website_news:2018120401

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សចុះMOU ជាមួយអង្គការក្រៅរដ្ឋាភិបាល ស្តីពីការការពារពលករខ្មែរ

http://bayontv.com.kh/ 10/04/2018

ភ្នំពេញ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នា ជាមួយអង្គការក្រុមអ្នកស្ម័គ្រចិត្តស៊ីវិលដែលហៅកាត់ថាGVC ដើម្បីការពារ និងការតស៊ូមតិលើសិទ្ធពលករទេសន្តរប្រវេសក៍ក្នុងប្រទេសថៃ។ ការចុះអនុស្សរណៈលើការពារពលករនេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៩ ខែមេសានៅអគ្គនាយកដ្ឋានជួញដូរមនុស្សក្រុងភ្នំពេញ។

ថ្លែងប្រាប់ដល់អ្នកសារព័ត៌មានក្រោយពីចុះអនុស្សរណៈនោះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោកជំទាវ ជូ ប៊ុនអេង បានឲ្យដឹងថា ការចុះអនុស្សរណៈជាមួយអង្គការក្រុមអ្នកស្ម័គ្រចិត្តស៊ីវិល“GVC”នេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីសហការគ្នាជួយដល់បងប្អូនពលករខ្មែរដែលធ្វើការនៅប្រទេសថៃនៅពេលពួកគេមានបញ្ហាអ្វីមួយកើតឡើង។ លោកជំទាវបន្តថា អង្គការក្រុមអ្នកស្ម័គ្រចិត្តស៊ីវិល “GVC”មានស្នាក់ការនៅក្នុងក្រុងសៀមរាប ជាប់ជាយដែនកម្ពុជា-ថៃ។ អង្គការនេះមានបណ្តាញច្រើននៅក្នុងប្រទេសថៃ។ ដូច្នេះពេលដែលពលករខ្មែរមានបញ្ហាអ្វីកើតឡើងគឺអង្គការនេះបានដឹង និងអាចរាយការណ៍បន្តឱ្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ក្រុមការងាររបស់ក្រសួងនឹងចុះដើម្បីជួយ និងអន្តរាគមន៍ដល់បងប្អូនពលករទាំងនោះតែម្តងនៅពេលទទួលបានសេចក្តីរាយការណ៍ផ្សេងៗ។ លោកជំទាវជូ ប៊ុនអេងបានអះអាងថា នាពេលខាងមុខរាជរដ្ឋាភិបាលដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទានឹងធ្វើកន្លែងស្នាក់នៅបណ្តោះអាសន្ននៅ ច្រកក្រុងប៉ោយប៉ែត។ ការធ្វើកន្លែងស្នាក់នៅបណ្តោះអាសន្ននេះដើម្បីជួយដល់បងប្អូនពលករខ្មែរដែលត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកវិញ។ ហើយស្របពេលដែលគេបញ្ជូនមកវិញនោះក្រុមការងារគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនឹងធ្វើការសាកសួរដល់ពួកគេអំពីមូលហេតុដែលកើតមានឡើងលើពួកគេ៕

website_news/2018120401.txt · Last modified: 2018/04/12 14:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki