website_news:2018141205

តុលាការសាកសួរ ប្រធានសហជីពម្នាក់ ករណីផលិតខ្សែវីដេអូ “ម្ដាយខ្ញុំ លក់ខ្ញុំ”

https://www.dap-news.com/ ByID:112 Posted on 13 December 2018 | 16:39

ភ្នំពេញ ៖ នគរបាលក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ បញ្ជូនប្រធានសហជីពកម្មករសំណង់ម្នាក់ ដែលមានមូលដ្ឋាននៅប្រទេសថៃ មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណី ផលិតខ្សែវីដេអូរឿង “ម្ដាយខ្ញុំ លក់ខ្ញុំ” ។

លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ជនសង្ស័យក្នុងរឿងក្ដីនេះ ឈ្មោះ រ៉ាត់ រដ្ឋមុនី ត្រូវបានលោក ខៀវ ផល្លា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការសាកសួរ ។

កាលពីសប្ដាហ៍មុន អ្នកស្រី ឡុង គីមហ៊ាង ត្រូវជាភរិយាលោក រ៉ាត់ រដ្ឋមុនី បានប្រាប់អ្នកកាសែតថា ស្វាមីរបស់អ្នកស្រីឈ្មោះ រ៉ាត់ រដ្ឋមុនី ជាភ្នាក់ងារសារព័ត៌មានរុស្ស៊ីធូដេ RT ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន ហើយបញ្ជូនមកឲ្យរាជរដ្ឋាភិបាលកម្ពុជាវិញតាមការស្នើសុំ ។ អ្នកស្រី ឡុង គឹមហ៊ាង អះអាងថា ការចាប់ខ្លួនស្វាមីពាក់ព័ន្ធការផលិតវីឌីអូឯកសារមានចំណងជើងថា “ម្តាយខ្ញុំលក់ខ្ញុំ” របស់សារព័ត៌មានរុស្ស៊ីធូដេ (RT)។ សូមបញ្ជាក់ថា “ម្តាយខ្ញុំលក់ខ្ញុំ” និយាយពីស្ត្រីខ្មែរលក់កូនស្រីខ្លួនឯងដោយសារតែជីវភាពខ្វះខាត និងរៀបរាប់ពីស្ថានភាព នៃការប្រកបអាជីវកម្មផ្លូវភេទនៅកម្ពុជា បានធ្វើឲ្យរាជរដ្ឋាភិបាលខឹងសម្បារព្រោះជាការមួលបង្កាច់កិត្យានុភាព កិតិ្តយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ។ សមត្ថកិច្ចកម្ពុជាបានបកស្រាយថា វីឌីអូនោះគឺជាការប្រឌិតឡើងដើម្បីធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជា ។

លោក រ៉ាត់ រដ្ឋមុនី ប្រធានសហព័ន្ធសហជីពកម្មករ សំណង់កម្ពុជា (CCTUF) ត្រូវបានអាជ្ញាធរថៃ ចាប់ខ្លួននៅក្នុងទីក្រុង បាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ ធ្នូ ពាក់ព័ន្ធការផលិត យន្តឯកសារស្តីពីការលក់ កូនស្រី។ ការចាប់ខ្លួននេះ គឺធ្វើឡើងតាមសំណើផ្លូវការ របស់អាជ្ញាធរកម្ពុជា៕ គិរី

website_news/2018141205.txt · Last modified: 2018/12/14 14:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki