website_news:2018120404

ច្រកទ្វារព្រំដែនអន្តរជាតិខេត្តប៉ៃលិន មិនសូវមានពលករឆ្លងកាត់

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ២២:២០ នីយ៉ា

ខេត្តប៉ៃលិន ៖ គេសង្កេតឃើញថា នៅកៀកចូលឆ្នាំខ្មែរប្រពៃណីជាតិឆ្នាំ២០១៨នេះ ក៏ដូចជារៀងរាល់ឆ្នាំដែរ ច្រកទ្វារអន្តរជាតិខេត្តប៉ៃលិន ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មិនសូវមានពលករ ឆ្លងកាត់ចូលមកលេងទឹកដីខ្មែរដូចជានៅច្រកទ្វារខេត្តផ្សេងៗនោះទេ។ ខណៈច្រកទ្វារឡែម ក្នុងភូមិដូង ឃុំដូង ស្រុកកំរៀង ខេត្តបាត់ដំបង មានពលករឆ្លងដែនចូលមកលេងស្រុកកំណើតនាឱកាសបុ ណ្យចូលឆ្នាំខ្មែរនេះយ៉ាងគគ្រឹកគគ្រេង។ ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ គេសង្កេតឃើញថា នៅច្រកទ្វារអន្តរជាតិព្រំស្ងាត់ អត់សូវឃើញមានពលករ ឆ្លងចូលមកលេងស្រុកកំណើតតាមបណ្តាខេត្តនានាប៉ុន្មានោះទេ។

ប្រភពព័ត៌មានពីអ្នករត់ម៉ូតូឌុបម្នាក់ ឈ្មោះ សុខ លាង អាយុ៤៥ឆ្នាំ ស្នាក់នៅក្នុងភូមិខាងលើបានរៀបរាប់ឱ្យដឹងថា គាត់មិនឃើញមានសកម្មភាពអ្វីខុសប្លែកនោះទេ ទោះជាថ្ងៃធម្មតាក៏ដូចជាថ្ងៃបុណ្យទាន ភ្ជុំបិណ្ឌ ឬបុណ្យចូលឆ្នាំដែរ ប្រជាពលរដ្ឋដែលចេញចូលតាម ច្រកទ្វារអន្តរជាតិ មានតិចតួច មិនដូចជានៅច្រកទ្វារផ្សេងៗនោះទេ។ គាត់បន្តទៀតថា ណាមួយប្រហែលជាដោយសារតែច្រកទ្វារ អន្តរជាតិផ្សេងបង្កភាពងាយស្រួលជាង ព្រោះផ្លូវដើរឆ្លងកាត់ក្បែរទឹកដីថៃជាងច្រកទ្វារខេត្តប៉ៃលិន។ ម្យ៉ាងទៀត ច្រកទ្វារផ្សេងមានភាពធំទូលាយជាង មានសមត្ថកិច្ចប្រចាំច្រករួសរាយរាក់ជាងក៏មិនដឹងដែរ ព្រោះតាមច្រកនីមួយៗ មិនមានការយកលុយយកាក់ពីប្រជាពលរដ្ឋ និងពលករដូចគ្នាដែរ។

ចំណែកការធ្វើដំណើរតាមច្រកទ្វារព្រំដែនខេត្តប៉ៃលិន ទៅធ្វើការងារនៅប្រទេសថៃ ក៏អត់សូវមានប្រជាពលរដ្ឋឆ្លងដែនច្រើនប៉ុន្មានដែរ ខណៈច្រកទ្វារអន្តរជាតិឡែម ភូមិដូង មានពលករចេញចូលទៅមករាប់សិបនាក់ឯនោះក្នុង១ថ្ងៃៗ។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ ខាងមន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនខេត្តប៉ៃលិន ធ្លាប់ឱ្យភ្នាក់ងារយើងដឹងដែរថា មូលហេតុដែលពលករអត់សូវឆ្លងកាត់តាមច្រកទ្វារមួយនេះ ដោយសារតែផ្លូវចូលពីទឹកដីថៃចូលមកខ្មែរមានរយៈចម្ងាយជាងច្រកទ្វារអន្តរជាតិដូងខេត្តបាត់ដំបង ហើយខាង សមត្ថកិច្ចថៃនៅខាងខេត្តប៉ៃលិនមានការតឹងរ៉ឹងជាងច្រកផ្សេង ដូច្នេះហើយប្រជាពលរដ្ឋមិនសូវចូលមកនោះទេ។ ម្យ៉ាងវិញទៀត ផ្លូវចូលពីថៃមកខេត្តប៉ៃលិន និងផ្លូវចូលពីថៃមកតាមខេត្តបាត់ដំបងជា ផ្លូវតែមួយ ហើយផ្លូវគេមានលក្ខណៈងាយស្រួលជាង៕

website_news/2018120404.txt · Last modified: 2018/04/12 14:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki