website_news:2018131206

អាជ្ញាធរថៃបានបញ្ជូនសកម្មជនសិទ្ធិការងារលោក រ៉ាត់ រត្នមុនី ទៅកម្ពុជាវិញហើយ

https://www.rfa.org/khmer/news/ ដោយ សុ ជីវី 2018-12-12

មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំក្រុងបាងកក លោក ស៊ូណៃ ផាស៊ុក (SunaI Phasuk) និងភរិយារបស់លោក រ៉ាត់ រត្នមុនី គឺលោកស្រី ឡុង គឹមហ៊ាង ថ្លែងបញ្ជាក់ដូចគ្នា អំពីការបញ្ជូនខ្លួនលោក រ៉ាត់ រត្នមុនី ទៅកម្ពុជា នៅល្ងាចថ្ងៃទី១២ ធ្នូ។ លោកស្រីមិនដឹងថា អជ្ញាធរថៃ បញ្ជូនប្តីលោកស្រីទៅកម្ពុជា តាមយន្តហោះ ឬតាមឡាននោះទេ ហើយរហូតមកដល់ពេលនេះ លោកស្រីថា មិនទាន់ដឹងពីទីកន្លែងរបស់ប្ដីលោកស្រីនៅទីណាឡើយទេ ក្នុងប្រទេសកម្ពុជា ព្រោះអាជ្ញាធរកម្ពុជាបិទបាំងព័ត៌មាននេះ លោកស្រីស្នើសុំឲ្យអង្គការជាតិ និងអន្តរជាតិតាមដានករណីប្តីលោកស្រីឲ្យបានដិតដល់ និងស្នើសុំអាជ្ញាធរ និងតុលាការឲ្យស៊ើបអង្កេតប្រមូលភស្តុតាងត្រឹមត្រូវឡើងវិញ មិនមែនជានីតិវិធីតាមចាប់ចងប្ដីលោកស្រីនោះទេ។ លោកស្រីបន្តថា ប្តីលោកស្រីមិនបានផលិតវីដេអូ ដើម្បីបង្ខូចកិត្តិយស្ត្រីខ្មែរ ឬប្រទេសខ្មែរនោះទេ។

ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា (CCTUF) លោក រ៉ាត់ រត្នមុនី ត្រូវបានប៉ូលីសថៃឃាត់ខ្លួន កាលពីថ្ងៃទី៧ ធ្នូ នៅទីក្រុងបាងកក ខណៈលោក និងគ្រួសារកំពុងព្យាយាមរត់ភៀសខ្លួនបន្តទៅប្រទេសហុល្លង់ (Netherland)។ ពេលចាប់ខ្លួន ប៉ូលីសថៃបានប្រាប់ទៅភរិយារបស់លោកថា ពួកគេទទួលបានសំណើពីសមត្ថកិច្ចកម្ពុជា ឱ្យឃាត់ខ្លួន និងបញ្ជូនលោក រ៉ាត់ រត្នមុនី ត្រឡប់ទៅកម្ពុជាវិញ។ អាជ្ញាធរកម្ពុជា ចោទលោកថា បានប្រឌិតឯកសារក្លែងក្លាយ ក្នុងរឿងភាពយន្តឯកសារ ដែលលោកផលិតអំពីការជួញដូរផ្លូវភេទ ទៅប្រទេសកម្ពុជា។

សមត្ថកិច្ចកម្ពុជាក៏បានចោទលោកថា បានឱ្យលុយទៅតួអង្គម្តាយកូន ២នាក់ ចំនួន ២០០ដុល្លារ ជាថ្នូរនឹងការនិយាយកុហកក្នុងភាពយន្តឯកសារ។ ទាំងសមត្ថកិច្ច និងអ្នកនាំពាក្យរបបក្រុងភ្នំពេញសុទ្ធតែអះអាងដូចគ្នាថា ករណីនេះមិនអាចលើកលែងឱ្យបានឡើយ ព្រោះលោក រ៉ាត់ រត្នមុនី បានប្រឌិតរឿងប៉ះពាល់ដល់កិត្តិយស និងផលប្រយោជន៍របស់ជាតិ។ ពួកគេអះអាងថា ត្រូវតែនាំខ្លួនសកម្មជនសិទ្ធិការងាររូបនេះ ឱ្យមកទទួលទោសតាមផ្លូវច្បាប់នៅកម្ពុជា។

ភាពយន្តឯកសារ មានចំណងជើងថា “ម្តាយខ្ញុំ លក់ខ្ញុំ” ដែលមានរយៈពេលជាង ២៧នាទីនោះ គឺបង្ហាញពីនារីវ័យក្មេងមិនទាន់គ្រប់អាយុ ៣នាក់ ត្រូវបានលក់ឱ្យបម្រផ្លូវភេទ ដើម្បីដោះស្រាយជីវភាពគ្រួសារក្រីក្រលំបាក។ ភាពយន្តឯកសារនេះ មានចំនួនចូលទស្សនាជាង ១លាន ៤សែនដង លើបណ្តាញយូធូប (You Tube) និងជាង ៥សែនដងនៅលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) គឺជាវីដេអូសង្ខេបផ្តោតលើគ្រួសារមួយ នៃអតីតពលរដ្ឋបឹងកក់ ដែលរងការបណ្តេញចេញដោយបង្ខំ៕

website_news/2018131206.txt · Last modified: 2018/12/13 13:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki