website_news:2018131207

សាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួនបណ្ដោះអាសន្ន ជនជាតិចិន ៩នាក់ ក្រោមបទចោទចែកចាយរូបភាពអាសអាភាសកុមារ

https://www.rfa.org/khmer/news/ ដោយ ហេង រស្មី 2018-12-12

ជនជាតិចិន ៣នាក់ ក្នុងចំណោម ៩នាក់ នៅខេត្តសៀមរាប ដែលនគរបាលខេត្តសៀមរាប ចុះឃាត់ខ្លួនសង្ស័យធ្វើសកម្មភាពចែកចាយរូបអាសអាភាសរបស់កុមារ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨។ សាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួនបុរសជនជាតិចិន ៩នាក់ ដែលសង្ស័យពីបទចែកចាយរូបភាពអាសអាភាសរបស់កុមារតាមប្រព័ន្ធអ៊ីនធើណេតជាបណ្ដោះអាសន្ន។

សង្គមស៊ីវិលខេត្តសៀមរាប ស្វាគមន៍ចំណាត់ការផ្លូវច្បាប់នេះ និងទាមទារឲ្យរឹតបន្តឹង លើជនបរទេសឲ្យបានខ្លាំង កុំឲ្យកើតមានរឿងអាស្រូវ ដូចនៅខេត្តព្រះសីហនុ។

ប្រធានលេខាធិការដ្ឋានរដ្ឋបាល និងជាអ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោក យិន ស្រាង ប្រាប់អាស៊ីសេរីថា ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួន បុរសជនជាតិចិន៩នាក់ បណ្ដោះអាសន្ននៅក្នុងពន្ធនាគារខេត្ត តាមបទចោទប្រកាន់របស់តំណាងអយ្យការខេត្ត ពីបទចែកចាយរូបភាពអាសអាភាសរបស់កុមារ។ បើទោះបែបណា អ្នកនាំពាក្យតុលាការរូបនេះ មិនផ្ដល់ព័ត៌មាន អំពីកុមាររងគ្រោះទេ៖ «ចៅក្រមគាត់បានឃុំខ្លួន ពួកគាត់ហើយ ឃុំខ្លួនបណ្ដោះអាសន្នណា។ ឥឡូវពួកគាត់កំពុងនៅពន្ធនាគារខេត្តសៀមរាប។ សំណួរ៖ បទចោទរក្សាទុកដដែល ឬយ៉ាងណា? ឆ្លើយ៖ បាទ! នៅដដែល»។

កាលពីថ្ងៃទី៨ ធ្នូ កងកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃស្នងការនគរបាលខេត្តសៀមរាប រួមជាមួយកងកម្លាំងចម្រុះរបស់អធិការដ្ឋាននគរបាលក្រុងសៀមរាប ប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយដង្គំ និងសង្កាត់ស្លក្រាម បានចុះឃាត់ខ្លួនជនជាតិចិន ៩នាក់ នៅទីតាំង ៣កន្លែង។ ក្នុងនោះ ជនជាតិចិនម្នាក់ ឃាត់ខ្លួននៅក្នុងបុរីមួយ ឈ្មោះ អាក់ខេត នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ៥នាក់ ឃាត់ខ្លួននៅក្នុងផ្ទះវិឡាជួល នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ និង ៣នាក់ទៀត ឃាត់ខ្លួនបាននៅក្នុងបន្ទប់ផ្ទះសំណាក់ឈ្មោះ មហាមាន ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម។ ប្រតិបត្តិការនោះ សមត្ថកិច្ចបានដកហូត សម្ភារៈបច្ចេកវិទ្យាជាច្រើនជាភស្ដុតាង។ ជនជាតិចិនទាំង ៩នាក់នោះ ត្រូវបានចោទប្រកាន់ថា បានធ្វើសកម្មភាពចែកចាយរូបភាពអាសអាភាសរបស់កុមារ តាមប្រព័ន្ធអ៊ីនធើណេត។

នៅមុនការចាប់ខ្លួនជនជាតិចិន នៅខេត្តសៀមរាប ២ថ្ងៃ គឺកាលពីថ្ងៃទី៦ ធ្នូ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យជនជាតិចិន ចំនួន ២៣៥នាក់ ឲ្យត្រលប់ទៅប្រទេសចិនវិញ ដោយសង្ស័យថា ជាក្រុមឆបោក គំរាមកំហែង និងជំរិតទារប្រាក់ជនជាតិចិនដូចគ្នា តាមប្រព័ន្ធទូរគមនាគមន៍ (VOIP)។

របាយការណ៍របស់ក្រសួងមហាផ្ទៃ ចេញផ្សាយកាលពីខែកញ្ញា បង្ហាញថា ជនជាតិចិននៅកម្ពុជាមានចំនួន ២១ម៉ឺននាក់ ក្នុងនោះជនជាតិចិនកំពុងរស់នៅច្រើនជាងគេ គឺនៅខេត្តព្រះសីហនុមានចំនួនជាង ៧ម៉ឺន ៨ពាន់នាក់។ ចំពោះជនជាតិចិន ដែលរងការចុះចាប់ខ្លួន ដល់ទីតាំងនិងបណ្ដេញចេញ ពីប្រទេសកម្ពុជា ទៅប្រទេសចិនវិញ គិតត្រឹមខែធ្នូនេះ មានចំនួន ៦០៨នាក់។ បទល្មើសដែលប្រព្រឹត្តច្រើនជាងគេ គឺបទគំរាមជំរិត និងឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP)។

អ្នកអង្កេតសមាគមសិទ្ធិមនុស្ស អាដហុក ខេត្តសៀមរាប លោក ច័ន្ទ ចំរើន ស្វាគមន៍ចំណាត់ការផ្លូវច្បាប់ លើជនបរទេស ដើម្បីព្រមានកុំឲ្យជនបរទេសផ្សេងទៀត ចាត់ទុកប្រទេសកម្ពុជា ជាទីតាំងប្រព្រឹត្តិបទល្មើសអាសអាភាស។ លោកឲ្យដឹងថា កន្លងមក អាជ្ញាធរខេត្តសៀមរាប ធ្លាប់បង្ក្រាបករណីជនបរទេសចែកចាយរូបភាពអាសអាភាស របស់កុមារ តាមប្រព័ន្ធអ៊ីនធើណេតម្ដងហើយ ប៉ុន្តែមិនមែនជាជនជាតិចិនទេ៖ «សម្រាប់សង្គមស៊ីវិល យើងសាទរ ចំពោះការអនុវត្តច្បាប់»។ សង្គមស៊ីវិលរូបនេះ ក្រើនរំលឹកឲ្យអាជ្ញាធរខេត្តសៀមរាប ទប់ស្កាត់បទល្មើស ដែលប្រព្រឹត្តិដោយជនជាតិចិន លើទឹកដីខេត្តទេសចរណ៍មួយនេះ ឲ្យបានប្រសើរ កុំបណ្ដែតបណ្ដោយឲ្យជនជាតិចិនបង្ករឿងអាស្រូវ ដូចនៅខេត្តព្រះសីហនុ ព្រោះខេត្តសៀមរាប ជាទឹកដីទេសចរណ៍ប្រវត្តិសាស្ត្រខ្មែរ៕

website_news/2018131207.txt · Last modified: 2018/12/13 13:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki