website_news:2018141206

សង្គមស៊ីវិលរិះគន់របបក្រុងភ្នំពេញដែលមិនអាចទប់ស្កាត់ចំណាកស្រុកខុសច្បាប់បាន

https://www.rfa.org/khmer/news/ ដោយ ម៉ៅ សុធានី 2018-12-12

មន្ត្រីកម្មវិធីសិទ្ធិការងារនៃអង្គការសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់(Central) លោក ឌី ថេហូយ៉ា និយាយថា កត្តាដែលជំរុញពលករខ្មែរចេញទៅធ្វើការងារនៅប្រទេសថៃខុសច្បាប់ព្រោះការបំពេញបំពេញឯកសារគឺភាគស្មុគស្មាញ ប្រើរយៈពេលយូរ និងចំណាយអស់លុយច្រើន។ ដូច្នេះមន្ត្រីសង្គមស៊ីវិលរូបនេះ យល់ថា ការទប់ស្កាត់ឬការមានវិធានការត្រឹមស្វែងចាប់មេខ្យល់គឺមិនទាន់គ្រប់គ្រាន់ទេ៖ «ឯកសារធ្វើម៉េចឲ្យមានគ្រប់គ្នាមានលទ្ធភាពធ្វើ រយៈពេលនៃភាពស្របច្បាប់កុំឲ្យរង់ចាំរយៈពេលវែងពេក ហើយកុំឲ្យមានភាពស្មុគស្មាញនៃការធ្វើឯកសារ និងអស់លុយច្រើនពេក»។លោកថា សមត្ថកិច្ចថៃកំពុងសម្រុកចុះចាប់ពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅខុសច្បាប់លើទឹកដីថៃស្ទើររាល់ថ្ងៃ។ ជាងនេះទៅទៀត ពលករខ្មែរដែលត្រូវសមត្ថកិច្ចថៃចាប់ទៅដល់ទឹកដីខ្មែរហើយនោះពួកគេនៅតែបន្តលួចឆ្លង និងធ្វើការងារខុសច្បាប់ដដែល។ ប្រតិកម្មរបស់សង្គមស៊ីវិលដោយសារតែរបបក្រុងភ្នំពេញ ប្រកាសធ្វើយុទ្ធនាការបង្ក្រាប លើមេខ្យល់នាំពលករទៅធ្វើការងារនៅថៃខុសច្បាប់។

អ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បាននិយាយថា ដើម្បីទប់ស្កាត់ចំណាកស្រុកខុសច្បាប់របស់ពលករខ្មែរនៅប្រទេសនៅពេលនេះ សមត្ថកិច្ចកម្ពុជា កំពុងស្វែងរកចាប់មេខ្យល់ដែលនាំពលករទៅធ្វើការងារខុសច្បាប់នៅថៃ។ លោកបន្តថា ក្រុមមេខ្យល់ទាំងនេះគឺជាប្រភពដ៏សំខាន់មួយនៃការលួចនាំយកពលករទៅធ្វើការងារខុសច្បាប់៖ «ដើម្បីការពារនៃការជួញដូរនៃការជួញមនុស្សពីមេខ្យល់នៅក្នុងចំណុចឆ្លើយតបហ្នឹងយើងបានធ្វើការបង្ក្រាបមេខ្យល់»។

រីឯមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ឲ្យអាស៊ីសេរីដឹងថា ក្រុមពលរដ្ឋដែលត្រូវបញ្ជូនត្រឡប់មកកម្ពុជាទាំងនោះបាននាំគ្នាត្រឡប់ទៅធ្វើការងារនៅប្រទេសខុសច្បាប់វិញតាមច្រករបៀង។ លោកថា គឺអាជ្ញាធរនៅតាមច្រកទាំងនោះបានលុយពីពលករជាថ្នូរនៃការឆ្លងដែនខុសច្បាប់នេះ៖ «គឺទាក់ទងទៅតាមច្រកអូរបីជាន់ តាមច្រកម៉ាឡៃ ច្រកអូរជ្រៅក៏មានច្រើន អ្នកទទួលបានផលប្រយោជន៍ហ្នឹងធ្វើជាអ្នកមានអ្នកបានទិញឡានទិញអីជិះ»។

របាយការណ៍ក្រសួងមហាផ្ទៃបង្ហាញថា គិតត្រឹមពាក់កណ្ដាលឆ្នាំ២០១៨ ពលករខ្មែរ ១លាន ៥ម៉ឺននាក់ កំពុងបម្រើការងារនៅក្នុងប្រទេសថៃ ក្នុងនោះពលករស្របច្បាប់មានត្រឹមតែជិត ៥៥ម៉ឺននាក់ប៉ុណ្ណោះ។ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានបង្ហាញរបាយការណ៍រយៈពេល១០ខែ ឆ្នាំ២០១៨ ថា សមត្ថកិច្ចថៃបានបញ្ជូនពលករខ្មែរដែលធ្វើការងារខុសច្បាប់នៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតជិត ៣ម៉ឺននាក់៕

website_news/2018141206.txt · Last modified: 2018/12/14 14:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki