website_news:2018141211

មន្ទីរការងារពិន័យចិនជាង ១ ពាន់នាក់ស្នាក់នៅធ្វើការងារដោយគ្មានចុះបញ្ជី

https://www.postkhmer.com/ សុទ្ធ គឹមសឿន | Publication date 14 December 2018 | 09:07 ICT

ស្វាយរៀង: ជនជាតិចិនចំនួនជាង ១ ពាន់នាក់ត្រូវបានផាកពិន័យ បន្ទាប់ពីមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀង និងសមត្ថកិច្ចចម្រុះបានរកឃើញថា កំពុងស្នាក់នៅ និងធ្វើការខុសច្បាប់នៅក្នុងកាស៊ីណូ ១ នៅក្រុងបាវិត។ យោងតាមលោក ហាស់ ប៊ុនធី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្តស្វាយរៀង។ លោក ហាស់ ប៊ុនធី បានថ្លែងថាជនជាតិចិនចំនួន ១២៧៣ នាក់ក្នុងចំណោមជាង ២ ពាន់នាក់ត្រូវបានសមត្ថកិច្ចចម្រុះរកឃើញថា ពួកគេកាន់លិខិតឆ្លងដែនប្រភេទ E មកស្នាក់នៅប្រកបមុខរបរការងារគ្មានចុះបញ្ជី ឬធ្វើសៀវភៅការងារ។ ក្រោយពេលរកឃើញ មន្ត្រីជំនាញបានប្រាប់ និងណែនាំឲ្យពួកគេទៅបង់ប្រាក់ពិន័យ និងចុះបញ្ជីសៀវភៅការងារតាមច្បាប់នៅប្រទេសកម្ពុជា។ លោកបន្តថាការចុះធ្វើអធិការកិច្ចរកជនបរទេសរស់នៅ និងធ្វើការខុសច្បាប់ត្រូវបានធ្វើចាប់ពីដើមខែវិច្ឆិការហូតថ្ងៃទី ១១ ខែធ្នូ ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅទូទាំងក្រុងបាវិតនៅថ្ងៃទី ៣១ ធ្នូ ខាងមុខនេះ។ ក្រុងបាវិតមានកាស៊ីណូកំពុងដំណើរការចំនួន ១២ កាស៊ីណូក្នុងនោះជនបរទេសជាជនជាតិចិនភាគច្រើនធ្វើការងារនៅក្នុងកាស៊ីណូចំនួន ៣ រួមមាន កាស៊ីណូម៉ុកបាយ កាស៊ីណូហ្គ្រោន និងកាស៊ីណូឡឺម៉ាកាវ។

លោក ហាស់ ប៊ុនធី បានបញ្ជាក់ថា៖ «យើងមិនបានឃាត់ខ្លួនទេ គឺគ្រាន់តែតម្រូវឲ្យពួកគាត់បង់ប្រាក់ផាកពិន័យតាមច្បាប់ការងារកម្ពុជាយើង។ ឥឡូវពួកគាត់បាននាំគ្នាមកបង់ប្រាក់ និងធ្វើសៀវភៅការងារជាបណ្ដើរៗហើយ។ យើងធ្វើបណ្ដើរៗអ៊ីចឹងរហូតដល់ថ្ងៃទី ៣១ ធ្នូ ខាងមុខនេះព្រោះការងារនេះយើងត្រូវធ្វើជារៀងរាល់ឆ្នាំ»។ លោកបន្ថែមថាការងារនេះមានក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេសមកពីអគ្គនាយកដ្ឋានអន្តោប្រវេសន្ត៍នៃក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានការងារ,ស្នងការដ្ឋាននរគបាលខេត្ត និងមន្ទីរការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ។ ចំណែកលោក អ៊ូ សុខឿន អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបានឲ្យដឹងថាចាប់តាំងពីដើមឆ្នាំ ២០១៨ នេះមានជនបរទេសបានមកចុះបញ្ជីធ្វើសៀវភៅការងារក្នុងរដ្ឋបាលខេត្តស្វាយរៀងមានចំនួន ១១,០១៥ នាក់មាន ២៦ សញ្ជាតិក្នុងនោះភាគច្រើនជាជនជាតិចិន។ ក្នុងនោះមានជនបរទេសស្នាក់នៅប្រកបមុខរបររកស៊ី និងធ្វើការងារឆ្នាំ ២០១៨ នៅក្រុងបាវិតចំនួនជិត ២ ម៉ឺននាក់ ហើយមកធ្វើសៀវភៅការងារតែចំនួន ១១ ០១៥ នាក់ប៉ុណ្ណោះដូច្នេះជនបរទេសជាង ៨ ពាន់នាក់កំពុងប្រកបមុខរបររកស៊ី និងធ្វើការងារអត់ចុះបញ្ជីធ្វើសៀវភៅការងារនៅក្រុងបាវិត។

តាមសេចក្តីជូនដំណឹងរដ្ឋបាលខេត្តស្វាយរៀង បានចេញកាលពីដើមខែវិច្ឆិកានេះបង្ហាញថាម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ដែលកំពុងប្រកបអាជីវកម្មដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន រមណីយដ្ឋាន ម៉ាស្សា ខារ៉ាអូខេ ក្លិបកម្សាន្ត ឌីស្កូថេក បៀរហ្គាដិន និងសេវាកម្មទេសចរណ៍ទាំងអស់ ដែលមានអាជ្ញាប័ណ្ណផុតសុពលភាពត្រូវរួសរាន់ដាក់ពាក្យសុំអាជ្ញាប័ណ្ណជាថ្មី។ ចំពោះអ្នកប្រកបអាជីវកម្មមិនធ្លាប់មានអាជ្ញាប័ណ្ណតាំងពីដើមត្រូវមកដាក់ពាក្យសុំអាជ្ញាប័ណ្ណឲ្យបានត្រឹមត្រូវតាមច្បាប់នៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តស្វាយរៀង ឬនៅការិយាល័យច្រកចេញចូលតែ ១ ក្រុងបាវិត និងក្រុងស្វាយរៀងគិតចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ ជាកំណត់។ ចំពោះម្ចាស់អាជីវកម្មដែលមានអាជ្ញាប័ណ្ណផុតសុពលភាពម្ចាស់អាជីវកម្មទាំងនោះត្រូវដាក់ពាក្យសុំទៅក្រសួងទេសចរណ៍៕ Contact author: សុទ្ធ គឹមសឿន

website_news/2018141211.txt · Last modified: 2018/12/14 14:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki