website_news:2018140201

អាសូរណាស់ ! ព្រោះតែក្រពះជាប់គុកស្រុកគេស្ទើរាល់ថ្ងៃ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨ម៉ោង ២៣:២៤ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ ខ្មែរថៃ៣នាក់ត្រូវបានសមត្ថកិច្ចចម្រុះថៃចាប់ខ្លួនក្នុងតំបន់ឧទ្យានជាតិប៉ាងស៊ីដា ក្នុងខេត្តស្រះកែវ ប្រទេសថៃ នាព្រឹកថ្ងៃទី១៣ កុម្ភៈ ២០១៨ ដោយចោទប្រកាន់ថាចូលទៅលួចកាប់ឈើ គ្រញូង។ ការចាប់បានជនសង្ស័យទាំង៣គឺតាមរយៈកាមេរ៉ាសុវត្ថិភាព និងដានជើង ហើយសមត្ថកិច្ច តាមពីក្រោយរហូតដល់គោលដៅដែលជនសង្ស័យខ្មែរថៃជាង២០នាក់ កំពុងចែកសម្ភារគ្នាដើម្បីចូល រកកាប់ឈើគ្រញូង នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រថៃមួយ។

ជនសង្ស័យទាំង៣នាក់រួមមាន ១.ឈ្មោះ ប៉េ សឹបម៉ា ភេទប្រុស អាយុ៦៦ឆ្នាំ ជាជនជាតិថៃ ២.ឈ្មោះ តាំង ឡឺម ភេទប្រុស អាយុ៣៤ឆ្នាំ(ខ្មែរ) និង៣.ឈ្មោះ មៀ អ៊ាន ភេទប្រុស អាយុ៤៥ឆ្នាំ(ខ្មែរ)។ ករណីខាងលើសមត្ថកិច្ចថៃរឹបអូសបានរណាយន្ត២គ្រឿង កាំភ្លើងវែង១ដើម គ្រាប់២០៩គ្រាប់ និងស្បៀងអាហារមួយចំនួន។ ក្រោយសាកសួរជនសង្ស័យទាំង៣ប្រាប់ថា មានគ្នាសរុប២០នាក់ត្រូវថៅកែជាជនជាតិខ្មែរជួលឲ្យកាប់ឈើគ្រញូង ប៉ុន្តែមិនទាន់ទាំងបានកាប់ផងត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។ ជនសង្ស័យទាំង៣នាក់ ពេលនេះកំពុងត្រូវបានសមត្ថកិច្ចថៃឃុំខ្លួនបណ្តោះអាសន្នក្នុងខេត្តកើតហេតុ មុនពេលប្រឈមឡើងក្តីនៅតុលាការរបស់ថៃ។

គួរបញ្ជាក់ថា ព្រោះតែដើម្បីក្រពះ និងជីវភាពគ្រួសារ ពលករខ្មែរជាច្រើននាក់បានក្លាយជាជនរងគ្រោះជាបន្តបន្ទាប់ មានស្លាប់ និងរបួស ជាប់គុកនៅស្រុកគេដោយសារការលួចឆ្លងដែនខុសច្បាប់ មិនថាពលករទៅស្វែងរកការងារធ្វើតាមបណ្តាខេត្ត ក្នុងនោះរួមទាំងក្រុមពលករស៊ីឈ្នួលកាប ឬលីសែងឈើគ្រញូងផងដែរ ខណៈក្រុមមេខ្យល់ និងអ្នកនៅពីក្រោយខ្នងរួចផុតពីសំណាញ់ច្បាប់រហូត៕

website_news/2018140201.txt · Last modified: 2018/02/14 13:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki