website_news:2018141204

អារ៉ាប៊ីសាអូឌីត ស្នើឲ្យមានពលករខ្មែរ ទៅធ្វើការនៅ ប្រទេសខ្លួន

https://www.dap-news.com/ ByID:030 Posted on 13 December 2018 | 19:04

ភ្នំពេញ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធាន អចិន្ត្រៃយ៍ នៃគណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងថា ថ្នាក់ដឹកនាំប្រទេសអារ៉ាប៊ីសាអូឌីត មានគោលបំណងស្នើសុំឲ្យ មានពលករខ្មែរទៅធ្វើការ នៅប្រទេសរបស់ខ្លួន ក្នុងពេលដែលពលករខ្មែរ បានចំណាកស្រុក ទៅធ្វើការនៅជាច្រើន តែសម្រាប់អារ៉ាប៊ីសាអូឌីត ពុំមានពលករខ្មែរ ពីមុនមកទេ។

ក្នុងសន្និសីទសារព័ត៌មាន ក្រោយចូលរួមកិច្ចប្រជុំ នៃការទប់ស្កាត់ការជួញដូរមនុស្ស នៅប្រទេស ម៉ារ៉ុក ស្ដីពី “ដំណើរ វេទិកា ពិភពលោកស្ដីពី ទេសន្តរប្រវេស និងការអភិវឌ្ឍ” នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ លោកស្រី ជូ ប៊ុនអេង បានមានប្រសាសន៍ថា “ប្រទេសអារ៉ាប៊ីសាអូឌីតដែលបានជួបសន្ទនា ជាមួយខ្ញុំគាត់បានប្រាប់ថា អារ៉ាប់មានបំណងឲ្យមានពលករខ្មែរទៅធ្វើការនៅប្រទេសគាត់”។

ចំពោះ បញ្ហានេះ លោកស្រីក៏បានស្នើសុំឲ្យកំណត់ វិស័យទំាងឡាយដែលអាចបញ្ជូន ពលករ ទៅធ្វើការបាន ។ ក្នុងនោះលោកស្រីអះអាងថា ខាងអារ៉ាប៊ីសាអូឌីតបានឆ្លើយថា វិស័យដែលទៅ ធ្វើការនៅអារ៉ាប់ មិនមែនយកអ្នកគ្មានជំនាញទេ គឺអាចមានជាវិស្វករ ជំនួយការវិជ្ជសាស្ត្រ និងផ្នែក ផ្សេងៗទៀត ហើយក៏បានស្នើភាគីកម្ពុជា គួរតែត្រៀមខ្លួនឲ្យបានល្អ ក្នុងការបណ្ដុះបណ្ដាលនូវ ធនធាន របស់ខ្លួន ដើម្បីមានភាពងាយស្រួល ទៅធ្វើការនៅក្រៅប្រទេស ។

លោកស្រីបន្ថែមថា កម្ពុជា-អារ៉ាប៊ីសាអូឌីតនឹងមានអនុស្សារណៈចុះកិច្ចព្រមព្រៀងជាមួយគ្នាដើម្បីការពារពលករ។ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក៏បានសង្កត់ធ្ងន់ថា ក្រោយមានសំណើបែបនេះ ក៏បានបញ្ជូនព័ត៌មានទៅក្រសួង ការងាររួចហើយ ដើម្បីត្រៀមខ្លួនជួបពិភាក្សាជាមួយសហភាពអារ៉ាប៊ីត ដែលចង់ឲ្យមានការជួបប្រជុំឆាប់ៗនេះ គឺយ៉ាងយូរ ត្រឹមត្រីមាសទីមួយ ឆ្នាំ២០១៩ ៕ ដោយ នឿត សម្ផស្ស

website_news/2018141204.txt · Last modified: 2018/12/14 14:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki