website_news:2018140802

សមត្ថកិច្ចដោះលែងចិន៧នាក់វិញ បន្ទាប់ពីឃាត់ខ្លួនសាកសួររឿងផ្សព្វផ្សាយខិត្តប័ណ្ណបែបពេស្យាចារ

https://www.postkhmer.com/ ឃុត សុភចរិយា | Publication date 13 August 2018 | 20:09 ICT

ព្រះសីហនុៈ ជនជាតិចិន ៧ នាក់ ត្រូវបានក្រុមកម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ចាប់ឃាត់ខ្លួន ធ្វើការអប់រំណែនាំអស់រយៈពេលជាច្រើនម៉ោង បន្ទាប់ពីពួកគេ បានធ្វើសកម្មភាព ចែកខិត្តប័ណ្ណផ្សព្វផ្សាយអំពីសេវាកម្មម៉ាស្សា ដែលមានរូបភាពទាក់ទាញ បែបពេស្យាចារ នៅតាមទីសាធារណៈ ក្នុងក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។

លោក ភុល ភស្តា អធិការក្រុងព្រះសីហនុ បានថ្លែងថា កាលពីពេលថ្មីៗនេះ មានជនជាតិចិនមួយក្រុម បានប៉ុនប៉ងប្រកបមុខរបររកស៊ីខុសច្បាប់នៅកម្ពុជា តាមរយៈការបើកហាងម៉ាស្សា បង្កប់សេវាកម្មផ្លូវភេទ។ ក្រុមជនជាតិចិន ដ៏គួរឲ្យសង្ស័យទាំងនោះមានគ្នា ៧ នាក់ បានដើរផ្សព្វផ្សាយនិងចែកខិត្តបណ្ណម៉ាស្សា ដែលមានរូបភាពបែបពេស្យាចារ នៅតាមទីសាធារណៈ ក្នុងក្រុងព្រះសីហនុ ដែលនាំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋខែ្មរ។ លោក បានបន្តថា ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់និងរបៀបរៀបរយនៅក្នុងសង្គម ពិសេសលុបបំបាត់អំពើពេស្យាចារនៅក្នុងសង្គម នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នគរបាលក្រុងព្រះសីហនុ បានសហការគ្នាជាមួយកម្លាំងនគរបាលខេត្ត ស្រាវជ្រាវឆ្មក់ចាប់បានជនជាតិចិន ដែលដើរផ្សព្វផ្សាយចែកខិត្តបណ្ណម៉ាស្សានោះ បានចំនួន ៦ នាក់ រួមមានឈ្មោះ Lu Jian, Fan Chao Jun, Wen Xiao Hu, Ly Yuhang, Li Zhu Zhi, និងឈ្មោះ Li Ziming និង ដកហូតបានខិត្តប័ណ្ណ ជាច្រើនសន្លឹក។ លោកបានបញ្ជាក់ថា៖«ក្រោយការឃាត់ខ្លួន ពួកគេនិងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ ទៅតាមនីតិវិធីច្បាប់»។

ប៉ុន្តែក្រោយពីមន្ត្រីជំនាញ បានធ្វើការសាកសួរ និងបានបកប្រែអត្ថន័យនិងខ្លឹមសារនៃខិត្តប័ណ្ណឃោសនារបស់ពួកគេ ដែលសរសេរជាភាសាចិនរួច រកពុំឃើញមានពាក្យពេចន៍ណាមួយ ដែលពាក់ព័ន្ធដល់ការផ្ដល់សេវាកម្មផ្លូវភេទ ឬពេស្យាចារ ដែលជាអំពើខុសច្បាប់ នៅប្រទេសកម្ពុជានោះ ទើបសមត្ថកិច្ចសម្រេចធ្វើការដោះលែងពួកគេវិញ បន្ទាប់ពីពួកគេ បានចុះកិច្ចសន្យាបញ្ឈប់ការធ្វើសកម្មភាពឃោសនា ដោយប្រើប្រាស់រូបភាពក្នុងខិត្តប័ណ្ណបែបពេស្យាចារនេះតទៅទៀត។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ជួន ណារិន្ទ ស្នងការ ខេត្តព្រះសីហនុ។ លោកបានថ្លែងថា៖«យើងបានសម្រេចដោះលែងពួកគេ បន្ទាប់ពីរកមិនឃើញមានភ័ស្ដុតាងណាមួយពាក់ព័ន្ធដល់ការលួចលាក់ផ្ដល់សេវាកម្មផ្លូវភេទ។ ប៉ុន្តែបើសិនជាពួកគេនៅតែបន្តការដើរឃោសនាចែកខិត្តប័ណ្ណដែលមានរូបភាពបែបពេស្យាចារ យ៉ាងដូច្នេះទៀត យើងនឹងចាត់វិធានការទៅតាមច្បាប់របស់យើង»៕

website_news/2018140802.txt · Last modified: 2018/08/14 14:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki