់ (ស្រីចំនួន១.២៤១នាក) ម៉ាឡេស៊ីចំនួ ២៧នាក់ (ស្រីចំនួន៧នាក់) សិង្ហបុរីចំនួន១៣៨នាក់ (ស្រីចំនួន ១៣៨នាក់) អារ៉ាប់ប៊ីសាអូឌីតចំនួន១២នាក់ (ស្រីចំនួន១២នាក់) និងតំបន់រដ្ឋបាល ពិសេសហុងកុងចំនួន៥នាក់ (ស្រី៥នាក់)។

របាយការណ៍របស់ក្រសួងការងារក៏បានឲ្យដឹងទៀតថា គិតចាប់ឆ្នាំ២០០៧ ដល់ឆ្នាំ ២០១៧ ពលរដ្ឋទទួលបានការងារធ្វើចំនួន៩១៦.២៤៩នាក់ (ស្រីចំនួន៥១៩.៨៧០នាក់) ក្នុងនោះ ក្នុងប្រទេសចំនួន៥៩៣.០៨៧នាក់ (ស្រីចំនួន៣៨២.៦៨៨នាក់) នៅក្រៅប្រទេស ចំនួន ២៧០.៩២៧នាក់ (ស្រីចំនួន១១៧.០៩៨នាក់) ថៃ ចំនួន២២០.៨៩៧នាក់ (ស្រី៨៧.១៧៧នាក់) កូរ៉េចំនួន៥៦.៧១០នាក់ (ស្រីចំនួន១១.៧៦៣នាក់) ជប៉ុនចំនួន៦.១៣០នាក់ (ស្រី៣៥២៣នាក់) ម៉ាឡេស៊ីចំនួន ៣៨.៧៨៣នាក់ (ស្រី៣៤.០៧៧នាក់) សិង្ហបុរីចំនួន៦២៥នាក់ (ស្រីចំនួន ៦២៥នាក់) អារ៉ាប់ប៊ីសាអូឌីតចំនួន១២នាក់(ស្រី១២នាក់) និងតំបន់រដ្ឋបាលពិសេស ហុងកុងចំនួន៥នាក់(ស្រី៥នាក់)។

បើតាមលោករដ្ឋមន្ត្រី អ៊ិត សំហេង បច្ចុប្បន្នមានពលករកម្ពុជា ជាង១.២លាននាក់ កំពុងធ្វើការងារនៅបរទេស ហើយបាននាំយកប្រាក់ ចំណូលមកក្នុងប្រទេសវិញ ជិត២លានដុល្លារក្នុង១ឆ្នាំ ព្រមទំាងទទួលបានមុខជំនាញវិជ្ជាជីវៈ ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ៕

website_news/2018120312.txt · Last modified: 2018/03/12 15:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki