website_news:2018140303

ក្រសួមហាផ្ទៃបើកកិច្ចប្រជុំបញ្ហាជនទេសន្តប្រវេសន៍ ដើម្បីស្វែងរកភាពស្របច្បាប់ជូនពលករ

http://cambodiapolice.com/ 10:03 am 14 មីនា 2018

ភ្នំពេញ ៖ ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំក្រុមប្រទេសបញ្ជូនទាំង៣ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ក្រសួងមហាផ្ទៃបានបើកកិច្ចប្រជុំក្នុងការគ្រប់គ្រង និងការស្វែងរកភាពស្របច្បាប់ដល់ទេសន្តប្រវេសន៍ សម្រាប់ពលករខ្មែរកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ។ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ០១៨នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំអំពីការគ្រប់គ្រងទេសន្តប្រវេសន៍ ដែលកិច្ចពិភាក្សានេះ មានការចូលរួមពីរដ្ឋមន្ត្រីចំនួន៣បន្ថែម គឺរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ , រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ។ ក្នុងចំណោមក្រសួងពាក់ព័ន្ធចំនួន៦ មាន ក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងកិច្ចកានារី ។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍ គ.ជ.ប បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំ ថា កិច្ចប្រជុំនេះធ្វើឡើង ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំក្រុមប្រទេសបញ្ជូនទាំង៣ ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ២៩-៣០ ខែមីនា ដែលនឹងពិភាក្សាកំណត់រកបញ្ហាចំពោះជនទេសន្តប្រវេសន៍ និងភាពប្រឈមលើការងារគ្រប់គ្រងលំហូរទេសន្តប្រវេសន៍ ព្រមទាំងកំណត់ដំណោះស្រាយរួមគ្នា ដើម្បីអនុវត្តក្នុងក្របខណ្ឌប្រទេសទាំង៣ ដោយឈានទៅរកការលើកកម្ពស់សុវត្ថិភាព ផលប្រយោជន៍ស្របច្បាប់របស់ពលករដែលកំពុងធ្វើការនៅប្រទេសថៃ ។ លោកជំទាវ ជូ ប៊ុនអេង បន្តថា ការរៀបចំកិច្ចប្រជុំក្រុមប្រទេសបញ្ជូនទាំង៣នេះដល់ទេសន្តប្រវេសន៍ គឺដើម្បីរក្សាសុវត្ថិភាព រៀបរយ និងស្របច្បាប់នេះ ដើម្បីកាត់បន្ថយផលប៉ះពាលទៅលើមនុស្សក្នុងសង្គម ក៏ដូចជាទៅលើសេដ្ឋកិច្ច និងនយោបាយជាតិ ពិភពលោក ដែលកើតមកពីការរំលោភបំពាន កេងប្រវ័ញ្ច រត់ពន្ធ និងជួញដូរមនុស្សជាដើម ៕

website_news/2018140303.txt · Last modified: 2018/03/14 14:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki