website_news:2018131201

ពលករខ្មែរ ជាង១លាននាក់ ចាប់យកការងារ ក្រៅប្រទេស ទាំងស្របច្បាប់- មិនស្របច្បាប់

https://www.dap-news.com/ ByID:030 Posted on 12 December 2018 | 18:50

ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា មានពលករកម្ពុជា រហូតដល់ជាង១លាននាក់ បានចាប់យកជម្រើសការងារក្រៅប្រទេសទាំងស្របច្បាប់ និងមិនស្របច្បាប់ ។ សម្តេចលើកឡើងក្នុងពិធី “ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្ស១២ធ្នូ” លើកទី១២ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅសាលមហោស្រព កោះពេជ្រថា ក្នុងចំណោម១លាននាក់នេះ ដែលមានពលករស្នាក់នៅ និងធ្វើការមិនមានច្បាប់ទម្លាប់ មិនមែនជាកំហុសរបស់ពលករតែឯងទេ តែដើម្បីជីវភាពទើបរកការងារនៅក្រៅប្រទេស។ ដូច្នេះសមត្ថកិច្ចពាក់ព័ន្ធនៃប្រទេសទាំងពីរ មានភារៈកិច្ចរួមគ្នាការពារចំពោះភាពខ្វះចន្លោះ នៃច្បាប់វិធានការប្រព័ន្ធ និងរបៀបរបបការងារ ឥរិយាបថ មន្ត្រីអនុវត្តន៍ ក៏ដូចជានិយោជកផ្ទាល់ ដែលអាចជំរុញឲ្យមានបរិយាកាសការងារល្អ ឬអាចធ្វើឲ្យមានភាពខុសច្បាប់ បទល្មើស ឬអំពើកេងប្រវ័ញ្ចនានាកើតឡើង។ សម្ដេចបន្ថែមថា មានពលករមិនតិចទេដែលបាននិងកំពុងរងគ្រោះថ្នាក់ ក៏ដូចជាប្រឈមគ្រោះថ្នាក់ ដោយមិនទាន់មានការដោះស្រាយសមស្រប បាត់ដំណឹងក្នុងអំឡុងពេលធ្វើការងារ ត្រូវបញ្ជូនចេញទៅឆ្ងាយ គ្មានទំនាក់ទំនង ឬក៏អាចបាត់បង់ជីវិតជាដើម។ សម្ដេចគូសបញ្ជាក់ថា បញ្ហាទាំងអស់នេះមិនអាចប្រទេសណាមួយដោះស្រាយតែឯកឯងបានឡើយ ព្រោះជាបញ្ហាពាក់ព័ន្ធរវាងគ្នា ហេតុនេះហើយទើបបានជាទាមទារឲ្យមានកិច្ចសហប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ និងសមធម៌រវាងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ផ្នែក នៃប្រទេសបញ្ជូននិងប្រទេសទទួល ដើម្បីកំណត់ឲ្យច្បាស់ថាអ្នកណាជាជនល្មើសត្រូវផ្ដន្ទាទោស និងអ្នកណាជាជនរងគ្រោះ ត្រូវសង្គ្រោះការពារ ដោយត្រូវទប់ស្កាត់កុំឲ្យមានរឿងនេះកើតឡើងទៀត៕ ដោយ នឿត សម្ផស្ស

website_news/2018131201.txt · Last modified: 2018/12/13 13:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki