website_news:2018131208

ជនល្មើសជួញដូរមនុស្ស ប្រើគ្រប់កលល្បិច ដើម្បីកេងប្រវ័ញ្ច រំលោភបំពាន ដោយមិនខ្វាយខ្វល់ពីទុក្ខវេទនា

http://www.cen.com.kh/archives/ December 13, 2018

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ដែលជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងថា អំពើជួញដូរមនុស្ស ជាបទឧក្រិដ្ឋ ដែលជាជនល្មើសជួញដូរមនុស្ស បានប្រើគ្រប់កលល្បិច ដើម្បីកេងប្រវ័ញ្ច រំលោភបំពាន លើមនុស្ស ដោយមិនខ្វាយខ្វល់ពីទុក្ខវេទនា និងអាយុជីវិតរបស់មនុស្ស ដែលចង់រស់រាន ជួបជុំគ្រួសារ និងសេចក្ដីសុខ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានឹងនៅតែការប្ដេជ្ញាចិត្តខ្ពស់ទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរមនុស្សឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយមិនអនុញ្ញាតឲ្យជនល្មើស មានឱកាសពង្រីកសកម្មភាពឡើយ។

សម្ដេចក្រឡាហោម ស ខេង តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញចូលរួមជាអធិបតី ក្នុងទិវាជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១២ ឆ្នាំ២០១៨ ក្រោមប្រធានបទ រួមសហការគ្នាបង្ការ បង្ក្រាប ផ្ដន្ទាទោស សង្គ្រោះ ការពារ ដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នៅកោះពេជ្រ។ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា “ខ្ញុំសូមបញ្ជាក់អំពីជំហរជាថ្មីម្ដងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាអាទិភាពមួយ ក្នុងចំណោមអាទិភាពជាច្រើន សម្រាប់ការលើកម្ពស់សន្ដិសុខ និងសុវត្ថិភាពសង្គម ក៏ដូចជាលើកកម្ពស់ការគោរពសិទ្ធិ និងសេចក្ដីថ្លែថ្លូររបស់មនុស្ស។ រាជរដ្ឋាភិបាលកម្ពុជា នឹងនៅតែបន្ដការប្ដេជ្ញាចិត្តខ្ពស់ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះ ឲ្យកាន់តែខ្លាំងក្លា ដោយមិនអនុញ្ញាឲ្យជនល្មើស មានឱកាសពង្រីកសកម្មភាព បង្កភាពរងគ្រោះដល់ ប្រជាពលរដ្ឋ ដោយមិនបានឆ្លើយតបនោះឡើយ។

សម្ដេចក្រឡាហោម បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរិះរកគ្រប់វិធានការ និងពង្រឹងការអនុវត្ដច្បាប់ពាក់ព័ន្ធនានា ដើម្បីការពារប្រជាពលរដ្ឋ ពីបទល្មើសដ៏ស្មុគស្មាញនេះ ខណៈជនល្មើសមិនបានបោះបង់មហិច្ឆតារបស់ខ្លួនឡើយ ហើយខិតខំរិះរកគ្រប់ល្បិចកលតាមគ្រប់រូបភាព មានបណ្ដាញមេខ្យល់ប្រទាក់ក្រឡាគ្នា កាន់តែស្មុគស្មាញ ឆ្លងដែនពីប្រទេសមួយ នៅប្រទេសមួយ និងមានប្រព័ន្ធទំនាក់ទំនងកាន់តែទំនើប ដើម្បីគេចវេសពីសមត្ថកិច្ច៕ ដោយ ៖ កូឡាប

website_news/2018131208.txt · Last modified: 2018/12/13 13:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki