website_news:2018130205

លោក អះម៉ាត់ យ៉ះយ៉ា ប្រតិកម្មចំពោះតុលាការចេញដីកាចាប់ខ្លួនលោកករណីក្លែងបន្លំឯកសារ

https://www.rfa.org/khmer/ ដោយ អាស៊ីសេរី 2018-02-12

អតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា ប្រតិកម្មចំពោះដីកាចាប់ខ្លួនលោកពាក់ព័ន្ធនឹងរឿងបញ្ជូនពលករទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីជាង ១០ឆ្នាំមុននោះថា ជារឿងប្រឌិតដើម្បីធ្វើបាបរូបលោក។ លោក អះម៉ាត់ យ៉ះយ៉ា ឲ្យដឹងនៅថ្ងៃទី១២ ខែកុម្ភៈ ថា៖ កាលពីឆ្នាំ២០០៥ លោកបានបង្កើតក្រុមហ៊ុនបញ្ជូនពលករទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយក្រុមហ៊ុននេះអនុញ្ញាតពីក្រសួងការងារត្រឹមត្រូវ ក៏ប៉ុន្តែក្រុមហ៊ុននេះដំណើរការបានប្រមាណតែ ៣ខែប៉ុណ្ណោះ ក្រសួងបានបញ្ចប់អាជ្ញាប័ណ្ណទៅវិញ។ លោកអះអាងថា លោកមិនបានក្លែងឯកសារស្ត្រីដែលសមត្ថកិច្ចចោទប្រកាន់រូបលោកថា បានកែអាយុនោះឡើយ ព្រោះស្ត្រីរូបនោះមានលិខិតឆ្លងដែនស្រាប់ មុននឹងបានមកទាក់ទងលោកសុំបញ្ជូនទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយស្ត្រីរូបនេះក៏ធ្លាប់បានពន្យល់ប្រាប់អំពីការកែឈ្មោះនេះដែរ តែលោកនៅតែមិនយល់ចំពោះសមត្ថកិច្ច និងតុលាការចេញដីការចាប់ខ្លួនលោក។

លោក អះម៉ាត់ យ៉ះយ៉ា អះអាងថា ការចាប់ខ្លួនលោក អ៊ីស្មាឯល ពិនអូស្មាន នេះ គឺពាក់ព័ន្ធនឹងទំនាស់បុគ្គលរវាងលោក និងលោក អូស្មាន ហាស្សាន់ ក៏ត្រូវជាក្មួយរបស់លោកដែរ។ លោកបញ្ជាក់ថា លោក អ៊ីស្មាឯល ពិនអូស្មាន នេះ ត្រូវជាបងប្អូនជីដូនមួយរបស់លោក អូស្មាន ហាស្សាន់។ លោកអះអាងថា មានសាច់ញាតិរបស់លោកប្រាប់លោកថា លោក អូស្មាន ហាស្សាន់ បានបញ្ចុះបញ្ចូលលោក អ៊ីស្មាឯល ពិនអូស្មាន ដើម្បីឲ្យធ្វើជាសាក្សី ថាលោក អ៊ីស្មាឯល នេះ ធ្លាប់បានធ្វើការជាមួយក្រុមហ៊ុនលោក ប៉ុន្តែលោក អ៊ីស្មាឯល បានបដិសេធ បញ្ហានេះហើយដែលឈានដល់ការចាប់ខ្លួនលោក អ៊ីស្មាឯល នោះ៖ «រឿងនេះវាយូរហើយ តាំងពីឆ្នាំ២០០៥ មកម្ល៉េះ ហើយរឿងអ៊ីស្មាឯល ពិនអូស្មាន នេះ មិនជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនយើងទេ ហើយរឿងក្លែងបន្លំឯកសារនេះសាមីខ្លួន គឺស្ត្រីដែលត្រឡប់មកពីប្រទេសអារ៉ាប់ឆ្លើយប្រាប់អ្នកកាសែតថា ខ្លួនជាអ្នកកែឈ្មោះអាយុដោយខ្លួនឯង ហើយបានធ្វើលិខិតឆ្លងដែនមុននឹងមកសុំការងារនៅក្រុមហ៊ុនរបស់ខ្ញុំ ដូច្នេះក្រសួងមហាផ្ទៃ ជាអ្នកទទួលខុសត្រូវរឿងនេះ ក្រុមហ៊ុនដឹងតែពីយកមកធ្វើការដោយយោងលើអាយុគាត់គ្រប់ ដែលសំអាងនៅក្នុងប៉ាសស្ព័ររបស់គាត់»។

សាលាដំបូងបានចេញដីការចាប់ខ្លួនលោក អះម៉ាត់ យ៉ះយ៉ា ពីបទក្លែងអត្តសញ្ញាណនេះ នៅក្រោយពីសមត្ថកិច្ចបានចាប់ខ្លួនបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ីស្មាឯល ពិនអូស្មាន ដែលត្រូវជាក្មួយរបស់លោក អះម៉ាត់ យ៉ះយ៉ា កាលពីថ្ងៃទី៧ ខែកុម្ភៈ ពាក់ព័ន្ធនឹងករណីដើរឃោសនារកពលករឲ្យក្រុមហ៊ុន Accept Group របស់លោក អះម៉ាត់ យ៉ះយ៉ា។

លោ អះម៉ាត់ យ៉ះយ៉ា បន្ថែមថា មូលហេតុចំបងដែលលោក អូស្មាន ហាស្សាន់ ធ្វើទុក្ខបុកម្នេញលោកមិនចេះចប់នេះ ដោយសារតែលោក អូស្មាន ហាស្សាន់ អនុញ្ញាតឲ្យក្រុមហ៊ុន ស៊ូកាគូ ធ្វើផ្លូវចេញពីតំបន់បឹងកក់ ពុះរបងកាត់វិហារអ៊ីស្លាមបឹងកក់ ប៉ុន្តែពលរដ្ឋជាច្រើន រួមទាំងលោកផង បានជំទាស់ ហើយសុំឲ្យធ្វើផ្លូវវាងតាមរបង តែលោក អូស្មាន ហាស្សាន់ មិនព្រម៖ «រឿងពុះដីវិហារបឹងកក់ មិនមែនតែខ្ញុំម្នាក់ជាអ្នកអ្នកជំទាស់នោះទេ គឺសួរប្រជាមតិប្រជាពលរដ្ឋ ៨០ ទៅ ៩០% ហើយដែលជំទាស់ មិនមែនខ្ញុំប្រឆាំងទេ ហើយយើងសុំទទូចឲ្យរដ្ឋាភិបាលធ្វើវាងតាមរបង តែ អូស្មាន ហាស្សាន់ មិនព្រម។ …តាមខ្ញុំដឹងគឺពុះផ្លូវទៅ អូស្មាន ហាស្សាន់ ចង់សង់ខុនដូ សង់នេះសង់នោះនៅម្ខាងផ្លូវទៀតនៅទីនោះ ដោយសុំលុយពីអារ៉ាប់មក»។

អាស៊ីសេរី មិនអាចទាក់ទងលោក អូស្មាន ហាស្សាន់ ដើម្បីឆ្លើយតបពីការចោទប្រកាន់នេះ បាននៅឡើយទេ នៅថ្ងៃទី១២ ខែកុម្ភៈ។ លោក អះម៉ាត់ យ៉ះយ៉ា បញ្ជាក់ថា លោកមកដល់ទីសុវត្ថិភាពហើយ៕

website_news/2018130205.txt · Last modified: 2018/02/13 14:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki