website_news:2018140304

ឧទ្ធរណ៍ជម្រះក្ដីឡើងវិញ លើជនជាប់ចោទដែលជាប់គុក ១៥ ឆ្នាំតាំងពី ៩ ឆ្នាំមុន

http://www.postkhmer.com/ គឹម សារុំ | Publication date 13 March 2018 | 17:39 ICT

ភ្នំពេញៈ សាលាឧទ្ធរណ៍នៅថ្ងៃនេះ បានលើកសំណុំរឿងបុរសជាប់ចោទម្នាក់មកជម្រះឡើងវិញ តាមបង្គាប់របស់តុលាការកំពូល ពាក់ព័ន្ធនាំក្មេង ប្រុស-ស្រី ជាអនីតិជនចំនួន ១០ នាក់ ទៅធ្វើជាពលករនៅប្រទេសថៃ តាមច្រកចាំយាម ខេត្តកោះកុង កាលពីឆ្នាំ ២០០៩។ តាមអង្គហេតុរបស់នគរបាលខេត្តកោះកុង បានបង្ហាញថា កាលពីថ្ងៃ ២៦ ខែមករា ឆ្នាំ ២០០៩ ឈ្មោះ នាង រុណ អាយុ ៥៤ ឆ្នាំនៅថ្ងៃទី ៩ ខែ មករាឆ្នាំ ២០០៩ បានបើករថយន្តតាក់ស៊ីដឹកក្រុមជនរងគ្រោះ ប្រុស-ស្រី ចំនួន ១០ នាក់ ដើម្បីចូលធ្វើការនៅក្នុងប្រទេស ថៃ។ ប៉ុន្តែពេលជនជាប់ចោទបើករថយន្តដល់ច្រកចាំយាម ឃុំប៉ាកខ្លង ស្រុកដងទុង ខេត្តកោះកុង ដោយមានការសង្ស័យសមត្ថកិច្ចក៏ឃាត់រថយន្តនិងឃាត់ខ្លួនជនជាប់ជាប់តែម្តង។

សំណុំរឿងនេះ ត្រូវសាលាដំបូងខេត្តកោះកុងបើកសវនាការ និង ប្រកាសសាលក្រមនៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០០៩ ផ្តន្ទាទោសដាក់ពន្ធនាគារ ១៥ ឆ្នាំ ចោទបទ «ការនាំចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែននិងសមគំនិត» តាមបញ្ញត្តមាត្រា ១១ ច្បាប់ស្តីពី ការបង្ក្រាបការជួញដូរមនុស្សនិង មាត្រា ៦៨ នៃក្រមព្រហ្មទណ្ឌ។ ប៉ុន្តែជនជាប់ចោទមិនសុខចិត្តប្តឹងទាស់មក សាលាឧទ្ធរណ៍ ហើយត្រូវឧទ្ធរណ៍តម្កល់សាលក្រមនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១១ ហើយជនជាប់ចោទមិនសុខចិត្តប្តឹងសារទុក្ខទៅតុលាការកំពូលទៀតហើយត្រូវតុលាការកំពូលបើកសវនាការនិង ប្រកាសសាលដីកានៅថ្ងៃទី ៥ខែ មករា ឆ្នាំ ២០១២ ដោយសម្រេចបង្វិលសំណុំរឿងនេះមកសាលាទ្ធរណ៍ជម្រះឡើងវិញ។ ជនជាប់ចោទឆ្លើយប្រាប់ចៅក្រមនៅក្នុងបន្ទប់សវនាថា៖ «ខ្ញុំជាអ្នកបើកតាក់ស៊ីហើយក្រុមជនរងគ្រោះបានជួលរថយន្តខ្ញុំជិះដើម្បីឆ្លងដែនទៅប្រទេស ថៃ។ ខ្ញុំមិនបានជួយរត់ការធ្វើលិខិតឆ្លងដែនឲ្យពួកគេទេការបំពេញលិខិតទាល់តែសាម៉ីខ្លួនទៅផ្ទាល់ទើបធ្វើបាន។ ពួកគេចូលបំពេញបែបបទខ្លួនគេទេខ្ញុំសូមតុលាការដោះលែងខ្ញុំវិញផង»។ លោកស្រីព្រះរាជអាជ្ញា សា កញ្ញារិទ្ធ តំណាងមហាអយ្យការសន្និដ្ឋានថា៖«រឿងនេះបើតាមចម្លើយរបស់ជនចាប់ចោទមានលក្ខណៈស៊ីសង្វាក់នឹងអង្គហេតុ។ដូច្នេះសូមក្រុមប្រឹក្សាជំនុំជម្រះពិចារណាតាមច្បាប់»។

ដោយឡែក លោក គិន វិបុល ជាមេធាវីចាត់តាំងការពារសិទ្ធិឲ្យជនចាប់ចោទសន្និដ្ឋានថា រឿងនេះតុលាការថ្នាក់ក្រោមបានចោទកូនក្តីលោកពីបទ «ការនាំចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែននិងសមគំនិត» តាមបញ្ញត្តមាត្រា ១១ ច្បាប់ស្តីពី ការបង្ក្រាបការជួញដូរមនុស្សនិងមាត្រា ៦៨ នៃក្រមព្រហ្មទណ្ឌ។ ប៉ុន្តែ ត្រូវតុលាការកំពូលបង្គាប់ឲ្យឧទ្ធរណ៍ជំនុំជម្រះឡើងវិញ ព្រោះតុលាការកំពូលពិនិត្យឃើញថាកូនក្តីលោកមិនពាក់ព័ន្ធការទទួលលុយពីជនរងគ្រោះទេតែសាច់ញាតិគាត់ជាអ្នកទទួល។ លោកថ្លែងថា៖«គាត់អះអាងថាមិនបានទទួលលុយពីជនរងគ្រោះទេគាត់ថាគ្រាន់តែជូនពួកគេទៅតែប៉ុណ្ណោះ។តុលាការកំពូលចង្អុលមកឧទ្ធរណ៍វិញព្រោះមានវិមតិសង្ស័យច្រើនក្នុងរឿងនេះខ្ញុំសូមក្រុមប្រឹក្សាលើកលែងទោសឲ្យកូនក្តីខ្ញុំផង»។ បន្ទាប់ពីបើកសវនារជំនុំជម្រះ ប្រមាណជាងកន្លះម៉ោងមក លោកស្រីចៅក្រម គឹម ដានី ថ្លែងថា សាលដីកាសំណុំរឿងនេះប្រកាសនៅថ្ងៃទី២២ មីនា ខាងមុខ៕

website_news/2018140304.txt · Last modified: 2018/03/14 14:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki