website_news:2018141203

កម្ពុជានិងបណ្តាប្រទេសនៅលើពិភពលោករួមគ្នាដោះស្រាយបញ្ហាទេសន្តរប្រវេសន៍

http://bayontv.com.kh/ 13/12/2018

ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា នាពេលបច្ចុប្បន្ននេះប្រទេសកម្ពុជានិងបណ្តាប្រទេសនៅលើពិភពលោកទាំងអស់ បានកំពុងសហការរួមដៃគ្នា ដើម្បីដោះស្រាយបញ្ហាផ្សេងៗរបស់ទេសន្តរប្រវេសន៍ ខណៈករណីទេសន្តរប្រវេសន៍ គឺជាធនធានដ៏ធំមួយសម្រាប់អភិវឌ្ឍន៍ប្រទេសនីមួយៗ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីវិលត្រឡប់មកពីចូលរួម «វេទិកាពីភពលោក ស្តីពីទេសន្តរប្រវេសន៍ និង ការអភិវឌ្ឍន៍» និង«កិច្ចប្រជុំអន្តររដ្ឋាភិបាលជាន់ខ្ពស់ ដែលត្រូវអនុម័តលើកត្តិកាសញ្ញាពិភពលោកស្តីពីទេសន្តរប្រវេសន៍» នៅប្រទេសម៉ារ៉ុកនារសៀលថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ២០១៨នេះនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកជំទាវ ជូ ប៊ុនអេង បានលើក ឡើងថាទាក់ទងនិងករណីទេសន្តរប្រវេសន៍ គឺបានកើនឡើងនៅលើពិភពលោក ដូច្នេះហើយ អ្នកដឹកនាំប្រទេសនីមួយៗបានកំពុងរួមគ្នាដោះស្រាយ ដើម្បីធ្វើយ៉ាងណាកុំឲ្យពួកគេមានបញ្ហាអ្វីកើនឡើងឬរំលោភសិទ្ធិរបស់ពួកគេនិងក្រុមគ្រួសារ។

លោកជំទាវ រដ្ឋលេខាធិការក៏បានឲ្យដឹងផងដែរថា វេទិកាពីភពលោក ស្តីពី ទេសន្តរប្រវេសន៍និង ការអភិវឌ្ឍន៍នេះគឺបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គិតចាប់ ពីថ្ងៃទី ៥ ដល់ ៧ ខែ ធ្នូ ឆ្នាំ ២០១៨នឹងកិច្ចប្រជុំ អន្តររដ្ឋាភិបាលជាន់ខ្ពស់ ដែលត្រូវអនុម័តលើកត្តិកាសញ្ញាពិភពលោកស្តីពីទេសន្តរប្រវេសន៍ មានរយៈពេល២ ថ្ងៃ គិតចាប់ពី ថ្ងៃ ទី ១០ ដល់ ១១ ខែ ធ្នូ ឆ្នាំ ២០១៨ដោយមានថ្នាក់ដឹកនាំនៃបណ្តាប្រទេសនៅលើពិភពលោកជិតពីររយប្រទេសចូលរួម។ លោកជំទាវបានបន្ថែមថា វេទិកានេះគឺបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ហើយក៏ជាការផ្លាស់ប្តូរការដោះស្រាយនូវបទពិសោធន៍នានាទាក់ទងនឹងបញ្ហាទេសន្តរប្រវេសន៍ពីបណ្តាប្រទេសនានាជូនដល់កម្ពុជាផងដែរ ខណៈបច្ចុប្បន្នប្រទេសកម្ពុជាមានប្រជាជនរបស់ខ្លួនធ្វើទេសន្តរប្រវេសទាំងស្របច្បាប់និងខុសច្បាប់ជាងមួយលាននាក់នោះ៕

website_news/2018141203.txt · Last modified: 2018/12/14 14:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki