website_news:2018131205

សម្តេច ហ៊ុន សែន៖ ពលករខ្មែរធ្វើការនៅបរទេស មិនមែនជារឿងអាក្រក់ឬគួរឲ្យខ្មាសអៀនទេ

https://thmeythmey.com/ 12, Dec 2018 , 3:37 pm

ភ្នំពេញ៖ ក្នុងជំនួបជាមួយកម្មករ-កម្មការីនីនៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១២ ខែឆ្នូ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា គ្រប់កម្មករដែលបម្រើការងារនៅក្រៅប្រទេស មិនមែនសុទ្ធតែជារឿងគួរឲ្យខ្មាសអៀន ឬរឿងអាក្រក់នោះទេ។ ផ្ទុយទៅវិញ ការនាំពលករខ្មែរទៅធ្វើការនៅបរទេស គឺពួកគេនាំមកវិញនូវប្រាក់ចំណូលសម្រាប់ប្រទេសជាតិ។ ប្រធានគណបក្សកម្ពុជា បានបញ្ចេញសារដ៏វែងអន្លាយនៅក្នុងទំព័រហ្វេសប៊ុកថា ៖«សូមបងប្អូនកុំយល់ច្រឡំ ឬគិតខុស ក្នុងពេលដែលបងប្អូនទៅធ្វើការនៅបរទេស។ សូម្បីថៃក៏គេបញ្ជូនកម្មករទៅធ្វើការនៅប្រទេស កូរ៉េ ជប៉ុន ហ្វីលីពីន និងសហរដ្ឋអាមេរិកជាដើម។ ពួកគេបាននាំមកវិញនូវប្រាក់ចំណូលជាច្រើនសម្រាប់ប្រទេសគេ»។

ថ្លែងចំពោះមុខកម្មករ-កម្មការិនី ក្នុងខេត្តកំពង់ស្ពឺ ប្រមុខរដ្ឋាភិបាល បាននិយាយថា លោកកំពុងខិតខំស្វែងរកទីផ្សារការងារក្រៅប្រទេស ដូចជា ប្រទេសកូរ៉េ, ជប៉ុន និងប្រទេសអារ៉ាប់ ដើម្បីផ្តល់ការងារដល់ពលរដ្ឋខ្មែរ-អ៊ិស្លាម ផងដែរ។ នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា កន្លងមកលោកក៏បានជួយដោះស្រាយពលករដែលចាញ់បោកមេខ្សល់យកទៅធ្វើការនៅបរទេសខុសច្បាប់។ ជាមួយគ្នាផងដែរ ប្រមុខរដ្ឋាភិបាល បានជំរុញឲ្យក្រសួងការងារ និងក្រសួងយុត្តិធម៌ ពន្លឿងដោះស្រាយរឿងបណ្តឹងរបស់ក្រុមសហជីព។

សូមបញ្ជាក់ថា សហគ្រាសដែលនាំយកពលករខ្មែរទៅធ្វើការនៅបរទេសមានដូចជា ប្រទេសចិនចំនួន១៨រោងចក្រ, កូរ៉េចំនួន៤រោងចក្រ និងសិង្ហបុរី១រោងចក្រ ហើយពួកគេភាគច្រើនធ្វើការជាអ្នកកាត់ដេរសម្លៀកបំពាក់, ផលិតស្បែកជើង, កាបូប សម្ភារធ្វើដំណើរ, ខ្សែរូត, សម្ភារសម្រាប់ព្យូរសំលៀកបំពាក់ និងផលិតតង់។ ផលិតផលទាំងនោះ ត្រូវបានក្រុមហ៊ុន នាំចេញទៅផ្សារអន្តរជាតិ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស៕

website_news/2018131205.txt · Last modified: 2018/12/13 13:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki