website_news:2018130301

ស្ត្រីខ្មែររងគ្រោះនៅម៉ាឡេស៊ី ធ្លាក់ខ្លួនឈឺពេលមកដល់កម្ពុជាវិញ

https://www.rfa.org/khmer/ ដោយ តាំង សារ៉ាដា 2018-03-12

ស្ត្រីខ្មែរម្នាក់ដែលរងគ្រោះនៅប្រទេសម៉ាឡេស៊ី ដោយសារចាញ់បោកក្រុមហ៊ុននាំទៅធ្វើការខុសច្បាប់នោះ បានធ្លាក់ខ្លួនឈឺ ដោយសារថៅកែជនជាតិម៉ាឡេស៊ី បង្ខាំង និងបង្ខំឲ្យធ្វើការហួស កម្លាំងជាច្រើនឆ្នាំ។ ស្ត្រីខ្មែររូបនេះ បានរត់គេចខ្លួន និងត្រូវបានស្ថានទូតខ្មែរ ជួយសង្គ្រោះ និងបានមកដល់ស្រុកខ្មែរវិញហើយកាលពីថ្ងៃទី១១ កុម្ភៈ។ ស្ត្រីរងគ្រោះ និងមន្ត្រីសិទ្ធិមនុស្សស្នើឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ជួយស្វែងរកក្រុមហ៊ុនដែលមិនបានគោរពកិច្ចសន្យា ចាត់ការតាមច្បាប់ និង ជួយផ្តល់ចំណេះជំនាញវិជ្ជាជីវៈមុខរបរដល់ស្ត្រីរងគ្រោះ។ ពលការិនីខ្មែររងគ្រោះមា្នក់ ដែលមានដើមកំណើតនៅភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង បានរៀបរាប់ពីទុក្ខលំបាករបស់ខ្លួនក្នុងនាមជាអ្នកបម្រើការនៅតាមផ្ទះជាច្រើនឆ្នាំ នៅក្នុងប្រទេសម៉ាឡេស៊ី ក្រោយពីនាង បានមកដល់ស្រុកខ្មែរវិញ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ តាមរយៈកិច្ចអន្តរាគមន៍របស់ស្ថានទូតខ្មែរ និងអង្គការសង្គមស៊ីវិល។

កញ្ញា យ៉ន សុគា អាយុ ២៨ឆ្នាំ រៀបរាប់ថា ដោយសារតែជីវភាពគ្រួសារក្រីក្រលំបាកខ្លាំងនោះ នាង បានបង្ខំចិត្តចាកចោលគ្រួសារ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ចំនួនពីរលើក គឺនៅឆ្នាំ២០០៦ម្ដង និងនៅឆ្នាំ២០១៤ ម្តង។ នាង បញ្ជាក់ថា កាលទៅធ្វើការលើកទី១ គឺក្រុមហ៊ុន មិនបានបោកប្រាស់ នោះទេ ហើយក៏បានធ្វើការរស់នៅជាមួយថៅកែល្អដែរ ប៉ុន្តែលើកទី២ គឺនៅខែមិថុនា ឆ្នាំ២០១៤ នោះ នាងបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ីម្ដងទៀត តាមរយៈក្រុមហ៊ុនផ្សេង។ ក្រុមហ៊ុនថ្មីនេះ នាងមិនចាំឈ្មោះនោះទេ គ្រាន់តែដឹងថា មានប្ដីជាជនជាតិចិន និងប្រពន្ធជាជាតិខ្មែរ មានទីតាំងនៅ ម្ដុំខាងមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ តែបច្ចុប្បន្ន បានប្ដូរទីតាំង។ មុនទៅប្រទេសម៉ាឡេស៊ី ខាងក្រុមហ៊ុន សន្យាថា នាំនាងទៅធ្វើការតាមហាង និងកាត់ប្រាក់ខែចំនួន ៧ខែមុន តែទីបំផុតនាំនាងទៅធ្វើការនៅក្នុងសណ្ឋាគារ និងវាយបង្ខំអោយធ្វើការតាមផ្ទះ។ «»កញ្ញា យ៉ន សុគា បន្តថា ពេលក្រុមហ៊ុន វាយបង្ខំឲ្យនាងទៅធ្វើការងារ ក្នុងក្រុមហ៊ុនផ្ដល់សេវាកម្ម បម្រើការតាមផ្ទះរបស់ជនជាតិម៉ាឡេស៊ី ដែលជាថៅកែទី៣ នោះ គឺស្ថានភាពការងារកាន់តែលំបាក ព្រោះជា រៀងរាល់ថ្ងៃ នាងត្រូវថៅកែបង្ខំឲ្យធ្វើការងារតាំងពីម៉ោង៥ព្រឹក រហូត ដល់ម៉ោង ៨យប់ ដោយត្រូវបោស ជួតសម្អាតពីផ្ទះមួយ ទៅផ្ទះមួយ ហើយគ្មានអាហារហូបគ្រប់គ្រាន់ឡើយ។ នាងទ្រាំធ្វើការ នៅទីនោះ ទាំងឈឺទាំងជារយៈពេលជាង៦ខែ ហើយសម្រេចចិត្តរត់ចេញទាំងមិនបានបើក ប្រាក់ខែមួយរៀលឡើយ។ «» កញ្ញា យ៉ន សុគា បានរត់គេចខ្លួន ហើយបានព្យាយាមទាក់ទងមកគ្រួសារ ដើម្បីដាក់ពាក្យបណ្ដឹងនៅអង្គការលីកាដូ និងអង្គការផ្សេង។ បន្ទាប់មកស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី បានទាក់ទងទៅនាង និងបានជួយសង្គ្រោះ ព្រមទាំងបានបញ្ជូននាងមកដក់ស្រុកខ្មែរនៅ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ប៉ុន្តែខាងស្ថានទូត បានទារប្រាក់ពីនាង ចំនួន១រយដុល្លារ។

ស្ត្រីរងគ្រោះរូបនេះ ឲ្យដឹងដែរថា ប្រាក់ខែដែលនាងខំធ្វើការជាង ៣ឆ្នាំនោះ គឺត្រូវបានក្រុមហ៊ុន បើកយកទាំងអស់ ហើយនាងត្រឡប់មកដល់ខ្មែរ គ្មានសល់លុយក្នុងខ្លួនឡើយ មានតែជំងឺប្រចាំកាយស្គមរីងរ៉ៃ និងមានអាការៈភ្លេចភ្លាំងស្មារតីប៉ុណ្ណោះ។ «» នាងបានរៀបរាប់ត្រឡប់ថយក្រោយបន្តិចថា ក្នុងពេលដែលក្រុមហ៊ុននាំនាងទៅប្រទេសម៉ាឡេស៊ី នោះ មិនមែនមានតែនាងម្នាក់ទេ គឺមានស្ត្រីខ្មែរ ៣នាក់ទៀតរស់នៅខេត្តក្រចេះ។ ក្រុមហ៊ុន បាន ដឹកពួកនាងទៅប្រទេសម៉ាឡេស៊ី ឆ្លងតាមច្រកប៉ោយប៉ែត និងតាមប្រទេសថៃដោយប្រើប្រាស់ទិដ្ឋាការ ឬវីសា (VISA) ទេសចរណ៍។ ពេលទៅប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនបានដកឯកសារឆ្លងដែនទុកទាំងអស់។ នាងអះអាងថា បច្ចុប្បន្នស្ត្រីដែលទៅជាមួយនាងទាំង ៣នាក់នោះ និងស្ត្រីខ្មែរផ្សេង ជាច្រើនទៀត កំពុងតែរងគ្រោះយ៉ាងខ្លាំងនៅប្រទេសម៉ាឡេស៊ី និងស្នើសុំអោយអាជ្ញាធរជួយសង្គ្រោះពួកគេផង។ «» អង្គការសង្គមស៊ីវិល ក៏ស្នើឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ រហូតដល់រដ្ឋាភិបាល ត្រូវមានទំនួលខុសត្រូវចំពោះជនរងគ្រោះតាមរយៈការផ្ដល់ចំណេះជំនាញវិជ្ជាជីវៈ មុខរបរ ការព្យាបាល ព្រោះថា ប្រសិនបើគ្មានការជួយជ្រោមជ្រែងទេនោះ ពួកគេនឹងកាន់តែធ្លាក់ខ្លួនលំបាក និងងាយរងគ្រោះបន្តទៀត។ ទន្ទឹមគ្នាអាជ្ញាធរមានកាតព្វកិច្ចទាក់ទងជនរងគ្រោះ សួរនាំព័ត៌មានបន្ថែម ដើម្បីតាមស្វែងរកក្រុម ហ៊ុនដែលបោកប្រាស់ និងទាមទារសំណង រួមទាំងប្រាក់ឈ្នួលជូនពលការិនីរងគ្រោះនោះ។

ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង អ្នកស្រី សុខ សុធារី លើកឡើង ថា ស្ថានភាពស្ត្រីរងគ្រោះគឺបានធូរស្រាលច្រើនហើយ បន្ទាប់ពីព្យាបាលនៅមន្ទីរពេទ្យខេត្ត។ អ្នកស្រីអះអាងថា នឹងចុះទៅជួបគាត់ផ្ទាល់ម្ដងទៀត ដើម្បីសួរនាំលម្អិតថា តើស្ត្រីរងគ្រោះចង់ប្ដឹងស្វែងរកក្រុមហ៊ុន និងចង់បានការជួយជ្រោមជ្រែងបែបណា ព្រោះកន្លងមក ស្ត្រីរងគ្រោះធ្លាប់បដិសេធមិនចង់ប្ដឹងក្រុមហ៊ុនឡើយ ដោយសារ មិនស្គាល់ឈ្មោះនិងទីតាំងក្រុមហ៊ុន។ «» ថ្វីដ្បិតប្រជាពលករខ្មែរ តែងតែរងគ្រោះនៅក្រៅប្រទេសជាបន្តបន្ទាប់ក្ដី ប៉ុន្តែរដ្ឋាភិបាល នៅតែមានគម្រោងបញ្ជូនពលការិនីទៅធ្វើការជាមេផ្ទះនៅក្រៅប្រទេសឲ្យបាន ១ពាន់នាក់ក្នុងឆ្នាំ២០១៨ ជាពិសេសប្រទេសដែលធ្លាប់មានកេរ្តិ៍ឈ្មោះអាស្រូវរឿងធ្វើបាបពលករ ដូចជា ប្រទេសម៉ាឡេស៊ីជាដើម។ សម្រាប់ខែមីនានេះ រដ្ឋាភិបាល ត្រៀមបញ្ជូនស្ត្រីខ្មែរប្រមាណ ៣០០នាក់ ទៅបម្រើការងារនៅតាមផ្ទះក្នុងប្រទេសម៉ាឡេស៊ីលើកដំបូងម្ដងទៀត បន្ទាប់ពីបានផ្អាកកាលពីឆ្នាំ២០១១ ក្រោយពេលមានពលករខ្មែរមួយចំនួន ត្រូវបានថៅកែជនជាតិម៉ាឡេស៊ី វាយ និងរំលោភបំពាន។

អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អ៊ិន គង់ជិត ដែលតាមដានករណីនេះ សម្ដែងការព្រួយបារម្ភថា ចេះតែបញ្ជូនស្ត្រីខ្មែរទៅធ្វើការតាមផ្ទះ ប៉ុន្តែគ្មានវិធាន ការតាមដានក្រុមហ៊ុនជ្រើសរើសពលករ និងតាមដានសុវត្ថិភាពពលការិនី ព្រមទាំងវិធានការសង្គ្រោះបន្ទាន់ទេនោះ គឺនឹងមាន ពលការិនីខ្មែររងគ្រោះ បន្តបន្ទាប់ទៀត។ «» ពលករខ្មែរដែលចំណាកស្រុកមិនស្របច្បាប់ទៅប្រទេសម៉ាឡេស៊ី ថៃ ចិនជាដើម តែងតែទទួលរងនូវបញ្ហារំលោភបំពាន និងការប្រឈមមានដូចជាការបង្ខំឲ្យធ្វើការហួសកម្លាំង គ្មានពេលសម្រាក ធ្លាក់ខ្លួនឈឺ មិនព្យាបាល ការធ្វើទារុណកម្ម ការវាយដំរបួសធ្ងន់ ការបើកប្រាក់ខែមិនគ្រប់ចំនួន ការគំរាមកំហែង ការចាប់ដាក់គុក ការបង្ខំឲ្យបន្តអាណត្តិការងារដោយខុសច្បាប់ និងការផ្ដាច់ទំនាក់ ទំនងរវាងគ្រួសារជាដើម។ អ្នកខ្លះពេលត្រឡប់មកដល់កម្ពុជាវិញ មានជំងឺ និងខ្លះពិការ ហើយកន្លងមក អ្នកទៅធ្វើការតាមផ្ទះនៅម៉ាឡេស៊ី ក៏ត្រូវបានគេធ្វើបាបរហូតបាត់បង់ជីវិតជាច្រើននាក់ផងដែរ។ អង្គការសង្គមស៊ីវិល និងអ្នកវិភាគយល់ថា ប្រទេសខ្មែរតូច និងមានប្រជាជន តិចណាស់ ដូច្នេះរដ្ឋាភិបាល មិនគួរបណ្ដោយអោយប្រជាពលរដ្ឋខ្មែរ ត្រូវបន្តរងគ្រោះគ្រប់ទីកន្លែង និងគ្រប់ជំពូកដោយសារតែ ការស្វែងរកការងារធ្វើចិញ្ចឹមក្រពះនោះទេ។ រដ្ឋាភិបាល គួរតែព្យាយាមលុបបំបាត់អំពើពុករលួយ និងបង្កើនប្រសិទ្ធភាពដឹកនាំរបស់រដ្ឋាភិបាល ព្រមទាំងយកចិត្តទុកដាក់បង្កើតការងារ អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ សុខុមាលភាពប្រជាជន និងធ្វើនយោបាយទាក់ទាញ វិនិយោគិនបរទេស ព្រោះវាមានសារៈសំខាន់សម្រាប់ប្រជាជាតិមួយនេះ៕

website_news/2018130301.txt · Last modified: 2018/03/13 15:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki