website_news:2018131202

ច្បាប់ទាក់ទងការពរពោះជំនួស ក្រសួងមហាផ្ទៃឲ្យក្រសួងកិច្ចការនារី-យុត្តិធម៌ សិក្សា

http://www.rasmeinews.com/ December 12, 2018, 6:18 PM

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្រគល់ភារកិច្ចជូនលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក អង្គវង្សវឌ្ឍានា សិក្សាច្បាប់ទាក់ទងការពរពោះជំនួស។ ការថ្លែងនេះ នៅក្នុងទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅសាលលមហោស្រពកោះពេជ្រ។ សម្តេចក្រឡាហោមបានអំពាវនាវដល់ប្រជាពលរដ្ឋកុំចាប់យកការពរពោះជំនួសជាមធ្យោបាយដោះស្រាយជីវភាព។ សម្តេចបានបញ្ជាក់ថា អំពើពរពោះជំនួស គឺជាអំពើអមនុស្សធម៌។ សម្រាប់កម្ពុជាយើងកំពុងសិក្សាអំពីបញ្ហានេះ គឺប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងក្រសួងយុត្តិធម៌ សិក្សាពីច្បាប់ទាក់ទងការពរពោះជំនួស។ ក្នុងរយៈពេលកំពុងសិក្សាច្បាប់នេះ គឺមិនអោយបញ្ហានេះប៉ះពាល់ដល់ប្រជាពលរដ្ឋទេ។

សូមជម្រាបថា ករណីពរពោះជំនួសនេះ សមត្ថកិច្ចបានចាប់ខ្លួនស្ត្រីស៊ីឈ្នួលពរពោះជំនួស និងមេខ្យល់នាពេលកន្លងមកនេះ ប្រមាណជិត ៥០នាក់។ ដោយក្នុងនោះ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ នៅចំណុចផ្ទះវីឡាលេខ២A ផ្លូវ៣៤៨ និងផ្ទះវិឡាលេខ៩A ផ្លូវ៣៤៨ ស្ថិតនៅក្នុងបុរី វិមានភ្នំពេញ តាមបណ្ដោយផ្លូវលេខ៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីពរពោះជំនួសចំនួនជាង៣០នាក់។ ហើ់យកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីពរពោះជំនួស និងមេខ្យល់ចំនួនជាង ១០នាក់ គឺនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការឃាត់ខ្លួនស្ត្រីពរពោះជំនួសនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខណៈពេលដែលពួកគេបម្រុងនឹងចេញដំណើរទៅក្រៅប្រទេស។

តាមចម្លើយរបស់នារីពរពោះជំនួសបានឱ្យដឹងថា ក្នុងកូន១ដែលពួកគាត់ពរពោះជំនួសនេះ ទទួលបានប្រាក់កំរៃចំនួន ១ម៉ឺនដុល្លារ គិតចាប់ពីខែដំបូង ឱ្យចំនួន៥០០ដុល្លារ ខែបន្ទាប់ ៣០០ដុល្លារ រហូតដល់កើត ទើបទទួលបានចំនួន ៦ពាន់ដុល្លារបន្ថែមទៀត។ ចំពោះការថែទាំគភ៌ ការប្រសូត្រ គឺជាបន្ទុករបស់ក្រុមហ៊ុន។ លក្ខណៈពិសេសនៃការពរពោះជំនួសក្នុងករណីនេះ គឺពេលជិតដល់ត្រូវឆ្លងទន្លេ ប្រសូត្រ គឺក្រុមហ៊ុនបញ្ជូនស្ត្រីពរពោះទៅប្រទេសចិន សម្រាលកូនរួចទើបបញ្ជូនមកស្រុកខ្មែរវិញ ហើយប្រគល់លុយបង្គ្រប់ ១ម៉ឺនដុល្លារ។

គួរបញ្ជាក់ថា កម្ពុជានឹងមានច្បាប់ពរពោះជំនួស ដើម្បីទប់ស្កាត់ការធ្វើពាណិជ្ជកម្មមនុស្ស ស្របពេលដែលសេចក្ដីពង្រាងច្បាប់នេះ កំពុងស្ថិតក្នុងដៃក្រសួងយុត្តិធម៌ ដែលត្រៀមបើកកិច្ចពិភាក្សាជាមួយអន្តរក្រសួងក្នុងពេល ឆាប់ៗនេះ។ ក្រសួងនឹងបញ្ជូនសេចក្ដីព្រាងច្បាប់ពរពោះជំនួសនេះ ទៅក្រសួង កិច្ចការនារី ដើម្បីឱ្យពិនិត្យលើលក្ខណ:បច្ចកទេសឡើងវិញ មុននឹងដាក់ចូលក្នុងកិច្ចប្រជុំអន្ដរក្រសួង៕សរន

website_news/2018131202.txt · Last modified: 2018/12/13 13:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki