website_news:2018131211

រូបភាពនៃការជួញដូរមនុស្ស មិនត្រឹមតែជាការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទនោះទេ

http://kleykley.sabay.com.kh/ ថ្ងៃទី ១២ ធ្នូ ២០១៨ ម៉ោង 16:16

លោកស្រី ជួញ សុឆៃ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា រូបភាពនៃអំពើជួញដូរមនុស្សមិនត្រឹមតែជាការជួញដូរ ឬកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេ ប៉ុន្តែក៏មានបាតុភាពមួយចំនួនទៀត ដែលទំនោរទៅរកអំពើជួញដូរសរីរាង្គ និងបទល្មើសរត់ពន្ធ ឬជួញដូរទារកឆ្លងដែន ដែរហៅថា អំពើជួលពពោះជំនួស។ ការថ្លែងនេះ ធ្វើឡើងនៅក្នុងទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ នៅសាលមហោស្រពកោះពេជ្រ ក្រោមអធិបតីភាពសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ លោកស្រីលើកឡើងថា នេះជាកង្វល់ថ្មីទៀត ដែលគណ:កម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បាននឹងកំពុងតែដាក់វិធានការ ស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបឱ្យបានទាន់ពេលវេលា និងសិក្សាអំពីបរិបទច្បាប់បទដ្ឋានគតិយុត្តិពាក់ព័ន្ធបន្ថែមទៀត ដើម្បីជៀសវាងការរីកដាលនៃបទល្មើស ដែលនាំឱ្យបង្កគ្រោះថ្នាក់កាន់តែច្រើនឡើង ដល់ជីវិតមនុស្ស។ ការធ្វើទេសន្តរប្រវេសន៍ ក៏នៅតែជាប្រធានបទដ៏សំខាន់ផងដែរ ដែលត្រូវថ្លឹងថ្លែងអំពីផលចំណេញ និងផលប៉ះពាល់ ពោលគឺត្រូវធ្វើការសម្រេចចិត្តដោយប្រុងប្រយ័ត្ន។

រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ ក្នុងការការពារប្រជាពលរដ្ឋពីភាពរងគ្រោះទាំងឡាយដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបានបង្កឱ្យមានវិនាសកម្មជាថ្មីដល់មនុស្សជាតិ ហើយបាននឹងកំពុងក្លាយជាទាសភាពសម័យទំនើប គួរឱ្យភ័យខ្លាច និងស្អប់ខ្ពើម។ លោកស្រី ជួញ សុឆៃ បន្ថែម។ ជាមួយគ្នានេះ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័នក្នុងរាជរដ្ឋាភិបាល ដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ រួមសហការគ្នា បង្ការ បង្ក្រាប ផ្តន្ទាទោស សង្គ្រោះ ការពារ ដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស៕ អត្ថបទ៖ សោភា

website_news/2018131211.txt · Last modified: 2018/12/13 14:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki