website_news:2018131203

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ៖ សមត្ថកិច្ចកំពុងបើកការ ស្រាវជ្រាវករណីម្ដាយ លក់កូន ដើម្បីឲ្យដឹងថា រឿងពិត ឬប្រឌិត

https://www.dap-news.com/ ByID:030 Posted on 12 December 2018 | 19:46

ភ្នំពេញ ៖ ក្រោយពីលោក រ៉ាត់ រដ្ឋមុនី ប្រធានសហព័ន្ធសហជីពកម្មករ សំណង់កម្ពុជា (CCTUF) ត្រូវបានអាជ្ញាធរ ថៃចាប់ខ្លួនពាក់ព័ន្ធការ ផលិតយន្តឯកសារ មួយក្រោមចំណងជើង ថា“ម្តាយខ្ញុំ លក់ខ្ញុំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថាសមត្ថកិច្ចកំពុង បើកការស្រាវជ្រាវ យ៉ាងយកចិត្ដទុកដាក់បំផុតចំពោះករណីនេះ ដើម្បីឲ្យដឹងថា តើរឿងនេះពិត ឬប្រឌិត?

សូមរំលឹកថាលោក រ៉ាត់ រដ្ឋមុនី ប្រធានសហព័ន្ធសហជីពកម្មករ សំណង់កម្ពុជា (CCTUF) ត្រូវបានអាជ្ញាធរថៃ ចាប់ខ្លួននៅក្នុងទីក្រុង បាងកក ប្រទេសថៃកាលពីថ្ងៃទី៧ ធ្នូ ពាក់ព័ន្ធការផលិត យន្តឯកសារស្តីពីការលក់កូនស្រី។ ការចាប់ខ្លួននេះ គឺធ្វើឡើងតាមសំណើផ្លូវការ របស់អាជ្ញាធររដ្ឋាភិបាលកម្ពុជា ក្រោយពីលោកបានចូលរួមផលិតខ្សែភាពយន្តឯកសារ “ម្តាយខ្ញុំ លក់ខ្ញុំ”ជាមួយទូរទស្សន៍RT របស់រុស្ស៊ី។ សម្រាប់អាជ្ញាធរខ្មែរ ខ្សែភាពយន្តឯកសារនេះ ធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់កម្ពុជា។

ក្នុងពិធី“ទិវាជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ” លើកទី១២នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ សម្ដេច ស ខេង បានមានប្រសាសន៍ថា ជុំវិញករណីនេះសម្ដេចខ្លួនឯងផ្ទាល់ ក៏មិនទាន់ហ៊ានសន្និដ្ឋានថា ពិតកម្រិតណា ឬមិនពិតកម្រិតណានោះទេ ខណៈកម្លាំងសមត្ថកិច្ចកំពុងតែ បើកការស្រាវជ្រាវ រកអ្នកទទួលខុសត្រូវធ្វើ យ៉ាងយកចិត្ដទុកដាក់នៅឡើយ។ សម្ដេចមានប្រសាសន៍ថា “មានរឿងមួយដែរកន្លងទៅនេះ គឺមានខ្សែវីដេអូមួយ បានចងក្រងនូវសកម្មភាព មួយអំពីម្ដាយលក់កូន ឥឡូវនេះកំពុងស្ថិតក្នុងដំណាក់កាលស្រាវជ្រាវសិក្សា ពីព្រោះថាយកទៅផ្សាយ នៅទូរទស្សន៍ RT តើរឿងនោះជារឿងពិត ឬក៏ជារឿងប្រឌិត បានចងក្រងខ្សែរភាគយន្ដអីចឹង យើងកំពុងតែសិក្សាទេខ្ញុំមិនហ៊ានវាយតម្លៃទេថា នឹងវាពិតកម្រិតណា ឬមិនពិតកម្រិតណានោះទេ។ប៉ុន្ដែយ៉ាងណាក៏ក្នុងសមត្ថកិច្ចត្រូវសិក្សា និងស្រាវជ្រាវឲ្យបានត្រឹមត្រូវ ដើម្បីយើងរកវិធីការឲ្យសមស្រប ពីព្រោះកាលណាយើងមិនដឹងរឿងពិតដល់កម្រិតណា។ រហូតមកដល់ពេលយើងកំពុងសស្ថិតនៅការស្រាវជ្រាវ។តែក៏បានព័ត៌មានខ្លះហើយ ពិសេសពីតួអង្គដែរដើរតួក្នុងរឿងនេះ តែយើងត្រូវការប្រភពព័ត៌មានផ្សេងៗទៀត តែមកទល់ពេលនេះព័ត៌មានយើងទទួលបាន យើងអត់ទាន់ធ្វើការសន្និដ្ឋានជាក់លាក់ថាយ៉ាងម៉េចនោះទេ”។

យោងតាមការចេញផ្សាយរបស់វិទ្យុបារាំង បានឲ្យដឹងថា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch) នៅថ្ងៃទី១១ ធ្នូនេះ បានចេញថ្លែងការណ៍ដោយអំពាវនាវកុំឲ្យអាជ្ញាធរថៃបញ្ជូនលោករ៉ាត់ រដ្ឋមុនី ដែលបានចូលរួមផលិតភាពយន្តឯកសារស្តីពីការលក់កូនស្រីជាមួយទូរទស្សន៍រុស្ស៊ី មកឲ្យអាជ្ញាធរកម្ពុជា។ មិនតែប៉ុណ្ណោះ Human Rights Watch ក៏បានស្នើឲ្យអាជ្ញាធរថៃដោះលែងលោករ៉ាត់ រដ្ឋមុនី ជាបន្ទាន់ផងដែរ។

បច្ចុប្បន្ន លោករ៉ាត់ រដ្ឋមុនី ត្រូវបានអាជ្ញាធរថៃឃុំខ្លួននៅក្នុងមណ្ឌលឃុំខ្លួនជនអន្តោរប្រវេសន៍ ដើម្បីរង់ចាំអាជ្ញាធរខ្មែរទៅនាំខ្លួនមកកាន់ប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីអ្នកស្រីឡុង គីមហ៊ាង ដែលជាភរិយាលោក រ៉ាត់ រដ្ឋមុនី នៅលើទំព័រកាសែតខ្មែរថាមន៍នៅថ្ងៃនេះ។ អ្នកស្រីបានសម្តែងការបារម្ភថា ប្តីអ្នកស្រីនឹងត្រូវអាជ្ញាធរយកមកឃុំខ្លួនក្នុងពន្ធនាគារដោយគ្មានការស៊ើបអង្កេតដោយយុត្តិធម៌នៅកម្ពុជា។ ចំណែកទូរទស្សន៍RT (Russia Today) វិញ ក៏សម្តែងនូវការព្រួយបារម្ភខ្លាំងផងដែរចំពោះការឃុំខ្លួននេះ។ RT បានបញ្ជាក់ប្រាប់កាសែតថាមន៍ថានេះ ខ្លួនកំពុងតែធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីជួយដោះស្រាយបញ្ហានេះដែលក្នុងនោះ រួមមានទាំងតាមរយៈផ្លូវទូតផងដែរ៕ ដោយ អេង ប៊ូឆេង

website_news/2018131203.txt · Last modified: 2018/12/13 13:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki