website_news:2018140207

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ចុះអនុស្សរណៈជាមួយមូលនិធិ ឈាន ឆាយ សហការគ្នាជួយពលករចំណាក់ស្រុក

http://cambodiapolice.com/blog/ 12:14 pm 14 កុម្ភះ 2018

ភ្នំពេញ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានធ្វើការចុះអនុស្សរណៈជាមួយសមាគមមូលនិធិ ឈាន ឆាយ ដើម្បីមនុស្សធម៌ ស្តីពីការទប់ស្កាត់អំពើជួញដូរមនុស្ស ជាពិសេសក្នុងចំណោមពលករទេសន្តរប្រវេសន៍នៅប្រទេសថៃ ហើយការចុះអនុស្សរណៈនេះ ក៏ដើម្បីសហការគ្នាជួយដល់ពលករ ខណៈពួកគេមានបញ្ហាអ្វីកើតឡើងជាដើមនោះ ។

ថ្លែងប្រាប់ដល់អ្នកសារព័ត៌មានក្រោយពីចុះអនុស្សរណៈនោះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឲ្យដឹងថា ការចុះអនុស្សរណៈជាមួយមូលនិធិ ឈាន ឆាយ នេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីសហការគ្នាជួយដល់បងប្អូនពលករខ្មែរដែលធ្វើការនៅប្រទេសថៃ ពេលដែលពួកគេមានបញ្ហាអ្វីកើតឡើងនោះ។ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងទៀតថា សមាគមមូលនិធិ ឈាន ឆាយ នេះគឺមានស្នាក់ការនៅក្រុងប៉ោយប៉ែត ជាប់និងជាយដែនកម្ពុជា-ថៃ ហើយមូលនិធិនេះ គឺមានបណ្តាញច្រើននៅក្នុងប្រទេសថៃ ដូច្នេះពេលដែលពលករខ្មែរយើងមានបញ្ហាអ្វីកើតឡើង គឺសមាគមន ឈាន ឆាយ នេះបានដឹង ហើយគេនឹងរាយការណ៍បន្តដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហើយក្រុមការងារយើងនឹងចុះដើម្បីជួយ និងអន្តរាគមន៍ដល់បងប្អូនពលករទាំងនោះតែម្តង។

បើតាមលោកជំទាវបានឲ្យដឹងផងដែរថា នាពេលខាងមុខនេះ រាជរដ្ឋាភិបាលដែលមាន ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទានឹងធ្វើកន្លែងស្នាក់នៅបណ្តោះអាសន្ននៅ នឹងច្រកក្រុងប៉ោយប៉ែត ជូនដល់បងប្អូនពលករខ្មែរដែលត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកវិញ ហើយស្របពេលដែលគេបញ្ជូនមកវិញនោះ ក្រុមការងារគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនឹងធ្វើការសាកសួរដល់ពួកគេអំពីមូលហេតុដែលកើតឡើងចំពោះពួកគេផងដែរ ៕

website_news/2018140207.txt · Last modified: 2018/02/14 14:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki