website_news:2018130302

មេឃុំអណ្ដូងពោធិ ខេត្ដស្វាយរៀង ៖ ស្ដ្រីក្នុងឃុំនេះ ធ្វើចំណាកស្រុកទាំងប្រថុយប្រថាន ច្រើនជាងបុរស

https://wmc.org.kh/ ថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨ លៀ ស៊ីណា

ភ្នំពេញ ៖ ទន្ទឹមនឹងការរកឃើញរបស់អង្គការសង្គមស៊ីវិលដែលប្រឆាំងការជួញដូរស្ដ្រី ថា ខេត្ដស្វាយរៀងមានពលរដ្ឋចំណាកស្រុកច្រើនជាងបណ្ដាខេត្ដផ្សេងៗ ហើយចំណាកស្រុករបស់ពួកគេ ភាគច្រើនធ្វើឡើងទាំងប្រថុយប្រថាន។ លោកស្រី មេឃុំអណ្ដូងពោធិ៍ ទទួលស្គាល់ថា ពលរដ្ឋក្នុងឃុំលោកស្រី ពិតជាមានអ្នកចំណាកស្រុកទាំងប្រថុយប្រថានច្រើនមែន ហើយពិសេសគឺស្ដ្រី។ តែយ៉ាងលោកស្រី មេឃុំ ប្ដេជ្ញាបន្ដសកម្មភាពការងារ ចុះអប់រំផ្សព្វផ្សាយ ពីការចំណាកស្រុកដោយសុវត្ថិភាពឲ្យកាន់តែខ្លាំង។ ក្នុងអំឡុងឆ្នាំ២០១៧ អង្គការសម្ព័ន្ធចាប់ដៃ ដែលជាអង្គការសង្គមស៊ីវិលធ្វើការងារប្រឆាំងការជួញដូរស្ដ្រី និងកុមារ ទៅក្រៅប្រទេស បានជួយសង្គ្រោះស្ដ្រីពីការជួញដូរឲ្យបានវិលមកកម្ពុជាវិញចំនួន ១១០ នាក់។ ស្ដ្រីទាំងអស់នោះ ត្រូវបានមេខ្យល់បោកបញ្ឆោត តាមរូបភាពរកការងារឲ្យធ្វើនៅក្រៅប្រទេស និងទទួលបានប្រាក់ខែច្រើន។ អង្គការសម្ព័ន្ធចាប់ដៃ រកឃើញថា ក្នុងចំណោមខេត្ដទូទាំងប្រទេស គឺខេត្ដស្វាយរៀងមានប្រជាពលរដ្ឋធ្វើចំណាកស្រុកច្រើនជាងគេ។

ជុំវិញករណីនេះ លោកស្រី កឹម ស៊ុនណារី មេឃុំអណ្ដូងពោធិ ស្រុក រមាសហែក ខេត្ដស្វាយរៀង ទទួលស្គាល់ថា ពលរដ្ឋក្នុងឃុំរបស់លោកស្រី បានធ្វើចំណាកស្រុកច្រើន ទៅកានប្រទេសកូរ៉េ ជប៉ុន ម៉ាឡេស៊ី និងប្រទេសថៃ។ តែយ៉ាងណាលោកស្រីបន្ដថា បច្ចប្បន្ននេះ មានពលរដ្ឋតិចតូចបំផុត ដែលបានធ្វើចំណាកស្រុកដោយស្របច្បាប់។ លោកស្រី មេឃុំអណ្ដូងពោធិ បន្ដទៀតថា ពលរដ្ឋមួយចំនួនធំបានធ្វើចំណាកស្រុកទាំងប្រថុយប្រថាន ទៅប្រទេសថៃ ព្រោះជឿតាមពាក្យមេខ្យល់ ដែលប្រាប់ពួកគេថា ការធ្វើចំណាកស្រុកតាមរយៈក្រុមហ៊ុន គឺបានប្រាក់ខែតិច ជាងការធ្វើចំណាកស្រុកដោយលួចលាក់។ លោកស្រី កឹម ស៊ុនណារី ៖«ដូចថា មានមេខ្យល់ តែខ្ញុំមិនបានស្គាល់ទេមេខ្យល់ហ្នឹង ដូចថា គេដើរបញ្ចុះបញ្ចូលថា បើទៅតាមក្រុមហ៊ុន បានលុយតិច ហើយបើទៅតាមគេបានប្រាក់ខែច្រើន។ អញ្ចឹងមនុស្សយើងមានការលោភលន់អញ្ចឹងទៅ ទៅតាមអញ្ចឹងទៅ អ្នកខ្លះក៏បានលាភសក្ការៈមកផ្ទះទៅ ហើយអ្នកខ្លះក៏អត់មាន ហើយអ្នកខ្លះគ្រោះថ្នាក់អញ្ចឹងទៅ»។ ព្រោះតែការខ្វះព័ត៌មានស្ដីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព ពលរដ្ឋខ្មែរ ដែលពុំសូវមានចំណេះដឹង តែងតែងាយជឿលើពាក្យដែលមេខ្យល់បញ្ចុះបញ្ចូល។ លោកស្រី ស៊ុនណារី បន្ដថា រហូតមកដល់ពេលនេះ លោកស្រីនៅតែរកមេខ្យល់ដែលបាននាំពលរដ្ឋក្នុងឃុំរបស់លោកស្រី ទៅកាន់ប្រទេសថៃ មិនឃើញនៅឡើយទេ ពីព្រោះបុគ្គលរូបនោះមិនមែនជាពលរដ្ឋរស់នៅក្នុងភូមិឃុំរបស់លោកស្រី។

តែយ៉ាងណាអាជ្ញាធរ ក្នុងឃុំរបស់លោកស្រី តែងតែព្យាយាមចុះទៅជួបពលរដ្ឋដល់ផ្ទះ ដើម្បីប្រាប់ និងពន្យល់ពីគ្រោះថ្នាក់ ដែលនឹងកើតមាន ខណៈពួកគេធ្វើចំណាកស្រុកដោយលួចលាក់។ ជាមួយគ្នានេះ ពលរដ្ឋនៅពេលដែលអាជ្ញាធរចុះទៅអប់រំ តែងតែឆ្លើយថា ពួកគេបានយល់ តែសកម្មភាពជាក់ស្ដែងពួកគេនៅតែបន្ដការលួចឆ្លងដែនទៅធ្វើការងារនៅប្រទេសថៃដោយខុសច្បាប់ដដែល។ ត្រង់ចំណុចនេះ បានក្លាយជាក្ដីបារម្ភយ៉ាងខ្លាំងមួយ សម្រាប់លោកស្រី ដែលជាអាជ្ញាធរដឹកនាំក្នុងឃុំនេះ។ លោកស្រី កឹម ស៊ុនណារី ៖«បារម្ភណាស់ បារម្ភមែនទែន បារម្ភពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋយើង។ យើងមិនឃាត់ទេ ប៉ុន្ដែយើងត្រូវចំណាកស្រុក ដោយមានសុវត្ថិភាព យើងត្រូវដឹងថា គោលដៅយើងទៅកន្លែងណា អញ្ចឹងក្រុមហ៊ុនណាមានអាជ្ញាបណ្ណស្របច្បាប់ សុំច្បាប់អីត្រឹមត្រូវអញ្ចឹងទៅ»។ សម្រាប់ពលរដ្ឋដែលរស់នៅក្នុងអណ្ដូងពោធិ ស្រុក រមាសហែក ខេត្ដស្វាយរៀង យ៉ាងតិចណាស់ជាង ១០០០នាក់ បានធ្វើចំណាកស្រុក ហើយស្ដ្រីមានចំនួន រហូតដល់៧០ភាគរយ។ ជាធម្មតាស្ដ្រី តែងតែងាយរងគ្រោះជាងបុរស មិនថា ការទទួលអំពើហិង្សា ការជួញដូរ ឬក៏ការចាប់រំលោភ។ ករណីស្ដ្រី ដែលធ្វើចំណាកស្រុកទាំងប្រថុយប្រថាន ទៅក្រៅប្រទេស ភាគច្រើនគឺជាការជំរុញរបស់ឪពុក ម្ដាយ ដែលមើលឃើញគ្រួសារញាតិជិតខាងរបស់ខ្លួនមានជីវភាពធូរធាព្រោះការចំណាកស្រុក។ ឪពុកម្ដាយ មួយចំនួនបានឲ្យកូនស្រីរបស់ខ្លួនទៅក្រៅប្រទេស ដោយមិនបានដឹងពីគ្រោះថ្នាក់ ដែលអាចកើតឡើងចំពោះកូនស្រីរបស់ខ្លួន ខណៈនាងទៅធ្វើការស្រុកឆ្ងាយតែម្នាក់ឯង។ ស្ដ្រីដែលធ្វើចំណាកស្រុក តាមរយៈមេខ្យល់ដោយខុសច្បាប់ តែងតែប្រឈមការជួញដូរខ្ពស់ជាងស្ដ្រីដែលធ្វើចំណាកស្រុកតាមរយៈក្រុមហ៊ុន ដែលមានទទួលស្គាល់ដោយក្រសួងការងារកម្ពុជា។ ក្នុងអំឡុងឆ្នាំ២០១៧ ករណីជួញដូរស្ដ្រីទៅក្រៅប្រទេស ត្រូវបានអង្គការសម្ព័ន្ធចាប់ដៃ សហការជាមួយអាជ្ញាធរកម្ពុជាប្រចាំនៅក្រៅប្រទេស ដូចជាប្រទេសចិន ថៃ និងប្រទេសម៉ាឡេស៊ី ជួយសង្គ្រោះស្ដ្រីរងគ្រោះពីការជួញដូរ បានរហូតដល់ ១១០នាក់។ នេះបើយោងតាមបទសម្ភាសដែលលោក ស្រ៊ន់ ឡង់ដា ប្រធានគម្រោង ក្នុងគម្រោងគាំទ្រករណី នៃការជួញដូរ របស់អង្គការសម្ព័ន្ធចាប់ដៃ។

ប្រធានគម្រោង របស់អង្គការសម្ព័ន្ធចាប់ដៃ បញ្ជាក់ថា កាលបើមានកាលណាបើការចំណាកស្រុកដោយខុសច្បាប់ គឺករណីជួញដូរ នឹងអាចកើតឡើង។ ត្រង់ចំណុចនេះ លោក ស្រ៊ន់ ឡង់ដា សំណូមពរដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវបញ្ឈប់ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន តាមរយៈមេខ្យល់ ហើយនៅក្នុងករណីដែលសម្រេចថា នឹងធ្វើចំណាកស្រុក ត្រូវទៅរកក្រុមហ៊ុនដែលមានការទទួលស្គាល់ពីក្រសួងការងារកម្ពុជា ប្រសិនជា មិនចង់ត្រូវបានគេជួញដូរ ធ្វើទាសករផ្លូវភេទ។ លោក ស្រ៊ន់ ឡង់ដា ៖«ប្រសិនបើគាត់សម្រេចចិត្ដថា ចំណាកស្រុកទៅក្រៅប្រទេសសូមសួរឲ្យច្បាស់ថា តើក្រុមហ៊ុនដែលនាំគាត់ទៅហ្នឹង ជាក្រុមហ៊ុនស្របច្បាប់ឬក្រុមហ៊ុនអត់ស្របច្បាប់។ សូមមេត្ដាសុំលិខិតមើលឲ្យបានត្រឹមត្រូវពីក្រុមហ៊ុនហ្នឹង តើគាត់មានលិខិតចេញពីក្រសួងការងារឬក៏អត់»។ អង្គការសម្ព័ន្ធចាប់ដៃ បានជួយស្ដ្រីខ្មែរ ពីការជួញដូរទៅក្រៅប្រទេសតាំងតែពីឆ្នាំ២០០៥។ ស្ដ្រីដែលត្រូវបានជួយសង្គ្រោះភាគច្រើន មកពីប្រទេចិន ថៃ និងប្រទេសម៉ាឡេស៊ី ពួកគេស្ទើតែក្លាយជានមនុស្សមានវិបត្ដិផ្លូវចិត្ដ ព្រោះតែការធ្វើទារុណកម្ម ការចាប់រំលោភ និងការវាយដំផ្សេងៗ។ លោក ស្រ៊ន់ ឡង់ដា ៖«ប្រសិនបើរងគ្រោះ បើសិនជានិយាយពីវិបត្ដិ ការប៉ះទង្គិចផ្លូវចិត្ដគឺធ្ងន់ធ្ងរមែនទែន សឹងតែមិនអាចនិយាយទៅរួច អ្នកខ្លះអាចប៉ះពាល់ទៅដល់ផ្លូវអារម្មណ៍ អាចវង្វេងក៏មានដែរ។ នៅពេលដែលគាត់ត្រឡប់មកវិញពេលខ្លះគាត់បាត់បង់សតិក៏មាន»។

ជុំវិញបញ្ហាទាំងអស់នេះ លោកស្រី កឹម ស៊ុនណារី មេឃុំអណ្ដូងពោធិ ស្រុក រមាសហែក ខេត្ដស្វាយរៀង ប្ដេជ្ញាថា ក្នុងឆ្នាំ២០១៨ លោកស្រី នឹងបន្ដការចុះអប់រំផ្សព្វផ្សាយ ពីគ្រោះថ្នាក់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ឲ្យបានកាន់តែខ្លាំង។ តែយ៉ាងណាសម្រាប់ស្ដ្រី ម្ចាស់តំណែងមេឃុំ អណ្ដូងធិ ៤អាណត្ដិនេះ សំណូមពរដល់ពលរដ្ឋ ដែលសម្រេចិត្ដធ្វើចំណាកស្រុកទាំងអស់ ត្រូវតែគិត និងពិចារណាឲ្យបានច្បាស់លាស់ គឺមិនត្រូវចេះតែទៅ ដោយគ្រាន់តែឮតាមគ្នានោះទេ។ ជាមួយគ្នានេះ លោកស្រី ក៏សំណូមពរដល់អាជ្ញាធរឃុំ សង្កាត់ ទាំងអស់ត្រូវចុះផ្សព្វផ្សាយប្រាប់ និងពន្យល់ពលរដ្ឋឲ្យបានដឹង ពីហានិភ័យពីការធ្វើចំណាកស្រុកដោយខុសច្បាប់ ឲ្យបានញឹកញាប់ មិនមែនចុះតែម្ដងហើយឈប់នោះទេ។ លោកស្រី កឹម ស៊ុនណារី ៖«ខ្ញុំស្នើសុំដល់មេឃុំ ចៅសង្កាត់ ទូទាំងព្រះរាជាណាចក្រកម្ពុជា សុំឲ្យផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ឲ្យគាត់យល់ដឹង។ ផ្សព្វផ្សាយមិនមែនផ្សព្វផ្សាយតែម្ដងទេ យើងធ្វើដូចភ្លៀងរលឹមអញ្ចឹង យ៉ាងហោចយូរៗទៅគាត់គង់តែស្ដាប់យើងថា តើគាត់និយាយនេះ ក្នុងនាមជាអាជ្ញាធរគាត់មានបំណងយ៉ាងម៉េច»។

សូមជម្រាបថា ក្នុងរយៈពេលចុងក្រោយនេះ បន្ទាប់ពីមានការរកឃើញថា ពលរដ្ឋខ្មែរជាច្រើនត្រូវបានជនខិលខូចបោកបញ្ឆោតជួញដូរទៅក្រៅប្រទេស មន្ដ្រីរដ្ឋាភិបាលកម្ពុជា ដែលប្រចាំនៅក្រៅប្រទេស បានជួយពលរដ្ឋខ្មែរបានមួយចំនួនឲ្យបានវិលត្រឡប់មកកម្ពុជាវិញ ។ ពួកគេត្រូវបានជួយសង្គ្រោះមកពី ប្រទេសចិន ប្រទេសថៃ ម៉ាឡេស៊ី និងប្រទេសសឹង្ហបុរី ជាដើម។ ក្នុងចំណោមពលរដ្ឋខ្មែរដែលត្រូវបានជួយសង្គ្រោះ គឺភាគច្រើនសុទ្ធសឹងតែជាស្ដ្រី៕

website_news/2018130302.txt · Last modified: 2018/03/13 15:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki