website_news:2018130204

ឆ្នាំ២០១៧៖ ស្ត្រីខ្មែរជិត២ម៉ឺននាក់ចេញទៅធ្វើការនៅក្រៅប្រទេស ខណៈរបាយការណ៍ថា ស្រ្តីទទួលបានចំណូលតិចជាងបុរស

http://km.rfi.fr/cambodia/ ដោយ វ៉ា សំណព្វ 12/02/2018

ឆ្នាំ២០១៧កន្លងទៅនេះ មានស្រ្តីខ្មែរសរុបជិត២ម៉ឺននាក់ បានចេញទៅបម្រើការងារនៅក្រៅប្រទេសក្នុងចំណោមពលករសរុបជាង៥ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។ ទន្ទឹមគ្នានេះ ស្ត្រីខ្មែរនៅតែប្រឈមនឹងការរើសអើង អំពើហិង្សា និងចំណាកស្រុកដោយប្រថុយប្រថាន។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០១៧ ដែលលើកឡើងដោយរដ្ឋមន្រ្តីក្រសួងកិច្ចការនារីកម្ពុជា លោកស្រី អ៊ឹង គន្ថាផាវី បានកត់សំគាល់ថា មានស្រ្តីខ្មែរសរុបជិត២ម៉ឺននាក់ បានចេញទៅបម្រើការងារនៅក្រៅប្រទេស ក្នុងចំណោមពលករសរុបជាង៥ម៉ឺននាក់។ ដោយក្នុងនោះ ១៨,០៩៧នាក់ បានទៅធ្វើការងារស្របច្បាប់នៅប្រទេសថៃ ជប៉ុន និងសិង្ហបុរី និង១,៦៣១នាក់ ក្នុងចំណោមពលករ-ពលការិនីសរុប៥,៩៦៧នាក់ដែលទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការលើកឡើងរបស់លោកស្រីរដ្ឋមន្រ្តី នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៨ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដោយមានការចូលរួមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង នៅព្រឹក ថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០១៨នេះ។

ក្រៅពីនេះ លោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានឲ្យដឹងដែរថា ចំនួនស្ត្រី ជាមន្ត្រីរាជការស៊ីវិលមានរហូតដល់ទៅ៤១ភាគរយ នៃចំនួនមន្ត្រីរាជការសរុបជាង២១ម៉ឺននាក់ (២១៤,០១០នាក់)។ ចំនួននេះ បានកើនឡើងប្រមាណ១ភាគរយបើធៀបនឹងឆ្នាំ២០១៦។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកស្រីរដ្ឋមន្រ្តី បានលើកឡើងថា ស្រ្តីកម្ពុជានៅតែប្រឈមនឹងការរើសអើង រងនូវអំពើហិង្សា និងចំណាកស្រុកដោយប្រថុយប្រថាន ដែលបញ្ហានេះ បានបង្កហានិភ័យក្នុងភាពងាយរងគ្រោះរបស់ស្ត្រី និងអាចរារាំងដល់ការរីកចម្រើន នៃស្ថានភាពស្ត្រីក្នុងសង្គមដែលកំពុងវិវត្តយ៉ាងលឿន ដើម្បីប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចក្នុងតំបន់ និងឆាកអន្តរជាតិ។ ហើយក្នុងនោះបើតាមលោកស្រី នៅឆ្នាំ២០១៧កន្លងទៅនេះ មានពលការិនីកម្ពុជា សរុប៥៦២នាក់ត្រូវបានជួយសង្រ្គោះ និងបញ្ជូនឲ្យវិលត្រឡប់មកកម្ពុជាវិញ។

សូមបញ្ជាក់ថា ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងកិច្ចការនារីកម្ពុជា គឺធ្វើឡើងស្របពេលដែលប្រទេសកម្ពុជា និងពិភពលោកត្រៀមប្រារព្ធទិវាសិទ្ធនារីអន្តរជាតិ ៨ មីនាខាងមុខនេះ។ នៅក្នុងរបាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិសម្រាប់សិទ្ធិស្រ្តី នៅថ្ងៃទី ១២ កុម្ភៈ បានលើកឡើងថា ស្រ្តីនៅលើពិភពលោកនៅតែទទួលចំណូលមិនស្មើបុរសនោះទេ បើទោះបីជាការងារដូចគ្នាក៏ដោយ៕

website_news/2018130204.txt · Last modified: 2018/02/13 14:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki