website_news:2018130803

ក្រុមទាហានឈុតខ្មៅថៃបានចាប់ខ្លួនពលករខ្មែរ២០នាក់ និង១០នាក់ទៀតកំពុងរត់ក្នុងព្រៃ ករណីឆ្លងចូលទៅកាប់ឈើគ្រញូង

https://chsknews.com/ 2018/08/12/

ថៃ៖ កាលពីថ្ងៃសោរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨ មានករណីឃាត់ខ្លួនពលករខ្មែរ២០នាក់ ក្នុងចំណោម៣០នាក់ បានធ្វើឡើងក្នុងតំបន់ឧទ្យានជាតិ ថាប់ឡាន ស្ថិតក្នុងឃុំឡាំភៀក ស្រុកខនបុរី ខេត្តនគររាជសីមា ប្រទេសថៃ ដោយមានពលករខ្មែរសរុបចំនួន៣០នាក់ ប៉ុន្តែឃាត់បានតែ២០នាក់ប៉ុណ្ណោះ រីឯ១០នាក់ទៀត បានរត់គេចខ្លួនចូលក្នុងព្រៃបាត់អស់។ យ៉ាងហោចណាស់ពលករខ្មែរ២០នាក់ ក្នុងចំណោម៣០នាក់ ត្រូវបានក្រុមទាហានឈុតខ្មៅថៃចាប់ខ្លួន កាលពីម្សិលមិញ ខណៈពួកគេទាំងអស់គ្នា បានធ្វើដំណើរតាមការដឹកនាំរបស់មេឈ្មួញខ្មែរ-ថៃចូលទៅក្នុងតំបន់ហាមឃាត់របស់ថៃ ដើម្បីត្រៀមលក្ខណៈកាប់ឈើគ្រញូងឲ្យពួកគេ។

ពលករខ្មែរម្នាក់ ក្នុងចំណោមពលករទាំងអស់ ដែលត្រូវបានឃាត់ខ្លួន បានសារភាពថា ពួកគេទាំងអស់មានគ្នា៣០នាក់ ដោយត្រូវបានមេឈ្មួញខ្មែរនិងថៃ ដឹកនាំមកកាន់តំបន់នេះ ដោយម្នាក់ៗត្រៀមនូវស្បៀងអាហារ និងឧបករណ៍គ្រប់យ៉ាង ដែលសម្រាប់ប្រើប្រាស់ក្នុងការកាប់ឈើគ្រញូងនៅក្នុងតំបន់នេះ។ ខណៈពួកគេត្រូវបានមេឈ្មួញយកមកទម្លាក់ក្នុងព្រៃនេះ ហើយគេក៏បានចាកចេញទៅបាត់អស់ ដោយទុកឲ្យពួកគេទាំងអស់រៀបចំឧបករណ៍ ដើម្បីត្រៀមកាត់ឈើ ប៉ុន្តែមិនទាន់ទាំងបានកាត់ឈើមួយដុំផង ក៏ត្រូវក្រុមទាហានឈុតខ្មៅថៃឡោមព័ទ្ធ និងចាប់ខ្លួនតែម្តង។ ខាងយើងនៅមិនទាន់ដឹងថាពលករទាំង២០នាក់ ត្រូវបានភាគីថៃបញ្ជូនទៅដល់ណាហើយនោះទេ រីឯពលករ១០នាក់ទៀត ដែលសម្ងំក្នុងព្រៃក៏មិនដឹងថា ហ្នឹងទៅជាយ៉ាងណាដែរ ព្រោះគ្មានស្បៀងបន្តិចទាល់តែសោះ ដោយសារស្បៀងអាហារ និងសម្ភារៈទាំងអស់ ត្រូវបានភាគីថៃប្រមូលគ្មានសល់។

website_news/2018130803.txt · Last modified: 2018/08/13 14:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki