website_news:2018121001

ពលករខ្មែរនៅកូរ៉េ សុំឲ្យសម្តេចតេជោ មកទស្សនកិច្ចនៅកូរ៉េ ជួបសំណេះសំណាល និងផ្តល់ភាពកក់ក្តៅ

https://www.dap-news.com/ ByID:111 Posted on 12 October 2018 | 11:29

ភ្នំពេញ៖ តំណាងពលករមកពីតំបន់ឆាំងវ៉ុន នៃសាធារណរដ្ឋកូរ៉េ បានស្នើសុំទៅកាន់រដ្ឋមន្រ្តី ក្រសួង បរិស្ថាន លោក សាយ សំអាល់ សូមឲ្យជួយពាំនាំសំណូមពររបស់ពួកគាត់ ដើម្បីស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីមកបំពេញទស្សនៈកិច្ចនៅកូរ៉េខាងត្បូង។ ការស្នើសុំនេះបានធ្វើឡើង នាទីក្រុងសេអ៊ូល នៅថ្ងៃអង្គារ៍ ទី០៩ ខែតុលា ឆ្នាំ២០១៨ ត្រូវជាថ្ងៃភ្ជុំធំ ខណៈស្ថានឯកអគ្គរាជទូតកម្ពុជា បានរៀបចំកម្មវិធីសំណេះ សំណាល និងពិសារអាហារសាមគ្គី ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការងារ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ ចំនួន ប្រមាណជាង២០០នាក់ ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅមជ្ឍមណ្ឌលគាំពារពលករបរទេស។

ក្នុងវេទិការសំណេះសំណាល លោក មាជ ចាន់ដារ៉ារ័ត្ន តំណាងពលករមកពីទីក្រុងឆាំងវ៉ុន បានស្នើសុំ ទៅកាន់រដ្ឋមន្រ្តីក្រសួងបរិស្ថាន សូមឱ្យជួយពាំនាំសំណូមពររបស់ខ្លួន ដើម្បីស្នើសុំសម្ដេចតេជោ នាយករដ្ឋមន្រ្តី ដើម្បីមកបំពេញទស្សនៈកិច្ចនៅកូរ៉េខាងត្បូង តាមពេលវេលាសមស្របណាមួយ ដើម្បីបានជួបសួរសុខទុក្ខ សំណេះ សំណាល និងផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋ ខ្មែរដែលកំពុងរស់នៅ ធ្វើការងារ និងសិក្សា ក្នុងជីវភាពល្អប្រសើរនៅសាធារណរដ្ឋកូរ៉េ ដែលមានប្រមាណជិត ៦ម៉ឺននាក់

ឆ្លើយតបនឹងសំណូមពរនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក សាយ សំអាល់ សន្យានឹងនាំយកសំណូមពរនេះទៅជម្រាបជូនសម្ដេចតេជោ។ បន្ថែមពីលើនេះលោករដ្ឋមន្រ្តីបានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ សូមបន្ដយកចិត្តទុកដាក់លើកិច្ច ការងារ ប្រឹងប្រែងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ និងរៀនបន្ថែមនូវភាសារបរទេស ដោយហេតុតែកម្ពុជា បច្ចុប្បន្នកំពុងមានតម្រូវការលើធនធានមនុស្ស ផ្នែកបច្ចេកទេសជាច្រើនក្នុងការចូលរួម អភិវឌ្ឍន៍ប្រទេស។

គួរបញ្ជាក់ដែរថា ក្នុងឱកាសនោះដែរ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ក៏បានជំរាបជូនលោករដ្ឋមន្ត្រី សាយ សំអាល់ អំពីសភាពការណ៍មួយចំនួន ជំវិញស្ថានភាពរស់នៅរបស់ បងប្អូនប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ទាំងអ្នកមានការងារធ្វើ អ្នកដែលរៀបការប្តីប្រពន្ធនៅកូរ៉េ និង សិស្ស និស្សិត កំពុងសិក្សារស់នៅកូរ៉េ ក៏ដូចបង្ហាញពីវឌ្ឍនភាពនៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េ៕ ដោយ ៖ ស៊ាន កុសល

website_news/2018121001.txt · Last modified: 2018/10/12 15:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki