website_news:2018130802

អាជ្ញាធរខេត្តព្រះសីហនុ កំពុងសិក្សាផ្លូវច្បាប់ ដើម្បីចាត់វិធានការអ្នកចែកខិត្តប័ណ្ណរកស៊ីផ្លូវភេទ

http://km.rfi.fr/cambodia/ ដោយ សរ ពិសី 13/08/2018

អាជ្ញាធរខេត្តព្រះសីហនុ កំពុងសិក្សាផ្លូវច្បាប់ ដើម្បីចាត់វិធានការអ្នកដែលដើរចែកខិត្តប័ណ្ណរកស៊ីផ្លូវភេទ នៅតាមបណ្តាទីតាំងកំសាន្តនានា ខណៈអាជ្ញាធរទើបបានចាប់ខ្លួនជនជាតិចិនចំនួន៦នាក់ ដែលធ្វើសកម្មភាពចែកខិត្តប័ណ្ណកាលពីយប់ម្សិលមិញនេះ។ វិធានការរបស់អាជ្ញាធរបានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយជាសាធារណៈស្តីពីការចែកចាយខិតប័ណ្ណ រកស៊ីផ្លូវភេទយ៉ាងកក្រើកកាលពីពេលថ្មីៗនេះ នៅខេត្តព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ករណីចែកខិត្តប័ណ្ណរកស៊ីផ្លូវភេទ ដោយជនជាតិចិន នៅក្នុងខេត្តនេះ មិនមែនជារឿងថ្មីនោះទេ។ មិនមែនជាករណីថ្មី ព្រោះថា អាជ្ញាធរខេត្តព្រះសីហនុ ក៏ធ្លាប់ឃាត់ខ្លួន អ្នកដើរចែកខិត្តប័ណ្ណរបៀបនេះ ពីរដងរួចមកហើយ កាលពីដើមឆ្នាំ២០១៨។ ស្នងការនគរបាលខេត្តព្រះសីហនុដដែល បញ្ជាក់ថា កាលពី៦-៧ខែ មុន អាជ្ញាធរក៏បានឃាត់ខ្លួនជនជាតិចិនជាច្រើននាក់ ដែលធ្វើសកម្មភាពចែកខិត្តប័ណ្ណ រកស៊ីផ្លូវភេទនេះ យកទៅអប់រំ និងព្រមាន កុំឱ្យប្រព្រឹត្តទង្វើនេះជាថ្មីទៀត។ យ៉ាងណាក៏ដោយ ចំពោះករណីដែលទើបផ្ទុះឡើង និងត្រូវបានចែកចាយយ៉ាងព្រោងព្រាត តាមបណ្តាញសង្គមហ្វេសប៊ុក កាលពីសប្តាហ៍មុននេះ ត្រូវបាន លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ គូសបញ្ជាក់ថា អាជ្ញាធរកំពុងសិក្សាផ្លូវច្បាប់ ដើម្បីចាត់វិធានការលើបុគ្គល ឬក្រុម ដែលនៅតែផ្គើនធ្វើសកម្មភាពចែកខិត្តប័ណ្ណ រកស៊ីផ្លូវភេទ នៅតាមបឹងហ្គាឡូ ផ្ទះសំណាក់ សណ្ឋាគារ និងកន្លែងកម្សាន្តនានាជាដើម។ ជាសកម្មភាពដែលអាជ្ញាធរខេត្តព្រះសីហនុ ទទួលស្គាល់ថា ធ្វើឱ្យប៉ះពាល់ដល់ប្រពៃណី វប្បធម៌ និងកិត្តិយសខេត្តទេសចរណ៍មួយនេះ។

ក្រៅតែពីកំពុងសិក្សាតាមផ្លូវចំពោះករណីនេះ ស្នងការខេត្តព្រះសីហនុ ក៏បានពង្រាយកម្លាំង នៅតាមទីតាំងសំខាន់នៅក្នុងភូមិសាស្រ្ត ខេត្តព្រះសីហនុ ដើម្បីឃាត់ខ្លួនអ្នកលួចដើរចែកខិត្តប័ណ្ណនេះនៅហ្នឹងកន្លែងផងដែរ។ ជាក់ស្តែង កាលពីយប់ថ្ងៃអាទិត្យ ទី១២ សីហា កម្លាំងសមត្ថកិច្ច ទើបឃាត់ខ្លួនជនជាតិចំនួន ៦នាក់ ដែលប៉ុនប៉ង សៀតខិត្តប័ណ្ណ នៅតាមទ្វារឡាន និងបន្ទប់ផ្ទះសំណាក់ជាដើម។ ព្រមជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានអំពាវនាវដល់មន្រ្តីវប្បធម៌ និងទេសចរណ៍ខេត្ត អ្នកពាក់ព័ន្ធទាំងអស់ ដែលឃើញអ្នកចែកចាយខិត្តប័ណ្ណបែបនេះ ឱ្យជូនដំណឹងដល់អាជ្ញាធរ។ ចំណាត់ការរបស់ស្នងការនគរបាលខេត្តព្រះសីហនុ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការចែកចាយជាច្រើនក្នុងបណ្ដាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗកន្លងទៅ ពីរឿងដើរចែកខិត្តប័ណ្ណកន្លែងរកស៊ីផ្លូវភេទ នៅខេត្តគោលដៅទេសចរណ៍មួយនេះ។

សូមបញ្ជាក់ថា ខិត្តប័ណ្ណ ដែលមានការទាក់ទាញភ្ញៀវបុរសៗក្នុងការរកសេវាផ្លូវភេទ ត្រូវបានគេចែកចាយជាសាធារណៈ កាលពីសប្តាហ៍មុន ដែលក្នុងខិត្តប័ណ្ណតូចៗ ប៉ុននាមប័ណ្ណនោះ មានដាក់រូបភាពស្ត្រីចិនអាក្រាតកាយ សរសេរអក្សរចិន និងលេខទូរស័ព្ទទំនាក់ទំនងផងដែរ។

បើតាមរបាយការណ៍ ផ្ញើទៅកាន់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អភិបាលខេត្តព្រះសីហនុលើកឡើងថា កំណើនជនបរទេសដែលភាគច្រើនជាជនជាតិចិនក្នុងខេត្តមានសក្តានុពលមួយនេះកំពុងធ្វើឱ្យមានផលប៉ះពាល់ផ្សេងៗ តាមរយៈការធ្វើសកម្មភាពខុសច្បាប់។ យ៉ាងណាក៏ដោយ ស្ថានទូតចិនប្រចាំកម្ពុជា ធ្លាប់បានបញ្ជាក់ពីជំហររបស់ខ្លួនរួចហើយថា ស្ថានទូតប្រឆាំងដាច់ខាត ចំពោះជនជាតិចិនមួយចំនួនតូចនៅកម្ពុជា ដែលបានប្រពឹត្តិអំពើល្មើសច្បាប់ ធ្វើឱ្យប៉ះពាល់មុខមាត់ប្រជាជនចិនទាំងមូល។ ស្ថានទូតចិនប្រចាំនៅកម្ពុជា ស្នើឲ្យស្ថាប័នអនុវត្តន៍ច្បាប់នៅកម្ពុជា ចាត់វិធានការតឹងរឹងចំពោះប្រជាជនចិន ដែលប្រព្រឹត្តិបទល្មើសទាំងនោះ និងអំពាវនាវឲ្យប្រជាជនចិនទាំងឡាយដែលមកកម្ពុជា រក្សាភាពត្រឹមត្រូវ ស្អាតបាត និងជៀសវាងពីល្បែងស៊ីសង៕

website_news/2018130802.txt · Last modified: 2018/08/13 15:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki