website_news:2018130901

ពលករខ្មែរម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍នៅថៃបណ្ដាលឲ្យស្លាប់នៅនឹងកន្លែង

https://chsknews.com/ By មាណព បុល - September 13, 2018

ថៃ៖ កាលពីវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ លើកំណាត់ផ្លូវលេខ៣០១៧ ក្បែរវត្តខ្លងហួក្រុត ស្ថិតក្នុងភូមិ៥ ឃុំបាងតេជៈ ស្រុកមឿង ខេត្តប្រាជីនបុរី ប្រទេសថៃ រវាងម៉ូតូហុងដាវេវ ធុនសេ១០០ ពាក់ស្លាកលេខ ប្រាជីនបុរី ៥៧៥៣ ដែលបើកបរដោយពលករខ្មែរ រស់នៅប្រទេសថៃ ជាមួយនឹងម៉ូតូម៉ាក យ៉ាម៉ាហា ពាក់ស្លាកលេខ ប្រាជីនបុរី ៦៦៧ បើកបរដោយជនជាតិថៃ។

បុរសពលករខ្មែរម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងចំណោមមនុស្សស្លាប់ចំនួន២នាក់ ខណៈពួកគេបានបើកបរម៉ូតូទាំងផ្លូវថ្នល់ទើបនឹងភ្លៀងរួចថ្មីៗ ហើយសង្ស័យពួកគេអាចប្រើប្រាស់ល្បឿនលឿន និងគួបផ្សំទៅលើផ្លូវ ដែលមានសភាពរអិលផង។ នៅមុនពេលកើតហេតុ គឺមេឃបានធ្លាក់ភ្លៀងមួយមេយ៉ាងខ្លាំង ក៏ស្រាប់តែឮសំឡេងប៉ះទង្គិចគ្នាប្រាវតែម្តង នៅពេលដែលអ្នកភូមិចេញមកមើល គឺឃើញមានមនុស្សដេកស្លាប់រៀងៗខ្លួនទៅហើយ ដែលម្នាក់ៗមានឈាមពេញខ្លួនប្រាណ ទើបពួកគេបានប្តឹងទៅសមត្ថកិច្ចចរាចរណ៍តែម្តង។ ស្ត្រីម្នាក់ ដែលជាភរិយារបស់សពពលករខ្មែរ បាននិយាយថា ប្តីរបស់ខ្លួនឈ្មោះ សូ សៅម៉ក់ អាយុ៣០ឆ្នាំ ជាកម្មករក្នុងកសិដ្ឋានចិញ្ចឹមត្រី ហើយគាត់បានចេញម៉ូតូទៅទិញទឹកកក។ លុះត្រឡប់មកវិញ ក៏ជួបនឹងគ្រោះថ្នាក់តែម្តង។ ដោយឡែក ភាគីម្ខាងទៀត គឺលោក ដាំរ៉ុង ផៃចន្ទ្រ ជាឪពុកសព បាននិយាយថា កូនប្រុសរបស់លោកឈ្មោះ ណុបឃុន ផៃចន្ទ្រ អាយុ១៥ឆ្នាំ គឺគេបានចេញម៉ូតូទៅទិញកាតទូរស័ព្ទ ក៏ជួបនឹងគ្រោះថ្នាក់ដូចគ្នា។

ក្រុមតម្រួតចរាចរណ៍ បាន និងកំពុងពិនិត្យ ដើម្បីចង់ដឹងថា តើមូលហេតុអ្វីបានជាធ្វើឲ្យពួកគេទាំង២នាក់ បើកបរប៉ះទង្គិចគ្នាខ្លាំងបែបនេះ ព្រោះភាគីខ្មែរ ប៉ះទង្គិចរហូតផុងលលាដ៏ក្បាល ខណៈភាគីថៃ បែកក្បាល និងបាក់ជើងឆ្វេងម្ខាង ចេញឆ្អឹងមកខាងក្រៅ។

website_news/2018130901.txt · Last modified: 2018/09/13 15:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki