website_news:2018120903

តុលាការកំពូល ជម្រះក្ដីឡើងវិញលើរឿងបុរសអង់គ្លេស រំលោភក្មេងស្រី

https://www.postkhmer.com/ គឹម សារុំ | Publication date 11 September 2018 | 09:33 ICT

ភ្នំពេញៈ តុលាការកំពូលកាលពីម្សិលមិញបានបើកសវនាការលើបណ្តឹងសើរើជនបរទេសម្នាក់ដោយកំបាំងមុខមកជំនុំជម្រះដោយមិនមានវត្តមានទណ្ឌិតរូបនេះដែលតុលាការកំពូលប្រកាសតម្កល់សាលដីកាឲ្យជាប់គុក ១០ ឆ្នាំម្តងមកហើយរឿងរំលោភកុមារីកម្ពុជា ដែលប្រព្រឹត្តកាលពីឆ្នាំ ២០០៩ នៅរាជធានីភ្នំពេញ។ លោកព្រះរាជអាជ្ញា ឌុច គឹមសន ជាតំណាងមហាអយ្យការបានសន្និដ្ឋានថា ទណ្ឌិតឈ្មោះ David Jonh Flecher ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ។ ប៉ុន្តែទណ្ឌិតរូបនេះមិនសុខចិត្តក៏ប្តឹងបន្តទៅសាលាឧទ្ធរណ៍ទៀតតែត្រូវសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញឲ្យទណ្ឌិតរូបនេះជាប់ទោស ១០ ឆ្នាំដដែល។ ទណ្ឌិតនេះនៅតែមិនសុខចិត្តក៏ប្តឹងសារទុក្ខមកតុលាការកំពូលហើយត្រូវតុលាការកំពូលសម្រេចតម្កល់ទោស ១០ ឆ្នាំដដែល។

លោក គឹមសន ថ្លែងថា៖ «ប៉ុន្តែបើផ្អែកលើអង្គហេតុបង្ហាញថា ទណ្ឌិតរូបនេះមិនបានប្រព្រឹត្តទេ។ សូមក្រុមប្រឹក្សាជំនុំជម្រះពិចារណាតាមច្បាប់»។ លោក ស្រី ម៉ុន វិមានចំប៉ា ជាមេធាវីការពារសិទ្ធិឲ្យលោក David បានឯកភាពតាមលោកតំណាងមហាអយ្យការ។ លោកស្រីថា៖ «ព្រោះបើតាមលិខិតពីគ្រូពេទ្យបញ្ជាក់ថាសន្ទះព្រហ្មចារីរបស់ក្មេងស្រីនោះនៅល្អ គ្មានដាច់រហែកទេ ខ្ញុំសូមតុលាការដោះលែងគាត់ដើម្បីឲ្យគាត់បានទៅស្រុកព្យាបាលជំងឺរបស់គាត់»។ ទណ្ឌិតឈ្មោះ David អាយុ ៧៧ ឆ្នាំជាជនជាតិអង់គ្លេសបានរំលោភកុមារីកម្ពុជាម្នាក់អាយុ ១៦ ឆ្នាំក្រោយប្រព្រឹត្តរួចជនជាប់ចោទបានរត់គេចខ្លួនទៅប្រទេសថៃ ហើយក៏ចាប់ខ្លួនបានវិញកាលពីអំឡុងឆ្នាំ ២០១០។ សាលដីកានេះនឹងប្រកាសនៅថ្ងៃទី ១៧ កញ្ញា ខាងមុខ៕

website_news/2018120903.txt · Last modified: 2018/09/12 12:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki