website_news:2018130701

កម្ពុជាឲ្យពលករខ្មែរ រក្សាភាពស្ងៀមស្ងាត់ ខណៈជនខិលខូចថា សមត្ថកិច្ចថៃ កំពុងដេញចាប់ពលករខ្មែរ

https://www.dap-news.com/kh/ ថ្ងៃសុក្រ, ១៣ កក្កដា ២០១៨ 11:46 ដោយ: ខា ដា ID:114

ភ្នំពេញ៖ បន្ទាប់ពីមានជនខិលខូច និងក្រុមឆ្លៀតឱកាសមួយចំនួន បានយកឃ្លីបវីដេអូចាស់ៗ ដែលបានកន្លងហួសទៅជាច្រើនឆ្នាំ មកផ្សាយផ្ទាល់ឡើងវិញ តាមបណ្តាញសង្គមហ្វេសប៊ុកបំភាន់ថា ពលករខ្មែរនៅថៃ កំពុងត្រូវបានសមត្ថកិច្ចថៃដេញចាប់នោះ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានអំពាវនាវឲ្យពលករខ្មែរ ដែលស្នាក់នៅ និងធ្វើការ នៅថៃ រក្សាភាពស្ងៀមស្ងាត់ និងធ្វើការងារធម្មតា គ្មានរឿងអ្វីកើតឡើងនោះទេ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ចេញនៅថ្ងៃទី១២ កក្កដា បានឲ្យដឹងថា ថ្មីៗនេះ មានក្រុមឆ្លៀតឱកាសមួយចំនួន បានយកឃ្លឹបវីដេអូចាស់ៗ អំពីការចុះត្រួតពិនិត្យពលករបរទេស របស់អាជ្ញាធរថៃមកផ្សព្វផ្សាយ ឡើងវិញតាមបណ្ដាញសង្គមហ្វេសប៊ុក ក្នុងគោលបំណងបំពុលសង្គម បង្កការភ្ញាក់ផ្អើល និងកេងចំណេញផ្នែកនយោបាយ ។ ស្ថានទូតបញ្ជាក់ថា “សូមបងប្អូនពលករ និងសាធារណជន កុំជឿក្រុមជនខិលខូចបំផុសបំផុល តាមរយៈការយកឃ្លីបវីដេអូចាស់ៗ កន្លងហួសទៅជាច្រើនខែឆ្នាំ មកផ្សាយផ្ទាល់ឡើងវិញ តាមបណ្តាញសង្គមហ្វេសប៊ុក បំភាន់ថា ពលករខ្មែរនៅថៃកំពុងត្រូវបាន សមត្ថកិច្ចថៃដេញចាប់ ។ ការពិត បច្ចុប្បន្នបងប្អូនពលករខ្មែរ កំពុងស្នាក់នៅនិងធ្វើការយ៉ាងរលូនល្អ ក្នុងបរិយាកាសស្ងប់សុខ ពុំមានហេតុការណ៍អាក្រក់ ដូចការបំភាន់របស់ក្រុមជនខិលខូចឡើយ” ។ ស្ថានទូតបញ្ជាក់ទៀតថា ចំពោះពលករដែលមានឯកសារម្រាប់ស្នាក់នៅ និងធ្វើការនៅថៃ រក្សាភាពស្ងៀមស្ងាត់ និងបន្តអនុវត្តន៍ការងារធម្មតា ។ ដោយឡែកពលករ ដែលមិនមានឯកសារសម្រាប់ស្នាក់នៅ និងធ្វើការនៅថៃ ត្រូវរួសរាន់ទំនាក់ទំនង មកស្ថានទូតកម្ពុជា ដើម្បីដាក់ពាក្យស្នើសុំលិខិត ធ្វើដំណើរបណ្ដោះអាសន្ន ទៅកម្ពុជាដើម្បីរៀបចំឯកសារស្របច្បាប់ និងត្រឡប់ចូលមកធ្វើការនៅថៃវិញ តាមរយៈប្រព័ន្ធ MOU ។

ចំពោះព័ត៌មានលំអិតបន្ថែម ពលករទាំងអស់អាចទាក់ទង មកមន្ត្រីស្ថានទូត កម្ពុជានៅទីក្រុងបាងកក តាមរយៈទូរស័ព្ទលេខ ០២ ៩៥៧ ៥៨៥១ / ០៩២ ៨០៥ ០៥៦១ / ០៩៤ ០៩២ ៥៩០៥ / ០៨៦ ៧៩៩ ៩៩៥៧ / ០៦៤ ៧៥៥ ៧៤០១។

សូមរំលឹកថា កាសែត The Nation របស់ថៃ បានចុះផ្សាយកាលពីថ្ងៃទី១០ កក្កដាថា ប្រជាជនកម្ពុជា ប្រហែល១ពាន់នាក់ ត្រូវបានចោទប្រកាន់ថា ធ្វើការខុសច្បាប់ នៅក្នុងប្រទេសថៃ ហើយត្រូវបានចាប់ខ្លួន និងនិរទេស បន្ទាប់ពីរដ្ឋាភិបាលថៃ បានប្រកាស ពីការបញ្ចប់ រយៈពេលអនុគ្រោះដល់កម្មករ៕

website_news/2018130701.txt · Last modified: 2018/07/13 14:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki