website_news:2018131209

លោក ស ខេង៖ មានកម្មកររាប់ម៉ឺននាក់នៅប្រទេស ថៃ ដែលមិនទាន់ស្របច្បាប់

https://www.postkhmer.com/ គង់ មេត្ដា | Publication date 13 December 2018 | 09:10 ICT

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ពីម្សិលមិញបានថ្លែងថា នៅមានកម្មករចំណាកស្រុកកម្ពុជាប្រមាណរាប់ម៉ឺននាក់ទៀតនៅក្នុងប្រទេសថៃ ដែលមិនទាន់ទទួលបានភាពស្របច្បាប់ពេញលេញ ដើម្បីការពារសុវត្ថិភាពពួកគេ បើទោះបីជាដំណោះស្រាយរាជរដ្ឋាភិបាលនៃប្រទេសទាំង ២ បានសហការគ្នាបង្កើតនីតិវិធី និងប្រព័ន្ធផ្តល់ភាពស្របច្បាប់ជូនពលករក្នុងប្រទេសថៃដែលជាប្រទេសគោលដៅក៏ដោយ។ ប៉ុន្តែស្ថិតក្នុងស្ថានភាពបែបនេះ អង្គការសង្គមស៊ីវិលក៏បានស្នើឲ្យរដ្ឋាភិបាលធ្វើយ៉ាងណាត្រូវរៀបចំធ្វើលិខិតឆ្លងដែនឲ្យមានតម្លៃសមរម្យ និងបង្កើតការិយាល័យឲ្យបានច្រើន ដើម្បីផ្តល់ភាពងាយស្រួលដល់កម្មករក្នុងការធ្វើលិខិតឆ្លងដែន ដែលអាចជួយឲ្យកម្មករមានភាពស្របច្បាប់ក្នុងការធ្វើចំណាកស្រុក។

នៅក្នុងសុន្ទរកថារបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង ដែលបានថ្លែងក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើកទី ១២ នៅមជ្ឈមណ្ឌលសនិ្នបាត និងពិព័រណ៍កោះពេជ្រដែលបានប្រារព្ធឡើង ដោយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលោក ស ខេង ថ្លែងថា ក្នុងរយៈពេលពីខែកក្កដា ឆ្នាំ ២០១៧ ដល់ខែមិថុនា ឆ្នាំ ២០១៨ និងបច្ចុប្បន្នមានកម្មករប្រមាណជាង ៥០ ម៉ឺននាក់ ត្រូវបានផ្តល់នូវឯកសារច្បាប់មួយចំនួនដូចជាឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណអនុញ្ញាតឲ្យស្នាក់នៅ និងធ្វើការងារក្នុងរយៈពេលកំណត់ និងនៅទីតាំងការងារជាក់លាក់មួយតាមរយៈនីតិវិធី ផ្តល់ភាពស្របច្បាប់ជូនរវាងប្រទេសកម្ពុជា និងថៃ។ លោក ស ខេង មានប្រសាសន៍ថា៖ «តែទោះបីជាយ៉ាងណាក្តីការផ្តល់ភាពស្របច្បាប់ក្នុងដំណាក់កាលនេះ គឺគ្រាន់តែជាដំណោះស្រាយបណ្តោះអាសន្នតែប៉ុណ្ណោះ។ ព្រោះថាអ្នកដែលទទួលបានការអនុញ្ញាតតាមផ្លូវច្បាប់ តាមប្រព័ន្ធដែលជាការព្រមព្រៀងគ្នាក្នុងអនុស្សរណៈមានតែប្រមាណ ៤០ ម៉ឺននាក់ប៉ុណ្ណោះ។ ដូច្នេះនៅមានរាប់ម៉ឺននាក់ទៀតនៅមិនទាន់ទទួលបានភាពស្របច្បាប់ពេញលេញ ដែលអាចការពារសុវត្ថិភាពបាននៅឡើយទេ»។

លោក ស ខេង ក៏បានកត់សម្គាល់ដែរថាមានកម្មករចំណាកស្រុកខ្មែរដែលធ្វើការនៅផ្នែកនេសាទគឺមានភាពងាយរងគ្រោះច្រើនជាងគេ ដែលទាមទារឲ្យមានការការពារដាច់ដោយឡែក។ លោកបានបញ្ជាក់ថា៖ «ក្នុងពេលនោះពលករនេសាទជាមុខសញ្ញានៃការទទួលភាពរងគ្រោះច្រើនជាងគេដែលចាំបាច់ត្រូវមានកិច្ចព្រមព្រៀងកំណត់លក្ខខណ្ឌដោយឡែកស្តីពីកិច្ចការពារសុវត្ថិភាព និងសិទ្ធិពលករនេសាទ ដែលអាចរក្សាបានផលប្រយោជន៍ទាំងនិយោជិត និងទាំងនិយោជក»។ លោក ស ខេង ថ្លែងថាមានពលករកម្ពុជារហូតជាង ១ លាននាក់បានចាប់យកជម្រើសការងារក្រៅប្រទេស និងកំពុងធ្វើការនៅក្រៅប្រទេស ដោយស្របច្បាប់ក្តី និងមិនស្របច្បាប់ក្តី។ លោក ស ខេង បញ្ជាក់៖ «មានពលករមិនតិចទេដែលបាននិងកំពុងតែរងគ្រោះថ្នាក់ក៏ដូចជាប្រឈមនឹងគ្រោះថ្នាក់។ យើងមិនទាន់បានដឹងច្បាស់ទេថាមានពលករប៉ុន្មាននាក់ដែលបាននិងកំពុងតែមានបញ្ហាដោយមិនទាន់មានការដោះស្រាយ ឬមានការដោះស្រាយ ដោយមិនសមស្រប ឬកំពុងបាត់ដំណឹងក្នុងអំឡុងពេលការងារព្រោះតែត្រូវបានគេបញ្ជួនចេញទៅឆ្ងាយគ្មានទំនាក់ទំនងរងគ្រោះថ្នាក់បាត់បង់ជីវិត ឬកំពុងស្ថិតក្នុងការឃុំខ្លួនដោយមិនមានមូលហេតុសមស្របជាច្រើន»។

លោកក៏បានកត់សម្គាល់ផងដែរថា មានការកើតឡើងនូវអំពើជួញដូរមនុស្សដែលបាននិងកំពុងបង្កក្នុងរូបភាពជួលឲ្យពពោះជំនួស ដើម្បីជួញដូរទារក និងនាំចេញទៅក្រៅប្រទេសនៅក្នុងប្រទេសកម្ពុជា។ លោកថ្លែងថា៖ «សកម្មភាពបែបនេះមិនត្រឹមតែជាសកម្មភាពខុសច្បាប់ប៉ុណ្ណោះទេ តែក៏បានជះឥទ្ធិពលដល់វប្បធម៌ប្រពៃណីជាតិ សីលធម៌រស់នៅក៏ដូចជាប៉ះពាល់ដល់សុខភាព និងអាយុជីវិតស្ត្រីដែលជាមាតានិងទារក សូមដាស់តឿនដល់ប្រជាពលរដ្ឋទាំងឡាយសូមកុំប្រកាន់យកអំពើពពោះជំនួសជាមធ្យោបាយក្នុងការដោះស្រាយជីវភាពព្រោះជាអំពើអមនុស្សធម៌ ជាអំពើបាបនិងជាបទល្មើស។ លោក ស ខេង និយាយថាស្ត្រីពពោះជំនួសបានយល់ព្រមចិញ្ចឹមកូនដែលខ្លួនស៊ីឈ្នួលពពោះជំនួស។ គ្រួសារ និងស្ត្រីក្រីក្រជាច្រើនបានព្យាយាមប្រឹងប្រែងរកមធ្យោបាយដើម្បីដោះស្រាយជីវភាពខ្លួន និងចិញ្ចឹមកូន ទោះជាលំបាកយ៉ាងណាក៏ដោយ តែមិនបានប្រកាន់យកជម្រើសលក់ ឬបោះបង់កូនដែលខ្លួនបានពពោះដើម្បីដោះស្រាយការលំបាករបស់ខ្លួនឡើយ។ លោកបញ្ជាក់ថា៖ «ជាថ្មីម្តងទៀតខ្ញុំសូមរំឭកដាស់តឿនចំពោះមន្ត្រីរាជរដ្ឋាភិបាលទាំងឡាយដែលបាន និងកំពុងតែសាងបញ្ហាឃុបឃឹត និងសហការជាមួយជនល្មើសជួញដូរមនុស្ស និងអំពើពាក់ព័ន្ធទាំងឡាយទោះបីដោយចេតនាក្តីអចេតនាក្តីត្រូវឆាប់កែខ្លួនឲ្យបានល្អ ព្រោះរដ្ឋាភិបាលត្រូវធ្វើការកែទម្រង់គ្រប់វិស័យរាប់ទាំងឥរិយាបថការងាររបស់មន្ត្រីរាជការ»។

លោក Dy The Hoya មន្ត្រីអង្គការ Central ដែលជាអង្គការសិទ្ធិការងារបានថ្លែងថា កម្មករដែលមិនទាន់ទទួលបានភាពស្របច្បាប់អាចប្រឈមបញ្ហាមួយចំនួន ជាពិសេសត្រូវបានថៅកែកេងប្រវ័ញ្ច និងអាចត្រូវមន្ត្រីប៉ូលិសថៃគាបសង្កត់ទាមទារប្រាក់។ លោកបញ្ជាក់ថា៖ «គាត់អាចត្រូវប៉ូលីសថៃចាប់បញ្ជូនមកវិញ ហើយគាត់ត្រូវរស់នៅរបៀបលួចលាក់ និងអាចប្រឈមនឹងការកេងប្រវ័ញ្ច។ ខ្ញុំគិតថាដើម្បីឲ្យកម្មករទទួលបានភាពស្របច្បាប់ រដ្ឋាភិបាលត្រូវធ្វើឲ្យតម្លៃលិខិតឆ្លងដែនមានតម្លៃសមរម្យ និងបង្កើតការិយាល័យឲ្យបានច្រើន»៕

website_news/2018131209.txt · Last modified: 2018/12/13 14:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki